តំណាងប្រជាពលរដ្ឋជិត ៦០គ្រួសារ រស់នៅភូមិ៣ សង្កាត់ស្រះចក រាជធានីភ្នំពេញ បន្តដង្ហោយរកប្រមុខដឹកនាំរដ្ឋាភិបាល ជួយផ្តល់សៀវភៅគ្រួសារ និងកម្មសិទ្ធិដីធ្លី ឬលំនៅឋានបានប្រើប្រាស់ស្របច្បាប់។
ប្រជាពលរដ្ឋភូមិ៣ ប្រមាណ ៣០នាក់ ដែលអះអាងថា ជាតំណាងពលរដ្ឋចំនួន ៥៨គ្រួសារ មានលំនៅឋានតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី មុខក្រសួងការពារជាតិ នៅថ្ងៃទី១៩ មិថុនា បានទៅប្រមូលផ្តុំគ្នានៅមុខប៉ុស្តិ៍ប៉ូលិសរដ្ឋបាលសង្កាត់ស្រះចក រាជធានីភ្នំពេញ ស្នើឲ្យជួយផ្តល់សៀវភៅគ្រួសារ និងប្លង់កម្មសិទ្ធិដីធ្លីជូនពួកគាត់។
នៅមុខប៉ុស្តិ៍ប៉ូលិសស្រះចក ពលរដ្ឋភូមិ៣ ក៏បានលើកបដាអំពាវនាវដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ឲ្យពួកគាត់ផ្ដល់សៀវភៅគ្រួសារ និងប្លង់កម្មសិទ្ធិដីធ្លីស្របច្បាប់ដូចពលរដ្ឋខ្មែរផ្សេងទៀតដែរ។
ពលរដ្ឋភូមិ៣ ឲ្យដឹងថា ពួកគាត់បានមកតាំងទីលំនៅក្នុងមូលដ្ឋាននេះនៅក្រោយឆ្នាំ១៩៧៩ មកម្ល៉េះ ប៉ុន្តែក្នុងរយៈពេលចន្លោះពី ២០ ទៅ ៣០ឆ្នាំមកនេះ អាជ្ញាធរពាក់ព័ន្ធមិនទាន់ចេញប្លង់កម្មសិទ្ធិដីធ្លី ឬសៀវភៅគ្រួសារជូនពួកគាត់ប្រើប្រាស់ទេ៖ «ប្រជាពលរដ្ឋរស់នៅហ្នឹងត្រូវការសៀវភៅគ្រួសារ ប៉ុន្តែប៉ូលិសគេហៅថាសៀវភៅក៤។ គេថាដីធ្លីលំនៅឋានយើងនៅហ្នឹងអត់មានប្លង់ គេអត់ចេញសៀវភៅគ្រួសារឲ្យទេ។ យើងរស់នៅតាំងពីឆ្នាំ១៩៧០ មក គេថាដីយើងនៅអត់មានច្បាប់។ ឥឡូវប្រជាជនចង់ឲ្យមានសៀវភៅគ្រួសារនេះ ចង់ឲ្យរស់នៅស្របច្បាប់។ ខ្មែររស់នៅលើដីខ្មែរ ត្រូវមានឯកសារឲ្យគ្រប់ទាំងអស់។ ត្រូវមានសៀវភៅគ្រួសារ។ គេក៏មានអីយើងក៏ត្រូវមានហ្នឹងដែរ»។
កាលពីថ្ងៃទី១០ ខែមិថុនា ពលរដ្ឋរស់នៅភូមិ៣ បានឈរលើកបដាតវ៉ានៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ម្តងរួចមកហើយ ដើម្បីស្នើឲ្យ លោក ហ៊ុន សែន ជួយអន្តរាគមន៍ផ្តល់ប្លង់កម្មសិទ្ធិដីធ្លីស្របច្បាប់។ បន្ទាប់មកនៅថ្ងៃទី១២ ខែមិថុនា លោក ឃួង ស្រេង អភិបាលរងសាលារាជធានីភ្នំពេញ ក៏បានបើកកិច្ចប្រជុំមួយ ដោយមានអាជ្ញាធរមូលដ្ឋាន និងពលរដ្ឋភូមិ៣ចូលរួមពិភាក្សាសំណើសុំប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋភូមិ៣។ ក្រោយបញ្ចប់កិច្ចប្រជុំ ថ្នាក់ដឹកនាំសាលារាជធានី ក៏បានណែនាំពលរដ្ឋទៅជួបមន្ត្រីនគរបាលរដ្ឋបាលប៉ុស្តិ៍សង្កាត់ស្រះចក ដើម្បីពិនិត្យលើសំណើពលរដ្ឋភូមិ៣។ ប៉ុន្តែពលរដ្ឋចោទថា មេប៉ុស្តិ៍ប៉ូលិសស្រះចក គេចមិនទទួលខុសត្រូវ ទើបពួកគាត់មកសួរនាំជាថ្មី។
លោក កាន់ វណ្ណៈ នាយប៉ុស្តិ៍ប៉ូលិសរដ្ឋបាលសង្កាត់ស្រះចក ខណ្ឌដូនពេញ បដិសេធមិនធ្វើអត្ថាធិប្បាយទេ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ដោយថ្លែងថា រង់ចាំដំណោះស្រាយពីថ្នាក់លើសិន។
លោក ចាន់ សុវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតដីធ្លីសមាគមអាដហុក (Adhoc) ថ្លែងថា រដ្ឋាភិបាលគួរផ្តល់យុត្តិធម៌ ឬពិចារណាផ្តល់កម្មសិទ្ធិដីធ្លីជូនពលរដ្ឋភូមិ៣ ទៅតាមសំណូមពរ ព្រោះពួកគាត់មានសិទ្ធិទទួលបានភាពស្របច្បាប់នៅលើដីធ្លីកំពុងរស់នៅ៖ «យើងពិនិត្យស្ថានភាពជាក់ស្តែងទៅលើស្ថានភាពរស់នៅរបស់ពួកគាត់ គឺជីវភាពរស់នៅរបស់ពួកគាត់ ភាពរុងរឿងរបស់ពួកគាត់ គឺសមស្របដែលគាត់ត្រូវតែបានទទួលនូវសិទ្ធិទទួលបានកម្មសិទ្ធិស្របច្បាប់តែម្តង ព្រោះម្នាក់ៗកើតកូនតំណតជាចៅ ការកូនសព្វបែបយ៉ាងទាំងអស់ ហើយទីបំផុត គាត់នៅតែមិនមែនជាម្ចាស់កម្មសិទ្ធិដដែល។ អ៊ីចឹងហើយបានជាពួកគាត់ព្យាយាមក្នុងដំណាក់កាលឆ្នាំ២០១៤ នេះ ឃើញព្យាយាមមែនទែនក្នុងការដាក់បញ្ជូនព័ត៌មាន និងពាក្យបណ្ដឹងរបស់គាត់ទៅអាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់ ដើម្បីស្នើសុំឲ្យមានការចេញប្លង់កម្មសិទ្ធិ ឬឯកសារផ្សេងៗពាក់ព័ន្ធជាមួយនឹងការចុះបញ្ជីការរស់នៅរបស់គាត់ហ្នឹងឲ្យបានសមស្រប»។
ទាក់ទិនបញ្ហានេះ តាមលិខិតជូនដំណឹងពីទីស្ដីការគណៈរដ្ឋមន្ត្រី មានចុះហត្ថលេខា លោក ប្រាក់ សុខុន អតីតរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១១ បានបង្ហាញថា ដីរដ្ឋមានទំហំផ្ទៃក្រឡាសរុបប្រមាណជាង ៨ពាន់ម៉ែត្រការ៉េ (៨.១៥០) មានទីតាំងនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ទុកជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសាងសង់ទីស្នាក់ការកណ្ដាលនៃគណៈកម្មការមូលបត្រកម្ពុជា។ ទោះជាបែបនេះក្តី ប្រជាពលរដ្ឋជិត ៦០គ្រួសារ ដែលមានលំនៅឋាននៅលើដីនោះ មិនព្រមចាកចេញតាមការទាមទាររបស់រដ្ឋាភិបាលទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
