អាជ្ញាធរក្រុងបាត់ដំបង នៅព្រឹកថ្ងៃទី៦ មករា ដឹកនាំកម្លាំងសមត្ថកិច្ចចុះរុះរើផ្ទះប្រជាពលរដ្ឋចំនួន ៣ខ្នងក្នុងចំណោមពលរដ្ឋជាង ៣០០គ្រួសារ ដែលរស់នៅលើដីគម្រោងសួនសាធារណៈរបស់រដ្ឋ នៅសង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។
អាជ្ញាធរក្រុងបញ្ជាក់ថា ការរុះរើផ្ទះនេះ ដើម្បីបោសសម្អាតដីឡូបែងចែកទៅពលរដ្ឋក្រីក្រ និងរៀបចំសណ្ដាប់ធ្នាប់ក្រុងឲ្យមានរបៀបរៀបរយ។ ចំណែកប្រជាពលរដ្ឋអះអាងថា អាជ្ញាធរបណ្ដេញពួកគាត់ឲ្យចេញពីដីនេះ ដោយពុំបានផ្ដល់សំណងសមរម្យឡើយ។
អ្នកភូមិមួយចំនួននៅក្រុងបាត់ដំបង ខេត្តបាត់ដំបង សម្ដែងការមិនពេញចិត្តទៅនឹងវិធានការរបស់អាជ្ញាធរនេះ ថាជាទង្វើបង្ខំពួកគាត់ឲ្យចាកចេញពីដី ដោយពុំគិតពីទុក្ខលំបាករបស់ប្រជាពលរដ្ឋក្រីក្រនោះទេ។
តំណាងពលរដ្ឋម្នាក់ឈ្មោះ ហាន់ ប៊ុនថា ថ្លែងប្រាប់វិទ្យុអាស៊ីសេរី ខណៈអាជ្ញាធរកំពុងរុះរើផ្ទះលោកថា ដីរបស់លោកទំហំ ២០ម៉ែត្រគុណនឹង ២៥ម៉ែត្រ គឺលោកកាន់កាប់តាំងពីឆ្នាំ១៩៩៣ រហូតមក។ លោកអះអាងថា អាជ្ញាធរក្រុងបាត់ដំបង បានបង្ខំរូបលោក និងប្រជាពលរដ្ឋមួយចំនួនទៀតរស់នៅតំបន់នោះ ឲ្យចាកចេញពីដីរបស់ខ្លួន ដោយផ្ដល់ដីតំបន់នោះរស់នៅទំហំ ៤ម៉ែត្រកន្លះគុណនឹង ១៦ម៉ែត្រ បើទោះពួកគាត់មានផ្ទៃដីទំហំធំធេងយ៉ាងណាក៏ដោយ។ លោក ហាន់ ប៊ុនថា បញ្ជាក់ទៀតថា សំណងដែលអាជ្ញាធរក្រុងផ្ដល់ឲ្យនេះ មិនសមស្របទៅតាមតម្លៃទីផ្សារដីនោះឡើយ៖ «អាជ្ញាធរក្រុងបាត់ដំបង ធ្វើនេះ ខ្ញុំមិនអាចទទួលយកបាននោះទេ ប៉ុន្តែខ្ញុំមិនដឹងប្រកែកយ៉ាងម៉េច ពីព្រោះខ្ញុំជាប្រជាពលរដ្ឋក្រីក្រ»។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលរងក្រុងបាត់ដំបង លោក ឌី ពៅ មានប្រសាសន៍ថា មុននឹងសមត្ថកិច្ចចុះអនុវត្តការរុះរើផ្ទះនេះ គឺអាជ្ញាធរក្រុងបានជូនដំណឹងឲ្យប្រជាពលរដ្ឋរុះរើសំណង់អនាធិបតេយ្យចេញពីដីគម្រោងសួនសាធារណៈនោះជាច្រើនលើកច្រើនសាមកហើយ។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋភាគច្រើនបានយល់ព្រមរុះរើផ្ទះសម្បែង និងសំណង់អនាធិបតេយ្យចេញពីដីដោយខ្លួនឯង ដើម្បីឲ្យអាជ្ញាធរបែងចែកដីនៅតំបន់នោះទៅឲ្យពលរដ្ឋក្រីក្ររស់នៅឲ្យមានរបៀបរៀបរយ៖ «អ៊ីចឹងវាជាឯកសារពួកគាត់បានដាក់ពាក្យព្រមព្រៀងគ្នាទទួលយកដីនោះអស់ហើយ ដល់ពួកគាត់និយាយផ្សេងបែបនេះទៅវិញ ខ្ញុំអត់ចេះនិយាយជាមួយទេ»។
មន្ត្រីស៊ើបអង្កេតនៃអង្គការលីកាដូ (LICADHO) ខេត្តបាត់ដំបង លោក ហេង សាយហុង ដែលបានចុះឃ្លាំមើលសមត្ថកិច្ចរុះរើផ្ទះសម្បែងពលរដ្ឋដល់ទីកន្លែងនោះ មានប្រសាសន៍ថា អាជ្ញាធរក្រុងគួរសិក្សាពីមតិយោបល់ និងទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលបានកាន់កាប់ដីច្រើនឆ្នាំឲ្យបានល្អិតល្អន់ជាងនេះ មុននឹងបណ្ដេញពួកគាត់ចេញពីដី ដើម្បីរៀបចំឲ្យមានរបៀបរៀបរយក្នុងក្រុងនោះ៖ «ខ្ញុំនឹងតាមបន្តទៀតថា តើគ្រួសារដែលពួកគាត់ទៅទទួលយកដីនោះ ពិតជាប្រជាពលរដ្ឋក្រីក្រមែន ឬយ៉ាងណា?»។
អាជ្ញាធរក្រុងបាត់ដំបង មានគម្រោងបែងចែកដីសួនសាធារណៈនោះទៅឲ្យប្រជាពលរដ្ឋរស់នៅសំណង់អនាធិបតេយ្យចំនួន ៨២គ្រួសារ ដែលមានផ្ទៃដីទំហំ ៤ម៉ែត្រកន្លះគុណនឹង ១៦ម៉ែត្រ ចំនួន ៨២ឡូ ដែលជំហានទី១ នឹងប្រគល់ដីឲ្យប្រជាពលរដ្ឋចំនួន ៣០គ្រួសារ។ ចំណែងឯពលរដ្ឋផ្សេងទៀត នឹងទទួលបានដីដែលអាជ្ញាធរបែងចែកជូនជាបន្តបន្ទាប់។ កន្លងមក ប្រជាពលរដ្ឋប្រមាណ ៣០០គ្រួសារដែលរស់នៅលើដីនៅតំបន់នោះ ពុំមានឯកសារបញ្ជាក់ថា មានផ្ទះដីប៉ុន្មានហិកតារច្បាស់លាស់នោះទេ។ ពួកគាត់ធ្លាប់តវ៉ាប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍របស់អាជ្ញាធរក្រុងនេះជាច្រើនលើកច្រើនសាមកហើយ ប៉ុន្តែពុំទទួលបានលទ្ធផល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
