អ្នក​បឹងកក់​ស្នើសុំ​សហគមន៍​អន្តរជាតិ​ជួយ​ដោះស្រាយ​ជម្លោះ​ដីធ្លី

0:00 / 0:00

ការ​អភិវឌ្ឍ​ក្នុង​ទីក្រុង​ដែល​បាន​កើត​មាន​ក្រោយ​ការ​តាំង​លំនៅ​របស់​ប្រជាពលរដ្ឋ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​កំពុង​រស់នៅ ហើយ​បង្ក​ឲ្យ​មាន​ការ​តវ៉ា​ច្រើន​ឆ្នាំ​មិន​ឈប់ឈរ ខណៈ​អ្នក​អនុវត្តន៍​ច្បាប់​នៅ​ប្រទេស​កម្ពុជា មិន​បាន​គោរព​ច្បាប់​ភូមិបាល​ឆ្នាំ​២០០២។

ជាក់ស្តែង អ្នក​ភូមិ​បឹងកក់ នៅ​លើ​គោក និង​ក្នុង​ទឹក ១០​ភូមិ ត្រូវ​បាន​ក្រុមហ៊ុន​ស៊ូកាគូ បូម​ខ្សាច់​ពន្លិច​ផ្ទះ បង្ខំ​ឲ្យ​ផ្ដិត​មេដៃ​យក​ប្រាក់​តិចតួច ហើយ​ចាក​ចេញ​ពី​ផ្ទះ​ទាំង​ក្តៅ​ក្រហាយ។ អ្នក​ខ្លះ​មិន​ព្រម​យក​ប្រាក់​តិចតួច​នោះ ក៏​នៅ​តវ៉ា​មក​ដល់​សព្វថ្ងៃ។ រហូត​ស្ត្រី​មួយ​ចំនួន​ជាប់​គុក ព្រោះ​តែ​តវ៉ា​ដើម្បី​ផ្ទះ​សម្បែង​របស់​ខ្លួន​នោះ។

បច្ចុប្បន្ន អ្នកស្រី យ៉ោម បុប្ផា ជាប់​ពន្ធនាគារ​នៅ​ឡើយ។ ប៉ុន្តែ​ដោយសារ​តែ​ការ​តវ៉ា​នៅ​មិន​ទាន់​មាន​លទ្ធផល​វិជ្ជមាន ពួក​គាត់​នាំគ្នា​ធ្វើ​សន្និសីទ​សារព័ត៌មាន​ទៀត បង្ហាញ​ពី​ការ​រក​ឃើញ​ឈ្មោះ​សមាជិក​ព្រឹទ្ធសភា​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ស៊ូកាគូ ស្ថិត​នៅ​ក្នុង​ដី​ពួក​គាត់​ដែល​ប្រមុខ​រដ្ឋាភិបាល​ប្រគល់​ឲ្យ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​ទំហំ ១២,៤៤​ហិកតារ។

អ្នក​ភូមិ​បឹងកក់ ទាមទារ​ក្នុង​សន្និសីទ​សារព័ត៌មាន កាល​ពី​ព្រឹក​ថ្ងៃ​ទី២ ខែ​ឧសភា សុំ​ឲ្យ​ធនាគារ​ពិភពលោក ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​ម្ចាស់​ជំនួយ​នានា ជំរុញ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ចេញ​ប្លង់​កម្មសិទ្ធិ​ដី និង​ផ្ទះ​ដល់​ពួក​គាត់​ដែល​នៅ​សល់។

អ្នកស្រី ផាន់ ឈុនរ៉េត ថ្លែង​ថា អនុក្រឹត្យ​លេខ​១៨៣ ចុះ​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ​២០១១ ដែល​លោក ហ៊ុន សែន ឆ្វៀល​ពី​ដី​អភិវឌ្ឍន៍​បឹងកក់ កាត់​ដី​មក​ឲ្យ​ពលរដ្ឋ​ជាង ៧៧០​គ្រួសារ អភិវឌ្ឍ​ខ្លួន​ឯង​នោះ ប៉ះ​ផ្ទះ​គាត់ គឺ​ស្ថិត​នៅ​ក្នុង​ដី​ក្រុមហ៊ុន។ គាត់​មិន​បាន​លក់​ដី​ឲ្យ​ក្រុមហ៊ុន​ទេ ទើប​គាត់​សុំ​ប្ដូរ​ពី​ដី​ពាក់ព័ន្ធ​ក្រុមហ៊ុន មក​នៅ​ក្នុង​ដី ១២,៤៤​ហិកតារ ដែល​ក្រុមហ៊ុន​បាន​ទិញ ប៉ុន្តែ​មិន​ទាន់​មាន​ការ​យល់​ព្រម៖ «ខ្ញុំ​នៅ​សព្វថ្ងៃ​ហ្នឹង ប៉ុន្តែ​ខ្ញុំ​មិន​ចង់​មាន​ជម្លោះ​ទៀត ខ្ញុំ​សុំ​ដូរ​មក​ក្នុង​ដី ១២,៤៤​ហិកតារ​វិញ»

អ្នកស្រី សុង ស្រីលាភ ថ្លែង​ថា អនុក្រឹត្យ​លេខ​១៨៣ ចុះ​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ​២០១១ នាយក​រដ្ឋមន្ត្រី​កាត់​ដី ១២,៤៤​ហិកតារ មក​ឲ្យ​ពលរដ្ឋ​បឹងកក់ អភិវឌ្ឍ​នៅ​កន្លែង​នោះ គឺ​បែង​ចែក​តំបន់​បឹងកក់ ជា​ពីរ​ចំណែក។ មួយ​ចំណែក ច្រើន​រយ​ហិកតារ ជា​ដី​របស់​ក្រុមហ៊ុន ក្នុង​នោះ​មាន​អ្នក​ភូមិ ៦១​គ្រួសារ​រស់នៅ​ក្នុង​ដី​កាត់​ឲ្យ​ទៅ​ក្រុមហ៊ុន។ ឯ​ដី​មួយ​ចំណែក​ទៀត​ឆ្វៀល​ចេញ​នោះ មាន​ទំហំ​តែ ១២,៤៤​ហិកតារ ជា​ដី​របស់​អ្នក​ភូមិ​បឹងកក់ ៧​ភូមិ មាន​ប្រជាពលរដ្ឋ​ជាង ៧៧០​គ្រួសារ សុំ​អភិវឌ្ឍ​នៅ​កន្លែង។ ប៉ុន្តែ​នៅ​ក្នុង​ដី ១២,៤៤​ហិកតារ មាន​ដី​ជាង ៤០០​ប្លង់ ស្មើ​នឹង​ដី​ជាង ២​ហិកតារ មាន​ឈ្មោះ​លោក ឡៅ ម៉េងឃីន សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ម្ចាស់​ក្រុមហ៊ុន​ស៊ូកាគូ ជា​ម្ចាស់​ដី​នោះ បាន​ទិញ​ដី​នោះ​មុន​អនុក្រឹត្យ​១៨៣ បាន​ចេញ។ ទើប​អ្នក​ភូមិ​ជាង ៦០​គ្រួសារ​ប៉ះពាល់​នៅ​ក្នុង​ដី​ក្រុមហ៊ុន​នោះ សុំ​ប្ដូរ​មក​នៅ​ក្នុង​ដី​ដែល​លោក ឡៅ ម៉េងឃីន បាន​ទិញ​នោះ​វិញ ជា​ការ​ដោះដូរ​ដី​បញ្ចប់​ការ​តវ៉ា៖ «ហើយ​កាល​ពី​គាត់​ទិញ គឺ​គាត់​ទិញ​នៅ​មុន​អនុក្រឹត្យ​ចេញ​លេខ​១៨៣។ ក្រោយ​ពី​គាត់​ទិញ​ហើយ ចាប់​ផ្ដើម​អនុក្រឹត្យ​ចេញ​លេខ​១៨៣ ហ្នឹង គឺ​ដី​ហ្នឹង​មិន​មែន​ជា​ដី​របស់​គាត់​ទៀត​ទេ ព្រោះ​ដី​ហ្នឹង​នៅ​ក្នុង​ដី ១២,៤៤​ហិកតារ។ អីចឹង ដី​ហ្នឹង គឺ​ត្រូវ​ប្រែ​ក្លាយ​មក​ជា​នៅ​ក្នុង ១២,៤៤​ហិកតារ សម្រាប់​ប្រទានកម្ម​ដល់​ប្រជាពលរដ្ឋ​ដែល​សេសសល់​វិញ»

លោក ចាន់ ពុទ្ធិស័ក ថ្លែង​ថា គាត់​សុំ​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ ទើប​ឡើង​កាន់​តំណែង​ថ្មី ជួយ​ផ្តល់​កម្មសិទ្ធិ​ដល់​គ្រួសារ​នៅ​សល់​ក្នុង​តំបន់​បឹងកក់ ដែល​មិន​ទាន់​មាន​ប្លង់​កម្មសិទ្ធិ ដោយសារ​ខ្សាច់​បូម​ពន្លិច​បំបាត់​ភស្តុតាង​ផ្ទះ។

អ្នកស្រី ទេព វន្នី ថ្លែង​ថា ពេល​រដ្ឋាភិបាល​កាត់​ដី​ជាង ១២​ហិកតារ មក​ឲ្យ​ពលរដ្ឋ​អភិវឌ្ឍ​នៅ​កន្លែង​នោះ គឺ​ពលរដ្ឋ​រស់នៅ​រាយប៉ាយ​ចំនួន ៧​ភូមិ គឺ​លេខ​១ លេខ​៦ លេខ​២០ លេខ​២១ លេខ​២២ លេខ​២៣ និង​លេខ​២៤ មាន​ចំនួន​ជាង ៧៧០​គ្រួសារ។ ប៉ុន្តែ​ប្លង់​សាលា​ក្រុង​វាស់​ដី ១២,៤៤​ហិកតារ វាស់​ចាប់​ពី​ក្រោយ​ក្រសួង​ព័ត៌មាន ទៅ​ក្រោយ​ស្ថានទូត​បារាំង គឺ​បាត់​ដី និង​ផ្ទះ​ប្រជាពលរដ្ឋ​ជាង ៦០​គ្រួសារ ដែល​នៅ​ក្បែរ​ផ្លូវ​លេខ​៧០ និង​អ្នក​នៅ​ជុំវិញ​បឹងកក់ ហើយ​សាលា​ក្រុង​បាន​បដិសេធ​ការ​រស់នៅ​របស់​គាត់។ ទើប​សន្និសីទ​កាសែត​នេះ គឺ​សុំ​បញ្ចូល​ពួក​គាត់​មក​រស់នៅ​ក្នុង​ដី ១២,៤៤​ហិកតារ៖ «សព្វថ្ងៃ​នេះ​ដែរ ក្រុមហ៊ុន​គឺ​មើល​ទៅ​ដូច​អត់​មាន​ពាក្យ​បណ្ដឹង ប្ដឹង​មក​ប្រជាពលរដ្ឋ​ទេ តែ​អ្នក​ដែល​ប្ដឹង​ប្រជាពលរដ្ឋ គឺ​មន្ត្រី​អាជ្ញាធរ​ទៅ​វិញ ជាពិសេស​គឺ​អភិបាល​ក្រុង ឯកឧត្តម កែប ជុតិមា ទៅ​វិញ ដែល​មាន​ជម្លោះ​ជាមួយ​ប្រជាជន​មិន​មែន​ក្រុមហ៊ុន​ទេ​ឥឡូវ​នេះ»

ការ​ទាមទារ​របស់​ពលរដ្ឋ​នៅ​បឹងកក់ មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​អភិបាល​រាជធានី​ភ្នំពេញ ទើប​ឡើង​កាន់​តំណែង​ថ្មី​នៅ​ឡើយ។

ពលរដ្ឋ​រស់នៅ​ក្នុង​បឹងកក់ មុន​ការ​ឲ្យ​ចេញ​ពី​ទី​នោះ​មាន ១០​ភូមិ ដែល​មាន​គ្រួសារ​សរុប ៤.២៥២​គ្រួសារ។ បច្ចុប្បន្ន​នៅ​សល់ ៧​ភូមិ មាន​ចំនួន​ជាង ៧៧០​គ្រួសារ ដែល​បន្ត​ការ​តវ៉ា​រាល់​ថ្ងៃ ដើម្បី​សុំ​សិទ្ធិ​នៃ​ការ​រស់នៅ​មាន​ផ្ទះ​សមរម្យ និង​រស់នៅ​ដោយ​មាន​កម្មសិទ្ធិ​ជាក់លាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។