អ្នក​បឹង​កក់​ប្ដឹង​មន្ត្រី​​រដ្ឋាភិបាល​ពី​បទ​ពុក​រលួយ​

ប្រជា​ពលរដ្ឋ​មាន​ទំនាស់​ដី​ធ្លី​ពី ៤​សហគមន៍ នៅ​រាជ​ធានី​ភ្នំពេញ គឺ​សហគមន៍​បឹង​កក់ អតីត​អ្នក​បឹង​កក់ សហគមន៍​បុរី​កីឡា និង​សហគមន៍​ថ្មគោល​ជាង ១០០​នាក់ ​បាន​លើក​គ្នា​តវ៉ា​នៅ​មុខ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នៅ​ថ្ងៃ​ទី​៧ កក្កដា ដោយ​ពួក​គេ​ទាមទារ​ឲ្យ​ស្ថាប័ន​រដ្ឋាភិបាល​មួយ​នេះ​បើក​ការ​ស៊ើប​អង្កេត​ករណី​អំពើ​ពុក​រលួយ​ក្នុង​រឿង​ដីធ្លី​នៅ​តំបន់​បឹង​កក់៖ «នៅ​ពេល​នេះ​យើង​គាំទ្រ​ឯកឧត្ដម ឱម យិនទៀង នឹង​បញ្ចេញ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​ចាប់​មន្ត្រី​ពុក​រលួយ​ទាំងនោះ​ដាក់​ពន្ធនាគារ»។

ការ​តវ៉ា​នេះ​ផ្ទុះ​ឡើង​ទី​១ គឺ​បន្ទាប់​ពី​សកម្មជន​ដីធ្លី​បាន​ដឹង​ថា លោក ឡៅ ម៉េង​ឃីន និង​លោកស្រី ជឹង សុភាព មាន​ឈ្មោះ​ទទួល​ប្លង់​កម្មសិទ្ធិ​ពី​ចំណែក​ដី ១២,៤៤ ហិកតារ ដែល​គេ​បាន​ប្រកាស​តាម​អនុក្រិត្យ​ថា​សម្រាប់​អ្នក​បឹងកក់​ដែរ​នោះ ។ ទី​២ គឺ​ដោយសារ​ក្រុមហ៊ុន ស៊ូកាគូ លក់​ដី​បឹងកក់​ទំហំ ១,៣ ហិកតារ ឲ្យ​ទៅ​ក្រុមហ៊ុន អេចឆ៍.អិល.អេចឆ៍ (HLH) ដោយ​មាន​ការ​ចុះ​ផ្សាយ​តាម​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ផង ហើយ​ទី​៣ នោះ​គឺ​បន្ទាប់​ពី​មាន​ការ​ចាប់​ផ្ដើម​សង់​បន្ទាយ​ប៉េអឹម​នៅ​លើ​ដី​ជម្លោះ​នៅ​តំបន់​បឹងកក់ ។

ក្នុង​ពាក្យ​បណ្ដឹង ក្រុម​អ្នក​តវ៉ា​បាន​ស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បើក​ការ​ស៊ើប​អង្កេត​ចំពោះ​បុគ្គល ១២​រូប​ដែល​សុទ្ធ​តែ​ជា​មន្ត្រី​រដ្ឋាភិបាល​ហើយ​ដែល​ពួក​គេ​ចោទ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ក្នុង​ការ​ជួល​ដី និង​កាត់​ដី​នៅ​តំបន់​អភិវឌ្ឍន៍​នបឹងកក់​ឲ្យ​ក្រុមហ៊ុន ស៊ូកាគូ ក្នុង​នោះ​មាន លោក ឡៅ ម៉េងឃីន សមាជិក​ព្រឹទ្ធសភា និង ប្រធាន​ក្រុមហ៊ុន ស៊ូកាគូ លោក លោក កែប ជុតិម៉ា អតីត​អភិបាល​រាជ​ធានី​ភ្នំពេញ និង លោក ប៉ា សុជាតិវង្ស អភិបាល​រាជ​ធានី​ភ្នំពេញ ។

ក្នុង​ចំណោម​តំណាង ៥​នាក់​នៃ​ក្រុម​អ្នក​តវ៉ា​ដែល​បាន​ចូល​យក​ពាក្យ​បណ្ដឹង​ទៅ​ដាក់​ជូន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ អ្នកស្រី ទេព វន្នី មានប្រសាសន៍​ថា មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ថា​នឹង​ពិនិត្យ​ពាក្យ​បណ្ដឹង​ហើយ​និង​តាមដាន​ករណី​នេះ​តទៅ​ទៀត៖ « ខ្ញុំ​សង្ឃឹម​ថា​ប្រសិន​បើ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ពិត​ជា​ធ្វើ​ការ​ទៅ​តាម​ច្បាប់ តាម​កាតព្វកិច្ច​ពិតប្រាកដ​មែន​ ខ្ញុំ​ជឿ​ថា​មន្ត្រី ដែល​ពាក់ព័ន្ធ​ដែល​មាន​ឈ្មោះ​ក្នុង​ពាក្យ​បណ្ដឹង​របស់​ខ្ញុំ​ប៉ុន្មាន គឺ​ត្រូវ​ជាប់​គុក​ទាំងអស់​ ហើយ​ពួក​ខ្ញុំ​នឹង​ទទួល​បាន​នូវ​យុត្តិធម៌ និង​ដំណោះស្រាយ​ទាំងអស់​គ្នា​នៅ​តំបន់​បឹងកក់ »

វិវាទ​ដី​ធ្លី​នៅ​តំបន់​បឹងកក់​បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជាង ៧​ឆ្នាំ​កន្លង​ទៅ​ហើយ ក្រោម​រូបភាព​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន ស៊ូកាគូ ហើយ​ក្នុង​អំឡុង​ពេល​នេះ សកម្មជន​ដីធ្លី​ជាង ១០​នាក់​បាន​ត្រូវ​គេ​ចាប់​ឃុំ​ខ្លួន​និង​ដាក់​គុក​ជា​បន្ត​បន្ទាប់ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។