ក្រុមអ្នកភូមិបឹងកក់ ប្រើថ្ងៃនៃទិវាក្ដីស្រឡាញ់ ហែញត្តិទាមទាររបស់ពួកគាត់ទៅជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីស្ដីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៤ កុម្ភៈ។ ប៉ុន្តែការប៉ុនប៉ងរបស់ពួកគាត់ត្រូវបានអាជ្ញាធរខណ្ឌដូនពេញ រារាំង។
ក្រុមអ្នកភូមិមានជម្លោះដីធ្លីរ៉ាំរ៉ៃនៅបឹងកក់ រាជធានីភ្នំពេញ ប្រមាណ ២០នាក់ និងរ៉ឺម៉កម៉ូតូពីរគ្រឿង ត្រូវបានអាជ្ញាធរខណ្ឌដូនពេញ រារាំងនៅច្រកចេញពីភូមិត្រង់ចំណុចវិហារឥស្លាម។ ពួកគាត់ត្រូវបានអាជ្ញាធរសន្តិសុខប្រាប់ហេតុផលថា ការមិនឲ្យទៅនេះ ព្រោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប់រវល់ជួបភ្ញៀវ។ ជំនួសការអនុញ្ញាតឲ្យអ្នកភូមិហែញត្តិទៅជូនលោកនាយករដ្ឋមន្ត្រី នៅឯទីស្ដីការគណៈរដ្ឋមន្ត្រីនោះ មន្ត្រីខណ្ឌដូនពេញ បានអញ្ជើញមន្ត្រីខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី គឺលោក គង់ ចំរើន មកទទួលញត្តិដល់ទីកន្លែងអ្នកភូមិរស់នៅក្នុងសហគមន៍បឹងកក់។
ក្រោយពេលទទួលញត្តិរបស់អ្នកភូមិហើយ លោក គង់ ចំរើន មិនមានប្រសាសន៍ច្រើនអំពីចំណាត់ការរបស់ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីលើញត្តិនេះយ៉ាងណាទេ ដោយលោកប្រាប់ ថា លោកមានការងាររវល់ផ្សេងទៀត។ ប៉ុន្តែលោកបញ្ជាក់ខ្លីថា លោកនឹងយកញត្តិរបស់អ្នកបឹងកក់នេះ ទៅជូនលោកនាយករដ្ឋមន្ត្រី។

ទោះជាយ៉ាងនេះក្ដី តំណាងអ្នកភូមិបឹងកក់ គឺលោកស្រី បូវ សោភា ថ្លែងថា ការប៉ុនប៉ងរបស់អ្នកភូមិដែលចង់ទៅជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលនេះជាលើកទីបីហើយ ហើយនៅតែមិនបានជួបដដែល។ លោកស្រីមិនសង្ឃឹមថា ញត្តិរបស់ពួកអ្នកភូមិពេលនេះ នឹងមិនបានទៅដល់ដៃលោកនាយករដ្ឋមន្ត្រីដដែល៖ « តែអ្វីដែលខ្ញុំសង្ឃឹម គឺប្រព័ន្ធព័ត៌មានដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គាត់តែងតែតាមដានបញ្ហានៅក្នុងសង្គមទាំងអស់។ អ៊ីចឹងខ្ញុំជឿជាក់ថា គាត់ប្រហែលជាមិនបិទបាំង ឬក៏មិនមើលឃើញដូចទង្វើពីមុនមក ដែលគាត់មិនបានចាប់អារម្មណ៍ពីព័ត៌មានទេ។ ខ្ញុំជឿជាក់ថា អ្វីទៅដល់គាត់ គឺព័ត៌មាននៅថ្ងៃនេះ គឺសណ្ដាប់ធ្នាប់ ឬក៏កូនចៅគាត់ព្យាយាមបំបាត់ព័ត៌មានមិនឲ្យទៅដល់ដៃគាត់ប៉ុណ្ណោះ » ។
ញត្តិដែលពួកលោកស្រីដាក់ជូនលោកនាយករដ្ឋមន្ត្រីនៅថ្ងៃទី១៤ ខែកុម្ភៈ មានអមដោយដីការបស់សាលាដំបូងមួយចំនួនដែលបានចេញកាលពីអំឡុងខែតុលា ឆ្នាំ២០១៦ និងខែមករា ឆ្នាំ២០១៧ កោះហៅពួកអ្នកស្រីទៅបំភ្លឺរឿងហេតុហិង្សា ក្នុងពេលតវ៉ាកាលពីឆ្នាំ២០១៣។ ក្នុងញត្តិនេះ ក៏មានដីកាសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីខែមករា ដាក់លោកស្រី ង៉ែត ឃុន ហៅ យាយ ម៉ាំមី ឲ្យនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ពីបទហិង្សាដោយចេតនា ដែលហាមឃាត់មិនឲ្យចេញក្រៅដែនដីកំណត់ ឬផ្លាស់ប្ដូរទីលំនៅ។ លោកស្រី បូវ សោភា ហៅការសម្រេចនេះ ជាការយកសធ្វើជាខ្មៅ៖ « គាត់ត្រូវវាយឲ្យបែកក្បាល តែអ្នកដែលវាយគាត់ប្ដឹងគាត់ តែបែរជាមានការចោទគាត់ជាជនដៃដល់ទៅវិញ ហើយនេះវាជារឿងសទៅជាខ្មៅ ខ្មៅទៅជាស អាក្រក់ទៅជាល្អ។ សម្រាប់ទាំងអស់នេះហើយដែលធ្វើឲ្យយើងអស់សង្ឃឹមទៅលើប្រព័ន្ធតុលាការ ហើយនិងរដ្ឋធម្មនុញ្ញនៅក្នុងប្រទេសកម្ពុជា ដូចជាមិនមានអង្គណាមួយគោរពទៅតាមរដ្ឋធម្មនុញ្ញទាំងអស់នេះទេ។ ក្នុងញត្តិនោះមួយទៀត គឺពួកខ្ញុំសុំឲ្យមានអន្តរាគមន៍ដោះលែងអ្នកស្រី ទេព វន្នី ហើយចំណុចទីបី គឺចង់ឲ្យគាត់បញ្ចប់ជម្លោះដីធ្លីនៅតំបន់បឹងកក់ ព្រោះគាត់មានតួនាទីសំខាន់ណាស់ ដែលបញ្ចប់រឿងដីធ្លីនៅតំបន់បឹងកក់បាន ព្រោះវាជាអនុក្រឹត្យរបស់គាត់ ព្រោះគាត់ជាអ្នកកាត់ដីជូនប្រជាពលរដ្ឋដែលនៅសេសសល់ » ។
ក្នុងពេលដែលអាជ្ញាធររារាំងអ្នកបឹងកក់ មិនឲ្យហែញត្តិក្ដីចេញពីភូមិនោះ មិនមានការប៉ះទង្គិចគ្នាដោយហិង្សាទេ។ ប៉ុន្តែមានការប៉ះសម្ដីគ្នាតឹងសរសៃកពេលដែលអ្នកភូមិឮថា មន្ត្រីអាជ្ញាធរម្នាក់ជេរពួកគាត់។ ចុងក្រោយពួកគាត់លើកបដាតវ៉ានៅទីនោះ ហើយបំបែកគ្នាវិញ ក្រោយពេលមន្ត្រីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីទទួលញត្តិរបស់ពួក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
