ប្រជាពលរដ្ឋនៅខេត្តបាត់ដំបង ៥៧គ្រួសារ ដែលមានទំនាស់ដីធ្លីជាមួយមន្ត្រីយោធាក្រសួងការពារជាតិ នៅស្រុកថ្មគោល អំពាវនាវឲ្យអាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធពន្លឿនការដោះស្រាយប្រគល់ដីឲ្យបានឆាប់ៗ ដើម្បីដាំដុះឲ្យទាន់រដូវវស្សាខាងមុខ។ អ្នកភូមិស្វែងរកកិច្ចអន្តរាគមន៍ពីសំណាក់អាជ្ញាធរពាក់ព័ន្ធអស់ជិត ២០ឆ្នាំមកហើយ ក៏ប៉ុន្តែពុំទទួលបានលទ្ធផលនៅឡើយទេ។
ប្រជាពលរដ្ឋនៅស្រុកថ្មគោល អះអាងថា ការទាមទាររបស់ពួកគេកន្លងមកអាជ្ញាធរស្រុក និងខេត្តបាត់ដំបង បានត្រឹមតែសន្យាជាមួយប្រជាពលរដ្ឋជាបន្តបន្ទាប់ ដោយពុំមានដំណោះស្រាយទេ។
តំណាងប្រជាពលរដ្ឋម្នាក់ ឈ្មោះ លោកស្រី ចក់ សុខ រស់នៅភូមិក្រួស ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ថ្លែងនៅថ្ងៃទី៦ មេសា ថា ដីធ្លីដែលមានទំនាស់នោះមានចំនួន ១១៤ហិកតា នៅចំណុចភូមិក្រួស នៃឃុំអន្លង់រុន។ លោកស្រីបន្តថា ដីចំនួននេះ ដើមឡើយជារបស់ប្រជាពលរដ្ឋចំនួន ៥៧គ្រួសារ មានប័ណ្ណកម្មសិទ្ធិកាន់កាប់ស្របច្បាប់ដែលចេញដោយអាជ្ញាធរស្រុកត្រឹមត្រូវ។ ដីនេះប្រជាពលរដ្ឋមានទំនាស់ជាមួយមន្ត្រីទាហាននៃក្រសួងការពារជាតិ ម្នាក់ឈ្មោះ លោក ទា ឡេង និងប្រធានអង្គភាពដោះមីនកម្ពុជា ស៊ីម៉ាក (CMAC) ឈ្មោះលោក ហេង រតនាពិសាល រួមនឹងអ្នកមានទ្រព្យធនក្នុងខេត្តបាត់ដំបង ម្នាក់ទៀត ដោះស្រាយមិនចេញជិត ២០ឆ្នាំមកហើយ។
លោកស្រីបន្ថែមថា ចាប់តាំងពីមានទំនាស់មក ធ្វើឲ្យអ្នកភូមិមិនអាចទៅបង្កបង្កើនផលនៅលើដីនោះបានដូចពេលមុនៗទៀតឡើយ៖ «តាំងពីមានទំនាស់នៅឆ្នាំ១៩៩៦ មក គឺខ្ញុំប្ដឹងទៅឲ្យដោះស្រាយតាំងពីអាជ្ញាធរថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ជាតិជាបន្តបន្ទាប់ តែពុំមានស្ថាប័នណាដោះស្រាយឲ្យពួកយើងខ្ញុំទេ»។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងលោក ទា ឡេង និងមន្ត្រីស៊ីម៉ាក ដើម្បីអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី៦ មេសា។ ប៉ុន្តែមេឃុំអន្លង់រុន លោក មល់ រួម មានប្រសាសន៍ទទួលស្គាល់ថា ដីដែលមានទំនាស់នោះប្រជាពលរដ្ឋទាំង ៥៧គ្រួសារ ពិតជាមានប្លង់កម្មសិទ្ធិកាន់កាប់មែន ប៉ុន្តែដីនោះប្រជាពលរដ្ឋមិនបានទៅដាំដុះ និងកាន់កាប់នៅលើដីនោះឲ្យបានជាប្រចាំដូចគូភាគីទំនាស់ម្ខាងទៀតនោះទេ។
លោកបន្តថា បញ្ហានេះធ្វើឲ្យអាជ្ញាធរពិបាកក្នុងការដោះស្រាយប្រគល់ដីនោះតាមការទាមទាររបស់ប្រជាពលរដ្ឋ៖ «ក្នុងរឿងទំនាស់នេះខ្ញុំមិនកាន់ជើងខាងណា គឺគួរភាគីម្ខាងទៀតគេបានកាន់កាប់ និងទៅកាប់ឆ្ការព្រៃនៅលើដីនោះជាប្រចាំ»។
ទាក់ទងនឹងបញ្ហានេះដែរ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា ក្នុងរឿងទំនាស់នេះ ពុំមានអ្វីដោះស្រាយមិនចេញដូចការលើកឡើងរបស់មេឃុំនោះឡើយ៖ «គ្មានបញ្ហាទេ ការកាន់របស់ប្រជាពលរដ្ឋគាត់មានប័ណ្ណកម្មសិទ្ធិស្របច្បាប់ ក៏ប៉ុន្តែដោយសារសង្គ្រាម ធ្វើឲ្យអ្នកមានអំណាចនៅតំបន់នោះ នាំគ្នាដណ្ដើមយកដីពីប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋគាត់ទាមទារឲ្យអាជ្ញាធរដោះស្រាយដីនោះមកវិញ ប៉ុន្តែគ្មានដំណោះទេ»។
លោកស្នើឲ្យអាជ្ញាធរខេត្តបាត់ដំបង និងមន្ត្រីពាក់ពន្លឿនដោះស្រាយទំនាស់ដីធ្លីនេះជូនប្រជាពលរដ្ឋឲ្យបានឆាប់ ដើម្បីពួកគាត់យកដីទៅដាំដុះដោះស្រាយជីវភាពគ្រួសារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
