ពលរដ្ឋ​ខេត្ត​បាត់ដំបង​ចោទ​ឈ្មួញ​ដី​ម្នាក់​ថា​ឈូស​បំផ្លាញ​ស្រូវ​គាត់

ពលរដ្ឋ​នៅ​ភូមិ​ជ្រោយស្នា ឃុំ​ខ្នាចរមាស ស្រុក​បវេល ខេត្ត​បាត់ដំបង ​នៅ​ថ្ងៃ​ទី​១០ កក្កដា ចោទ​ឈ្មួញ​ដី​ម្នាក់ គឺ​លោក អៀង អឿន បាន​បញ្ជូន​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ស្រូវ​របស់​អ្នក​ភូមិ​គាត់​អស់។

តំណាង​ពលរដ្ឋ លោក គិត ប៊ុនឈឿន អះអាង​នៅ​ថ្ងៃ​ទី​១០ កក្កដា ថា លោក​និង​អ្នកភូមិ​ឃើញ​ប៉ូលិស​ប្រមាណ ៣០​នាក់ ខ្លះ​ជិះ​ម៉ូតូ ខ្លះ​ឡាន ចុះ​ទៅ​ដី​ស្រែ​ពួក​គាត់ បន្ទាប់​មក​មាន​គ្រឿងចក្រ ៧​គ្រឿង បាន​ចុះ​ភ្ជួរ​បំផ្លាញ​ស្រូវ​របស់​អ្នក​ភូមិ​ទើប​ដុះ។

មន្ត្រី​អាដហុក (Adhoc) លោក ចាន់ សុវ៉េត អះអាង​ថា ករណី​នេះ​កើត​ឡើង​ដោយសារ​រឿង​ទំនាស់​ដី​រវាង​អ្នក​ភូមិ ១៦​គ្រួសារ​ ជាមួយ​ថៅកែ​ដី លោក អៀង អឿន នៅ​ក្នុង​មូលដ្ឋាន​នោះ ដែល​តុលាការ​ខេត្ត​បាន​កាត់​សេចក្ដី​ឲ្យ​ថៅកែ​ដី​ឈ្នះ ដែល​លោក ចាន់ សុវ៉េត បញ្ជាក់​ថា ការ​កាត់​ក្ដី​នោះ​ជា​រឿង​អយុត្តិធម៌ ហើយ​លោក​បាន​ទាម​ទារ​ឲ្យ​តុលាការ​ពិនិត្យ​ករណី​នេះ​ឡើង​វិញ។

ទីតាំង​ដី​ទំនាស់​នោះ ស្ថិត​នៅ​ចំណុច​អូរ​វល្លិ​ប្រេង ឃុំ​អន្លង់រុន ស្រុក​ថ្មគោល ដែល​ស្ថិត​ក្បែរ​ភូមិ​ជ្រោយ​ស្នា ក្នុង​ខ្នាច់រមាស។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។