ប្រជាពលរដ្ឋមានទំនាស់ដីធ្លីជាមួយលោកឧកញ៉ា សង ថន ប្រមាណ ៣០០គ្រួសារនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ប្រតិកម្មនឹងដីការបស់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដែលបានបញ្ជាឲ្យពួកគាត់បញ្ឈប់ការដាំដុះនៅលើដីទំនាស់ និងចាត់វិធានការផ្លូវច្បាប់ប្រសិនពួកគាត់រុករាននៅលើដីនោះបន្តទៀត។
អ្នកភូមិស្នើឲ្យប្រមុខរដ្ឋាភិបាលជួយអន្តរាគមន៍ដោះស្រាយរឿងទំនាស់ដីរបស់ពួកគាត់ឡើងវិញ ប្រកបដោយសុក្រឹតភាព និងយុត្តិធម៌។
ប្រជាពលរដ្ឋមានទំនាស់នៅខេត្តជាប់ព្រំដែនប្រទេសថៃ ទាំងពីរនេះកំពុងខ្វាយខ្វល់ខ្លាចគ្មានដីដាំដុះ និងជាប់គុកច្រវាក់ដោយសារពួកគាត់មិនព្រមចាកចេញពីដី។
ពលរដ្ឋមានទំនាស់ដីមួយចំនួនរស់នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងស្រុកបវេល ខេត្តបាត់ដំបង ថ្លែងនៅថ្ងៃទី២៧ ខែកក្កដា ថា តាមដីការបស់សាលាដំបូងខេត្តបាត់ដំបង មានន័យថា ឲ្យពួកគាត់ចាញ់ក្ដីលោកឧកញ៉ា សង ថន ដោយគ្មានការប្រកែកបានឡើយ។
អ្នកភូមិអះអាងថា ដីការបស់តុលាការហាក់ដាក់សម្ពាធធ្ងន់ធ្ងរមកពួកគាត់ជាប្រជាពលរដ្ឋក្រីក្រ មិនអាចទទួលយកបានឡើយ៖ «បាទ! ហេតុដែលមិនសុខចិត្តដោយដីនោះពួកយើងបានដើមឈើហូបផ្លែមានស្វាយ ចេក និងដូងជាដើម ហើយតុលាការសម្រេចដោយពុំបានចុះទៅពិនិត្យមើលដល់ទីកន្លែងនោះទេ។ ពួកយើងព្រួយបារម្ភខ្លាំងបាត់បង់ដីធ្លីនេះ ហើយប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ»។
មេឃុំបឹង លោក ឈា នី អះអាងថា ដីកាចុះថ្ងៃទី១៩ កក្កដា ឆ្នាំ២០១៦ ដែលចេញដោយតំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោក ម៉ង់ ចាន់សុយុទ្ធារា សរសេរថា ផ្ទៃដីចំនួន ២១២ហិកតារ នៅភូមិក្រពើ៤០ ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង គឺជាកម្មសិទ្ធិរបស់លោកឧកញ៉ាសង ថន។
លោកបន្តថា ដីកាបានបញ្ជាឲ្យសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់ទៅលើជនទាំងឡាយណាដែលទៅរំលោភ ឬដាំដុះនៅលើដីនោះ៖ «ហើយដីកានេះ ហើយយកដីកាសាលាឧទ្ធរណ៍មកអនុវត្តន៍ពេលឥឡូវនេះ ខ្ញុំក៏ឆ្ងល់ដែរ សាមីខ្លួនគឺលោក សង ថន ជាអ្នកយកមកឲ្យប្រជាពលរដ្ឋផ្ទាល់មិនមែនព្រះរាជអាជ្ញា ឬក៏នគរបាលយកមកនោះទេ។ ប្រជាពលរដ្ឋកំពុងភ័យខ្លាច និងបានឡើងទៅតុលាការ ២នាក់ហើយ»។
ទាក់ទងនឹងបញ្ហានេះ លោកឧកញ៉ា សង ថន មានប្រសាសន៍ថា ផ្ទៃដីទាំងអស់នោះ ជាកម្មសិទ្ធិរបស់លោកហើយថា ប្រជាពលរដ្ឋបានរុករានទៅលើដីនោះដោយខុសច្បាប់។
លោកបញ្ជាក់ថា ការសម្រេចយ៉ាងណានោះ ជាសិទ្ធិរបស់តុលាការ៖ «យើងដឹងស្រាប់ហើយ ប្រទេសមានច្បាប់ បើឲ្យអ្នកទាំងនោះចេះតែថា ដីគាត់ ហើយយកដីគេមិនកើតទេ ឲ្យអ្នកក្រយកដីអ្នកមានអ្នកមានយកដីអ្នកក្រយ៉ាងម៉េចទៅ។ ភាពយុត្តិធម៌មានតែតុលាការទេ»។
ទោះយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបាត់ដំបង លោក យិន ម៉េងលី យល់ឃើញថា អយ្យការសាលាដំបូងខេត្តបាត់ដំបង មិនគួរចេញដីការក្សាការពារបំពានទៅលើដីទំនាស់ដែលអាជ្ញាធរខេត្ត និងរដ្ឋបាលព្រៃឈើបានចេញដីកាដកហូតរួចមកហើយនោះទេ។
លោកពន្យល់ថា ដីការបស់តុលាការនឹងធ្វើឲ្យប្រជាពលរដ្ឋមិនស្ងប់ចិត្តឡើយ ពីព្រោះពួកគាត់បានដាំដុះនៅលើដីនោះតាំងពីឆ្នាំ២០០៤មក៖ «អ៊ីចឹងខ្ញុំសំណូមពរឲ្យអាជ្ញាធរខេត្តពិនិត្យមើលឡើងវិញ ការរំលោភយកទ្រព្យសម្បត្តិរបស់រដ្ឋ ហើយបុគ្គលណាជាអ្នកលក់ បុគ្គលណាជាអ្នកទិញទ្រព្យសម្បត្តិទាំងនេះបាទ!»។
ប្រជាពលរដ្ឋឲ្យដឹងថា ផ្ទៃដីជាង ៦០០ហិកតារ មួយផ្នែកនៅភូមិប្រាសាទរាង ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងមួយចំនួនទៀតនៅភូមិក្រពើ៤០ ឃុំបឹងប្រាំ។ ដីនោះពួកគាត់ចំនួនជាង ៣០០គ្រួសារបានដាំដុះតាំងពីឆ្នាំ២០០៤ មក។ ផ្ទៃដីនោះមានទំនាស់ខ្លាំងនៅឆ្នាំ២០១២ រវាងប្រជាពលរដ្ឋជាមួយលោកឧកញ៉ា សង ថន និងអ្នកមានទ្រព្យធន ២នាក់ផ្សេងទៀត។
កន្លងមកប្រជាពលរដ្ឋបានតវ៉ា ឲ្យអាជ្ញាធរដោះស្រាយតាំងពីថ្នាក់ខេត្តរហូតដល់ថ្នាក់ជាតិជាបន្តបន្ទាប់ ប៉ុន្តែពុំទទួលបានលទ្ធផល។ ពលរដ្ឋបញ្ជាក់ថា ប្រសិនបើអាជ្ញាធរខេត្តមិនដោះស្រាយជូនពួកគាត់ទេ នោះពួកគាត់និងតវ៉ាបិទផ្លូវជាតិលេខ៥ ដើម្បីប្រឆាំងនឹងដីការបស់សាលាដំបូងខេត្តបាត់ដំបង ក្នុងពេលឆាប់ៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
