អ្នកភូមិ ៣៨គ្រួសារ បានប្រតិកម្មចំពោះសាលក្រមព្រហ្មទណ្ឌរបស់តុលាការខេត្តបាត់ដំបង ដែលបានកាត់ទោសពួកគាត់ ៦នាក់ ដាក់ពន្ធនាគារ ២ឆ្នាំ និងបង្គាប់ឲ្យពួកគាត់រួមគ្នាសងសំណងជំងឺចិត្ត ចំនួន ៤០លានរៀល ទៅឲ្យភាគីដើមបណ្ដឹងម្នាក់ឈ្មោះ អៀង អឿន។
ការសម្រេចក្ដីនេះបានធ្វើក្រុមអ្នកភូមិនិងមន្ត្រីអង្គការសិទ្ធិមនុស្ស រិះគន់ដោយចោទថា តុលាការបានអនុវត្តលំអៀងទៅរកបុគ្គលមានលុយកាក់ និងពុំបានឈរលើភស្តុតាងជាក់លាក់នោះឡើយ។
មន្ត្រីសិទ្ធិមនុស្សស្នើឲ្យតុលាការខេត្តបាត់ដំបង ផ្អាកការអនុវត្តសាលដីកា និងសាលក្រមព្រហ្មទណ្ឌនានា ដែលមានជាប់ពាក់ព័ន្ធទៅនឹងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយកន្លែងទំហំ ១៦១ហិកតារ នៅចំណុចអតីតអូរវល្លិ៍ប្រេង បច្ចុប្បន្នឋិតនៅភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលកើតមានទំនាស់រវាងអ្នកភូមិ ៣៨គ្រួសារ និងបុគ្គល ២នាក់ ឈ្មោះ អៀង អឿន ឈ្មោះ ម៉ុន នីកា អស់រយៈពេលជាង ១០ឆ្នាំកន្លងមកនេះ។
អ្នកសម្របសម្រួលសមាគមអាដហុក លោក យិន ម៉េងលី ថ្លែងថា ក្នុងរយៈពេលជាបន្តបន្ទាប់មកនេះ លោកសង្កេតឃើញថា ស្ថាប័នតុលាការពុំបានរួមចំណែកក្នុងដោះស្រាយទំនាស់ដីធ្លីនេះទេ ប៉ុន្តែពួកគេបានរួមចំណែកក្នុងការដាក់ទណ្ឌកម្មបង្កភាពស្មុគស្មាញពិបាកដោះស្រាយកាន់តែច្រើនឡើង៖ «ហើយបើសិនតុលាការនៅតែធ្វើរបៀបនេះ ប្រជាពលរដ្ឋក្តី សហគមន៍អន្តរជាតិក្តី ដែលតែងតែនាំគ្នាកង្វល់ រិះគន់ថា ជាស្ថាប័នមិនឯករាជ្យ មិនអព្យាក្រឹត ហើយប្រជាពលរដ្ឋនៅតែស្រែកអយុត្តិធម៌ សូមឲ្យផ្អាកការអនុវត្តទាំងអស់ យើងអត់ប្រឆាំងទេទៅនឹងសាលក្រម និងសាលដីកា ក៏ប៉ុន្តែយើងសុំឲ្យផ្អាករកឲ្យឃើញសិននៅចំណុចនិយាមកានៃប័ណ្ណហ្នឹង ព្រោះប័ណ្ណកម្មសិទ្ធិវាមានវិការៈ មានការកោសលុប ហើយសាលក្រមដែលចេញមក យោងលើប័ណ្ណកម្មសិទ្ធិហ្នឹង គឺអនុវត្តមិនបានត្រឹមត្រូវ»។
កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤ លោក តូច សុភក្តី តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានចេញដីកាបង្គាប់អនុវត្តដោយស្ម័គ្រចិត្ត ដោយបានសម្រេចផ្ដន្ទាទោសអ្នកភូមិចំនួន ៦នាក់ ដាក់ពន្ធនាគារម្នាក់ៗ ២ឆ្នាំ គិតពីថ្ងៃចាប់ខ្លួនយកមកអនុវត្តទោសតាមអំណាចសាលក្រម និងបានសម្រេចឲ្យអ្នកភូមិទាំង ៦នាក់ រួមគ្នាសងសំណងជំងឺចិត្តចំនួន ៤០លានរៀលទៅឲ្យដើមបណ្ដឹង រដ្ឋប្បវេណីឈ្មោះ អៀង អឿន។
អ្នកភូមិទាំង ៦នាក់នោះ មានឈ្មោះ ឈូម ផល្លា ឈ្មោះ ទិត្យ ប៊ុនធឿន ឈ្មោះ គង់ ចាន់មុន្នី ឈ្មោះ យឹម បាន ឈ្មោះ ជឹម កែវ និងឈ្មោះ មុត ឡៃ បច្ចុប្បន្នរស់នៅឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។ លោក គង់ ចាន់មុន្នី បានហៅសាលក្រមរបស់តុលាការខេត្តបាត់ដំបងនោះថា ជាសាលក្រមអយុត្តិធម៌។
លោកបន្តថា នៅក្នុងអង្គជំនុំជម្រះកន្លងមកនេះ ចៅក្រមបានបិទសិទ្ធិសេរីភាពមិនឲ្យអ្នកភូមិសួរនាំ។ ម្យ៉ាងវិញទៀត ចៅក្រមតុលាការខេត្តបាត់ដំបង មានចេតនាបិទបាំងប័ណ្ណកម្មសិទ្ធិដីធ្លី ២២ប័ណ្ណរបស់បុគ្គលឈ្មោះ អៀង អឿន ដែលមានភាពមិនប្រក្រតី៖ «អ៊ីចឹងគាត់រកម្ចាស់កម្មសិទ្ធិករហ្នឹងមិនទាន់ច្បាស់លាស់ទេ ហើយគាត់ចេះតែសម្រេច សម្រេចហើយអោយពួកខ្ញុំអនុវត្តតាម អ៊ីចឹងពួកខ្ញុំយល់ឃើញថា មនុស្សម្នាក់អង្គុយតែវេរដាក់ពិន្ទុ ដាក់ទោសទណ្ឌទៅលើបុគ្គលដទៃទៀតពីចម្ងាយ អ៊ីចឹងខ្ញុំយល់ឃើញថា វាអត់ត្រឹមត្រូវ ខ្ញុំមិនអាចទទួលយកបាន»។
វិទ្យុអាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីលោក តូច សុភក្តី តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ជុំវិញការលើកឡើងរបស់អ្នកភូមិនេះទេ។ យ៉ាងណាក៏ដោយ នៅក្នុងដីកាលេខ៥១ ចុះកាលបរិច្ឆេទកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤ របស់តុលាការខេត្តបាត់ដំបង គឺបានសម្រេចតាមអំណាចសាលដីកាព្រហ្មទណ្ឌលេខ ៤៧ ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៣ របស់សាលាឧទ្ធរណ៍ ដែលបានសម្រេចតម្កល់សាលក្រមព្រហ្មទណ្ឌលេខ ១២ ចុះថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០១២ របស់សាលាដំបូងខេត្តបាត់ដំបង។
ទោះយ៉ាងនេះក្ដី ក្រុមអ្នកភូមិនៅតែបន្តរិះគន់ចំពោះការសម្រេចក្ដីនេះ។
លោក ទិត្យ ប៊ុនឈឿន យល់ថា ដីកានោះមានភាពមិនប្រក្រតី និងពោរពេញទៅដោយភាពមិនសុចរិតដែលអនុវត្តដោយស្ថាប័នតុលាការ។ កន្លងមកលោកថា មន្ត្រីតុលាការពុំបានចុះទៅពិនិត្យរកឲ្យឃើញពីទីតាំងដីមានទំនាស់នោះឡើយ ហើយពួកគេគ្រាន់តែអង្គុយសម្រេចក្ដី ដាក់សម្ពាធមកលើអ្នកភូមិទាំងអយុត្តិធម៌៖ «ប្រព័ន្ធតុលាការនៅក្នុងស្រុកខ្មែរមិនដឹងធ្វើម៉េច គាត់ចេះតែសម្រេច អត់មានចុះអង្កេតឲ្យបានច្បាស់លាស់ពិតប្រាកដថា តើអ្នកណាជាម្ចាស់ដី អ្នកណាជាអ្នកកាន់កាប់ដីហ្នឹងពិតប្រាកដ ហើយជឿទៅតាមពាក្យគេម្ខាងដែលគេថា អាស្រ័យផលរាប់ឆ្នាំមកហើយ ប៉ុន្តែតាមពិតទៅវាមិនមាន រហូតមកដល់បច្ចុប្បន្ន វាមិនមាន មានតែដីប្រជាពលរដ្ឋអាស្រ័យផលរហូត»។
ពាក់ព័ន្ធករណីជម្លោះដីធ្លីនេះ ក្រុមការងារអង្គការក្រៅរដ្ឋាភិបាល និងក្រុមការងាររបស់ គណៈកម្មការសិទ្ធិមនុស្សរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់។
លោក យិន ម៉េងលី បញ្ជាក់ថា ក្រុមការងារចម្រុះនេះនឹងធ្វើដំណើរមកដល់ខេត្តបាត់ដំបង ក្នុងពេលឆាប់ៗនេះ ដើម្បីតាមដានលើលិខិតអន្តរាគមន៍របស់ខ្លួនដែលដាក់ជូនតុលាការលើករណីជម្លោះដីធ្លី រវាងអ្នកភូមិចំនួន ៣៨គ្រួសារជាមួយបុគ្គលឈ្មោះ អៀង អឿន នេះ។
លោក យិន ម៉េងលី៖ «តុលាការក៏បានដឹង ជាពិសេស លោកព្រះរាជអាជ្ញា និងលោកប្រធានតុលាការបានដឹងហើយ រឿងនេះធ្លាប់បានជជែកជាមួយសង្គមស៊ីវិលហើយ ដើម្បីដោះបញ្ហានេះ តែអត់អាចដោះបាន អ៊ីចឹងបានខ្ញុំចេះតែឆ្ងល់ថា តើនៅកម្ពុជាយើងអាចមានទេស្ថាប័ន ឬក៏យើងទុកឲ្យបញ្ហាហ្នឹងធ្វើតាមអំពើចិត្តទៅ អ៊ីចឹងរឿងតាំងពីឆ្នាំ២០០០ និង២០០១ មករហូតមក... យើងគិតមើលជាង ១០ឆ្នាំហើយ អត់មានស្ថាប័នណាយកចិត្តទុកដាក់ទេ»។
កាលពីថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០១៤ អ្នកភូមិ ៧នាក់ តំណាងឲ្យអ្នកភូមិ ៣៨គ្រួសារ បានដាក់លិខិតមួយជូនអភិបាលខេត្តបាត់ដំបង ដើម្បីសុំកិច្ចអន្តរាគមន៍ជួយដោះស្រាយក្នុងករណីទំនាស់ដីធ្លីនេះ។ នៅក្នុងលិខិតនោះបញ្ជាក់ថា ផលវិបាកក្នុងការតស៊ូមតិផ្លូវច្បាប់ អ្នកភូមិមួយចំនួនត្រូវបានគេចាប់ដាក់គុកជាច្រើនដង ហើយបច្ចុប្បន្នកំពុងប្រឈមទៅការចាប់ខ្លួនតាមអំណាចសាលក្រម សាលដីកាសាលាឧទ្ធរណ៍ ដែលបានសម្រេចក្ដី ដោយពុំបានពិចារណាតាមអង្គហេតុ អង្គច្បាប់ និងស្ថានភាពជាក់ស្ដែងនៃការកាន់កាប់ដីរបស់ប្រជាពលរដ្ឋនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។