អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​ឃាត់​រថយន្ត​អ្នក​មាន​ទំនាស់​ដី​មក​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​លោក ហ៊ុន សែន

ដោយ រាជ វិញ្ញូ
2017-05-18
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កម្លាំង​ប៉េអឹម និង​ប៉ូលិស ចុះ​ឃាត់​រថយន្ត​ពលរដ្ឋ​មាន​ទំនាស់​ដី​មក​ពី​ស្រុក​ឱរ៉ាល់ និង​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ មិន​ឱ្យ​បន្ត​ដំណើរ​ទៅ​មុខ នៅ​ចម្ងាយ​ប្រហែល ៧​គីឡូម៉ែត្រ​ពី​សាលាស្រុក​ថ្ពង នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo provided
កម្លាំង​ប៉េអឹម និង​ប៉ូលិស ចុះ​ឃាត់​រថយន្ត​ពលរដ្ឋ​មាន​ទំនាស់​ដី​មក​ពី​ស្រុក​ឱរ៉ាល់ និង​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ មិន​ឱ្យ​បន្ត​ដំណើរ​ទៅ​មុខ នៅ​ចម្ងាយ​ប្រហែល ៧​គីឡូម៉ែត្រ​ពី​សាលាស្រុក​ថ្ពង នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo provided
Photo provided

អាជ្ញាធរ​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ បាន​ចុះ​ឃាត់​រថយន្ត​ជា​ច្រើន​គ្រឿង​ដែល​ដឹក​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ លោក​ឧកញ៉ា លី យ៉ុងផាត់ នៅ​ពេល​ពលរដ្ឋ​ធ្វើ​ដំណើរ​មក​កាន់​ទីក្រុង​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ តែ​អាជ្ញាធរ​បកស្រាយ​ថា ខ្លួន​មិន​បាន​ឃាត់​រថយន្ត​ទាំង​នោះ​ទេ ផ្ទុយ​ទៅ​វិញ គ្រាន់តែ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​ចរាចរណ៍​ដើម្បី​សម្រួល​ដល់​ក្បួន​រថយន្ត​ធ្វើដំណើរ​របស់​ប្រតិភូ​ប៉ុណ្ណោះ។

​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​ក្នុង​ស្រុក​ថ្ពង និង​ស្រុក​ឱរ៉ាល់ នៃ​ខេត្ត​កំពង់ស្ពឺ រៀបរាប់​ថា រថយន្ត​សាំយ៉ុង​ប្រហែល​ជិត ១០​គ្រឿង ដែល​ដឹក​ពួកគាត់​ជិះ​ចេញ​ពី​ស្រុក មក​ដាក់​ញត្តិ​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក ហ៊ុន សែន នៅ​រាជធានី​ភ្នំពេញ គឺ​ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ថ្ពង ចុះ​រារាំង​និង​ហាមឃាត់​មិន​ឱ្យ​បន្ត​ធ្វើ​ដំណើរ​ទៅ​មុខ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ឧសភា បន្ទាប់ពី​រថយន្ត​ទើប​ធ្វើ​ដំណើរ​បាន​ចម្ងាយ​ប្រហែល ២០​គីឡូម៉ែត្រ។ ពលរដ្ឋ​លើក​ឡើង​ថា អាជ្ញាធរ​យក​លេស​រារាំង​ពួកគាត់​ថា ដើម្បី​រក្សា​សន្តិសុខ​ជិត​ពេល​បោះឆ្នោត។

​ពលរដ្ឋ​នៅ​ឃុំ​អមលាំង ស្រុក​ថ្ពង លោក លី ឡៅ ថ្លែង​ថា អាជ្ញាធរ​ស្រុក​មាន​ទាំង​ប៉េអឹម និង​ប៉ូលិស ជា​ច្រើន​នាក់ ដែល​ខ្លះ​ទៀត​លាក់​ខ្លួន​ក្នុង​ព្រៃ​ផង បាន​ចុះ​ឃាត់​រថយន្ត​ពួកគាត់​មិន​ឱ្យ​បន្ត​ដំណើរ​ទៅ​មុខ​នៅ​ចម្ងាយ​ប្រហែល ៧​គីឡូម៉ែត្រ​ពី​សាលាស្រុក​ថ្ពង ដោយ​អាជ្ញាធរ​ទាំង​នោះ​ប្រាប់​ហេតុផល​ជា​ច្រើន​មក​ពលរដ្ឋ ថា​ខ្លាច​មាន​គ្រោះថ្នាក់​ចរាចរណ៍ និង​ខ្លាច​ពួកគាត់​ដឹកនាំ​បាតុកម្ម​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​ជាដើម«គេ​ថា​អ៊ីចេះ ពួក​ខ្ញុំ​អត់​បាន​ជម្រាប​គេ​ឲ្យ​ដឹង ហើយ​គេ​ខ្លាច​ថា​មាន​គ្រោះថ្នាក់​ចរាចរណ៍»

​កាល​ពី​ចុង​ខែ​មករា ឆ្នាំ​២០១៧ ពលរដ្ឋ​មក​ពី​ស្រុក​ថ្ពង និង​ស្រុក​ឱរ៉ាល់ នៃ​ខេត្ត​កំពង់ស្ពឺ ព្រមទាំង​ពលរដ្ឋ​មក​ពី​ខេត្ត​កោះកុង និង​ខេត្ត​ឧត្តរមានជ័យ ផង ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ធ្លាប់​មក​ដាក់​ញត្តិ​សុំ​កិច្ច​អន្តរាគមន៍​ម្ដង​ហើយ​នៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្នើ​ឱ្យ​ចុះ​ហត្ថលេខា​ឱ្យ​បាន​ឆាប់​លើ​លិខិត​ក្របខ័ណ្ឌ​ការងារ​មួយ​ដែល​​ក្រុម​ការងារ​ចម្រុះ​បង្កើត​ឡើង​ថ្មី ដោយ​អន្តរក្រសួង និង​សហភាព​អឺរ៉ុប ប៉ុន្តែ​ពលរដ្ឋ​ទទួល​ដំណឹង​ថា ញត្តិ​ដែល​ពួកគាត់​ដាក់​នៅ​ពេល​នោះ មិន​បាន​ទៅ​ដល់​ដៃ​លោក ហ៊ុន សែន ឡើយ តែ​បែរ​ជា​បញ្ជូន​ទៅ​ក្រសួង​ដែន​វិញ ទើប​ធ្វើ​ឱ្យ​ពួកគាត់​កើត​ទុក្ខ​មិន​សុខចិត្ត និង​លើក​គ្នា​មក​ដាក់​ញត្តិ​ជា​ថ្មី​នៅ​ខុទ្ទកាល័យ​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា។

​ពលរដ្ឋ​នៅ​ស្រុក​ឱរ៉ាល់ លើក​ឡើង​ថា នៅ​មុន ២​ថ្ងៃ​ឡើង​មក​ដាក់​ញត្តិ គឺ​ខាង​សាលាស្រុក​ឱរ៉ាល់ បាន​ហៅ​តំណាង​ពួកគាត់​ទៅ​ពិភាក្សា​គ្នា ហើយ​អនុញ្ញាត​ឱ្យ​តែ​អ្នក​តំណាង​ពលរដ្ឋ​តាម​ភូមិ​នីមួយៗ​យក​ញត្តិ​មក​ទីក្រុង​ភ្នំពេញ ប៉ុណ្ណោះ ចំណែក​ខាង​សាលាស្រុក​ថ្ពង​វិញ នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ក៏​បាន​កោះ​ហៅ​តំណាង​ពលរដ្ឋ​ក្នុង​ស្រុក​ខ្លួន​នៅ​វេលា​ម៉ោង ២​រសៀល ឱ្យ​ទៅ​ជួប​នៅ​ម៉ោង ៣​រសៀល ប៉ុន្តែ​ពលរដ្ឋ​ទៅ​មិន​ទាន់​ពេល ដូច្នោះ​ពួកគាត់​ក៏​មិន​បាន​ជួប​ជាមួយ​អាជ្ញាធរ ហើយ​ក៏​មិន​បាន​ដឹង​អំពី​ការ​ចង់​បាន​របស់​អាជ្ញាធរ​ឡើយ។ មក​ដល់​ថ្ងៃ​ទី​១៨ ឧសភា ពលរដ្ឋ​មក​ពី​ស្រុក​ឱរ៉ាល់ មាន​ចំនួន​តែ ២​ឡាន​ប៉ុណ្ណោះ ដែល​សុទ្ធសឹងតែ​ជា​អ្នក​តំណាង រី​ឯ​ពលរដ្ឋ​មក​ពី​ស្រុក​ថ្ពង មាន​ទាំង​តំណាង និង​ពលរដ្ឋ នាំ​គ្នា​ជិះ​ឡាន​ប្រហែល ៩​គ្រឿង ឡើង​មក​ទីក្រុង​ភ្នំពេញ ទើប​ឃើញ​អាជ្ញាធរ​ចុះ​ឃាត់​រារាំង​តែម្ដង។

​ទោះ​ជា​យ៉ាង​នេះ​​ក្ដី អធិការ​ស្រុក​ថ្ពង លោក ហ៊ុន សុខហុន ថ្លែង​ថា លោក​មិន​បាន​ចុះ​ឃាត់​រថយន្ត​ពលរដ្ឋ​ដែល​យក​ញត្តិ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​លោក ហ៊ុន សែន ឡើយ គឺ​គ្រាន់តែ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​តាម​ដង​ផ្លូវ​ប៉ុណ្ណោះ«មាន​ប្រតិភូ​ឆ្លង​ផ្លូវ។ អ៊ីចឹង​ខ្ញុំ​មិន​មែន​ចុះ​ឃាត់​តែ​រថយន្ត​ដែល​ពលរដ្ឋ​យក​ញត្តិ​ទៅ​ដាក់​ទេ រីឯ​ពួក​គាត់​ថា​យក​ញត្តិ​ទៅ​ដាក់ ហើយ​ខ្ញុំ​សុំ​បង្ហាញ​ញត្តិ វា​អត់​ឃើញ»

ជម្លោះ​ដី​ ទាហាន បាត់ដំបង ៨៥៥
ពលរដ្ឋ​​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​បាត់ដំបង ផ្ដល់​បទសម្ភាសន៍​ក្បែរ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA/Rann Samnang RFA/Rann Samnang

ថ្វីត្បិត​យ៉ាង​នេះ​ក្ដី ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ លោក សឹង សុខុម បញ្ជាក់​ថា អាជ្ញាធរ​ដែល​មិន​ព្រម​ឱ្យ​ក្បួន​រថយន្ត​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ឡើង​មក​ភ្នំពេញ គឺ​បាន​ប្រាប់​ថា ដើម្បី​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​មុន​ពេល​ជិត​បោះឆ្នោត។ លោក​ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​បែប​នេះ​ថា ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ពួកគាត់«ព្រោះ​យើង​ធ្វើ​នេះ​មិន​មាន​អី​ខុស​ត្រង់​ណា​ទេ ហើយ​ពលរដ្ឋ​មាន​សិទ្ធិ​តវ៉ា​គ្រប់​ហេតុផល​ដែល​ពួក​គាត់​រង​ផល​ប៉ះពាល់»

​ចំណែក​នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី បញ្ជាក់​ថា សកម្មភាព​យក​ញត្តិ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​មាន​អ្វី​ខុស​ច្បាប់ ដែល​អាជ្ញាធរ​ត្រូវ​ហាមឃាត់​ឡើយ«យើង​មើល​មិន​ឃើញ​ថា​ប៉ះពាល់​ទៅ​ដល់​សន្តិសុខ និង​សុវត្ថិភាព​ទេ ដោយសារ​ពួក​គាត់​ហ្នឹង​ធ្វើ​ដំណើរ​តាម ហើយ​មក​ដាក់​ញត្តិ មិន​មែន​មក​ដើម្បី​ធ្វើ​សកម្មភាព​ផ្ទុយ​ពី​ច្បាប់​ទេ ហើយ​សកម្មភាព​រឹតត្បិត​ទៅ​វិញ​ទេ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​សេរីភាព និង​បញ្ចេញ​មតិ​របស់​ពលរដ្ឋ»

ថ្វីត្បិត​មាន​ការ​រារាំង​ពី​អាជ្ញាធរ​យ៉ាង​ណា​ក្ដី ប៉ុន្តែ​អ្នក​តំណាង​ពលរដ្ឋ​ពីរ​នាក់​ដែល​អះអាង​ថា តំណាង​ឱ្យ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ក្នុងស្រុក​ឱរ៉ាល់ ចំនួន ៥៨១​គ្រួសារ និង​ពលរដ្ឋ​ក្នុង​ស្រុក​ថ្ពង ចំនួន ៥៧១​គ្រួសារ បាន​បន្ត​យក​ញត្តិ​ដោយ​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ដល់​ទីក្រុង​ភ្នំពេញ ហើយ​បាន​ប្រគល់​ញត្តិ​នោះ​ដាក់​ដល់​ដៃ​មន្ត្រី​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​វេលា​ម៉ោង​ប្រហែល ១០​ព្រឹក​ជាមួយ​ពលរដ្ឋ​ប្រហែល ២០​នាក់​ផ្សេង​ទៀត ដែល​តំណាង​ឱ្យ​ពលរដ្ឋ ៧៣៨​គ្រួសារ​មក​ពី​ខេត្ត​កោះកុង។ ពលរដ្ឋ​ទាំង​នេះ​គឺ​បញ្ជាក់​ថា ជា​អ្នក​រង​គ្រោះ​ដីធ្លី​ដោយសារ​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់។

​មុន​ពេល​ពលរដ្ឋ​មក​ពី​ខេត្ត​កំពង់ស្ពឺ កោះកុង និង​ខេត្ត​ឧត្តរមានជ័យ ដាក់​ញត្តិ​បន្តិច ក៏​មាន​ពលរដ្ឋ​មក​ពី​ខេត្ត​បាត់ដំបង មាន​គ្នា​ប្រហែល​ជាង ២០​នាក់ តំណាង​ឱ្យ ៥៩​គ្រួសារ​មក​ពី​ឃុំ​ឃ្លាំមាស នៃ​ស្រុក​បាណន់ និង​ស្រុក​បវេល ក៏​បាន​លើក​គ្នា​ដាក់​ញត្តិ ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក ហ៊ុន សែន ម្ដង​ទៀត​ដែរ ជុំវិញ​មេទាហាន​ម្នាក់ ឈ្មោះ ភ្លន់ សុផល្លា ដែល​នាំ​កូនចៅ​ចូល​ទៅ​បោះ​ជំរំ កាន់​កាប់​ដី​របស់​ពួក​គាត់។ ក្រុម​ពលរដ្ឋ​ទាំង​នេះ​អះអាង​ថា ដី​នោះ​ត្រូវ​បាន​សមាគម​យោធា​ពិការ ស្ត្រី​មេម៉ាយ និង​កុមារ​កំព្រា​ប្រចាំ​ខេត្ត​បាត់ដំបង ចែក​ឱ្យ​ពួកគាត់ ហើយ​ពួកគាត់​ក៏​បាន​កាន់កាប់ និង​ដាំ​ល្ង សណ្ដែក ព្រមទាំង​ធ្វើ​ស្រូវ តាំង​ពី​ឆ្នាំ​២០០ មក ប៉ុន្តែ​នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៧ មេ​ទាហាន​ឈ្មោះ ភ្លន់ សុផល្លា ស្រាប់តែ​ទៅ​អះអាង​ថា ជា​ដី​របស់​ទាហាន​ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល