ពលរដ្ឋ​បឹងប្រាំ៖ អនុក្រឹត្យ​របស់​រដ្ឋាភិបាល​បង្ក​ឲ្យ​មាន​ជម្លោះ​ដីធ្លី

0:00 / 0:00

តំណាង​ប្រជាពលរដ្ឋ​អះអាង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​តំបន់​បឹងប្រាំ ក្លាយ​ជា​ទីតាំង​ដែល​មាន​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​រហូត​មក​​ដល់​ពេល​នេះ គឺ​ដោយសារ​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​ជា​បន្តបន្ទាប់​រំលោភ​លើ​សេចក្ដី​សម្រេច​នៃ​គោលនយោបាយ​ដី​សមាហរណកម្ម​នៃ​យោធា​​កាត់​រំសាយ​ឆ្នាំ​១៩៩៨។

អនុក្រឹត្យ​ចំនួន​៣ ក្នុង​នោះ​រួម​មាន​អនុក្រឹត្យ​លេខ ២៤២ សម្រេច​កាត់​ដី​ជាង ៣​ពាន់​ហិកតារ (៣.៤៨៨) ចេញ​ពី​សម្បទាន​ដី​ព្រៃ​ឫស្សី​របស់​ក្រុមហ៊ុន​ភាពីម៉ិច (Pheapimex) ដើម្បី​ធ្វើ​អនុបយោគ​ជា​ដី​ឯកជន​របស់​រដ្ឋ។ អនុក្រឹត្យ​លេខ ២០២ កាត់​ដី​ជាង ៣​ពាន់​ហិកតារ​នេះ​សម្រាប់​ធ្វើ​សម្បទាន​ដី​សង្គមកិច្ច​វិញ សម្រាប់​ផ្ដល់​ជូន​កងកម្លាំង​ប្រដាប់​អាវុធ គ្រួសារ និង​ប្រជាពលរដ្ឋ​ក្រីក្រ​ស៊ីវិល​ទូទៅ ហើយ​បន្ទាប់​មក​ចេញ​បទ​បញ្ជា​លេខ ០១ បន្ថែម​មួយ​ជាន់​ពី​លើ​ទៀត ដើម្បី​ចុះ​កំណត់​ក្បាលដី​ជាក់ស្ដែង​ ជូន​ប្រជាពលរដ្ឋ​ក្នុង​ការ​​ធានា​ពី​ការ​គ្រប់គ្រង​ដី​ឲ្យ​បាន​ត្រឹមត្រូវ។ អនុក្រឹត្យ និង​បទបញ្ជា​ទាំង​នេះ គឺ​ចេញ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់​នៅ​ចន្លោះ​រវាង​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៣។

បើ​ទោះ​ជា​បែប​ណា តំណាង​ប្រជាពលរដ្ឋ​តំបន់​បឹង​ប្រាំ នៃ​ស្រុក​បវេល ថ្លែង​ថា ការ​ចេញ​អនុក្រឹត្យ​ដ៏​ច្រើន​បែប​នេះ​នៅ​លើ​ដី​តែ​មួយ​កន្លែង គឺ​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ទំនាស់​កើត​ឡើង។ ការ​ចេញ​អនុក្រឹត្យ​ជា​ហូរហែ​ផ្ទួនៗ​គ្នា​នេះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា គឺ​ជា​ការ​បើក​ផ្លូវ​ដែល​នាំ​ឲ្យ​មន្ត្រី​​អនុវត្ត​កិច្ចការ​នេះ ងាយ​ប្រព្រឹត្ត​អំពើ​ពុករលួយ។ យ៉ាង​ណា​ប្រជាពលរដ្ឋ​ចាត់​​ទុក​ថា នេះ​គឺ​ជា​រឿង​ថ្មី​មួយ​ទៀត​ដែល​​ជា​បន្ទុក​នាំ​ឲ្យ​ដោះ​ស្រាយ​មិន​ចេញ​បន្ថែម​លើ​អំពើ​ពុករលួយ។

លោក ឆាន់ មុន្នី តំណាង​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងប្រាំ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ថា ប្រជាពលរដ្ឋ​ស្នើ​សុំ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី គប្បី​ពិនិត្យ​មើល​ឡើង​វិញ​ចំពោះ​អនុក្រឹត្យ​ដែល​លោក ហ៊ុន សែន បាន​ចេញ​ហើយ​ចេញ​ទៀត ​ដែល​នាំ​ឲ្យ​បញ្ហា​ចេះ​តែ​​បន្ត​​កើន​ឡើង​រហូត​ដោះ​មិន​ចេញ។

លោក​បន្ត​ថា៖ «ខ្ញុំ​មើល​ទៅ​ឃើញ​ថា វា​មាន​ការ​ប៉ះពាល់ ដោយសារ​អាជ្ញាធរ​លោក​អនុវត្ត​តាម​​អនុក្រឹត្យ​ហ្នឹង។ អនុក្រឹត្យ​ដែល​សម្ដេច​តេជោ​ស៊ីញេ​ហ្នឹង ហើយ​ខ្ញុំ​សូម​សំណូមពរ​ដល់​សម្ដេច​ដែរ គឺ​លោក​ត្រួតពិនិត្យ​អា​ហ្នឹង​ឡើង​វិញ​ផង កុំ​ឲ្យ​ជឿ​តែ​មន្ត្រី​ថ្នាក់​ក្រោម​ពេក។ ជួន​កាល​មន្ត្រី​ថ្នាក់​ក្រោម​បោក បោក​ឲ្យ​សម្ដេច​ស៊ីញ៉េ»

ឆ្លើយ​តប​រឿង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ថន សារ៉ាត ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ងាក​ទៅ​រក​កិច្ច​អន្តរាគមន៍​នៅ​ថ្នាក់​មូលដ្ឋាន​វិញ។ លោក​ថ្លែង​បន្ត​ថា ការ​សម្រេច​ចិត្ត​ឡើង​​មក​តវ៉ា​ដល់​ភ្នំពេញ​នេះ គឺ​ទំនង​ជា​ពុំ​មាន​ដំណោះស្រាយ​អ្វី​ធំដុំ​ឡើយ៖ «ខ្លឹមសារ​ដាក់​ត្រឹម​កម្រិត​ណា​ដោះស្រាយ​គឺ​ត្រូវ​ដោះស្រាយ​ជូន​គាត់​នៅ​ឯ​មូលដ្ឋាន មិន​ចាំបាច់​ឡើង​មក​ធ្វើ​អី។ យើង​ផ្ដល់​ត្រឹម​តែ​ឲ្យ​មូលដ្ឋាន​អនុវត្ត​ហើយ​តើ! វា​អត់​អនុវត្ត​ហ្នឹង វា​កក​ស្ទះ។ វា​ហេ​ឡើង​មក​ហ្នឹង ឡើង​មក​ទីក្រុង​ហ្នឹង​ណា។ យើង​នាំ​គ្នា​កាន់​អា​ហ្នឹង​ទៅ​ធ្វើ​ឡើង​វិញ​នៅ​ឯ​មូលដ្ឋាន​ហ្នឹង​ចេញ​អស់​ហើយ»

បើ​ទោះ​ជា​បែប​ណា ទំនាស់​ដី​នៅ​តំបន់​បឹង​ប្រាំ​នេះ គឺ​ជា​វិវាទ​កើត​ឡើង​រវាង​អាជ្ញាធរ​ឃុំ ស្រុក និង​ខេត្ត ជាមួយ​ប្រជាពលរដ្ឋ​សម័យ​សមាហរណកម្ម​​នៃ​យោធា​កាត់​​រំសាយ​ ១៩២​គ្រួសារ។រហូត​មក​ដល់​ពេល​នេះ ប្រជាពលរដ្ឋ​ ២០៥​គ្រួសារ ត្រូវ​បាន​មន្ត្រី​ខេត្ត​បាត់ដំបង កំពុង​រៀបចំ​បណ្ដឹង​ដាក់​ទៅ​តុលាការ ចោទ​ប្រកាន់​ថា រស់​នៅ​លើ​ដី​​រដ្ឋ​ដោយ​ខុស​ច្បាប់។ បណ្ដឹង​ដែល​ធ្វើ​ឡើង​នៅ​ពេល​​​នេះ ក្រោម​រូបភាព​កៀរគរ​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​ប័ណ្ណ តែ​ពុំ​មាន​ដី​កាន់កាប់ ប្ដឹង​ប្រជាពលរដ្ឋ​ម្ខាង​ទៀត​ដែល​បាន​រស់នៅ​តាំង​ពី​សម័យ​សមាហរណកម្ម​ឆ្នាំ​១៩៩៨។

ប្រធាន​ផ្នែក​ដីធ្លី​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក ឡាត់ គី យល់​ឃើញ​ថា ការ​ឆ្លើយ​បែប​នេះ​របស់​មន្ត្រី​ជំនាញ​រដ្ឋាភិបាល ដែល​ជំរុញ​ឲ្យ​រក​ដំណោះស្រាយ​នៅ​ថ្នាក់​ក្រោម​ជាតិ​វិញ គឺ​ពិត​ជា​មិន​បាន​ដឹង​នូវ​ព័ត៌មាន​ណា​មួយ​ជុំវិញ​វិវាទ​នេះ​សោះ ជាពិសេស​បញ្ហា​នៅ​តំបន់​បឹងប្រាំ​នេះ គឺ​កើត​ឡើង​ជា​ប្រព័ន្ធ។ ហេតុ​នេះ ទាំង​រដ្ឋាភិបាល និង​ស្ថាប័ន​ជំនាញ​គប្បី​បើក​ការ​ស៊ើប​អង្កេត​ដោយ​ម៉ត់ចត់​ ជា​ជាង​រុញ​ចុះ​រុញ​ឡើង៖ «ខ្ញុំ​យល់​ឃើញ​ថា ក្រសួង​សាមី​ហាក់​បី​ដូច​ជា​ក្ដាប់​បញ្ហា​ដែល​កើត​ឡើង​នៅ​បឹងប្រាំ​ហ្នឹង ដូច​ជា​អត់​បាន​ទាល់​តែ​សោះ។ជា​រឿង​មួយ​ដែល​បាន​​កើត​ឡើង​ជាក់ស្ដែង​នៅ​បឹងប្រាំ ហើយ​ករណី​បឹងប្រាំ ជា​ករណី​ដែល​ស្មុគស្មាញ»

របាយការណ៍​ដែល​ចេញ​ដោយ​គណៈកម្មការ​ចម្រុះ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៤ កន្លង​ទៅ​រក​ឃើញ​ថា ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាំង​ពី​សម័យ​សមាហរណកម្ម​នៃ​​យោធា​កាត់​រំសាយ​ឆ្នាំ​១៩៩៨ គឺ​មាន​ភាព​ស្រប​ច្បាប់​បើ​ប្រៀប​នឹង​ប្រជាពលរដ្ឋ​ដែល​មក​តាំង​​ពី​លំនៅ​ក្រោយ ក្រោម​គោល​នយោបាយ​សម្បទាន​ដី​សង្គមកិច្ច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។