ក្រុមស្ត្រីសហគមន៍មានទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃមកពីតំបន់បុរីកីឡា បឹងកក់ ព្រមទាំងស្ត្រីមកពីសហគមន៍អេស.អូ.អេស (SOS) បានលើកគ្នាតវ៉ាជាថ្មីនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ អំពាវនាវឲ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តជំរុញបន្ថែមឲ្យអភិបាលរាជធានីភ្នំពេញ ចុះដោះស្រាយផលប៉ះពាល់ជូនពួកគាត់ឲ្យបានចប់សព្វគ្រប់។ ការលើកគ្នាតវ៉ាជាថ្មីនេះ ដោយសារក្រុមស្ត្រីរងគ្រោះចោទប្រកាន់សាលារាជធានីភ្នំពេញ ថាកុហកពួកគាត់មិនព្រមដោះស្រាយផលប៉ះពាល់តាមកិច្ចសន្យាដែលបានព្រមព្រៀងគ្នា។
ការតវ៉ារបស់ក្រុមស្ត្រីបឹងកក់ និងបុរីកីឡា ដែលមានក្ដីសង្ឃឹមថា អាចសំណូមពរឲ្យរដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា ចេញមុខផ្ទាល់រកយុត្តិធម៌ឲ្យពួកគាត់ គឺមិនសម្រេចតាមបំណងឡើយ ដ្បិតមន្ត្រីក្រសួងនេះបានចេញមកប្រាប់ក្រុមតវ៉ាភ្លាមៗ ឲ្យបង្វែរទៅតវ៉ានៅខាងមុខសាលារាជធានីភ្នំពេញវិញ ព្រោះសាលារាជធានីភ្នំពេញ ទើបជាអ្នកមានសមត្ថកិច្ចអាចដោះស្រាយបញ្ហាដីធ្លីនៅតំបន់ទាំងនោះបាន។
តំណាងសហគមន៍ដីធ្លីបុរីកីឡា លោកស្រី ភោគ សុភិន ថ្លែងក្នុងពេលតវ៉ាថា ពលរដ្ឋសហគមន៍បុរីកីឡាដែលចង់ឲ្យសាលារាជធានីភ្នំពេញដោះស្រាយបញ្ចប់បញ្ហាដីធ្លី គឺសរុបចំនួន ៨៤គ្រួសារទៀត ប៉ុន្តែរយៈពេលកន្លងទៅ សាលារាជធានីភ្នំពេញតែងអះអាងថា បញ្ហាដីធ្លីនៅតំបន់នេះ ទោះដោះស្រាយយ៉ាងណាក៏មិនចេះចប់ដែរ ហើយសាលារាជធានីភ្នំពេញ ព្យាយាមជានិច្ចដើម្បីដោះស្រាយបញ្ហាដីធ្លីដ៏រ៉ាំរ៉ៃនេះឲ្យបានឆាប់៖ « បុរីកីឡាដែលនៅសេសសល់នេះ ដែលគាត់កិនកម្ទេចរបស់ពួកខ្ញុំទាំងស្រស់ៗ ម្ដេចគាត់បដិសេធចោលអ៊ីចឹង ឥឡូវខ្ញុំមកថ្ងៃហ្នឹងសុំឲ្យលោក ជា សុផារ៉ា ជួយរកយុត្តិធម៌ឲ្យបុរីកីឡាដែលសេសសល់។ ខ្ញុំមានក្រដាសចេញពីក្រសួងដែនដីទៅសាលាក្រុងដែរ ប៉ុន្តែសាលាក្រុងកុហកពួកខ្ញុំរហូត ឲ្យពួកខ្ញុំរង់ចាំដល់ណាទៀត » ។
តំណាងរូបនេះបន្ថែមថា ការតវ៉ាជាថ្មីនេះ ដោយសារសាលារាជធានីភ្នំពេញមិនបានគោរពតាមកិច្ចសន្យា ដែលថានឹងកោះហៅតំណាងដីធ្លីមកដោះស្រាយនៅថ្ងៃទី២ មករា កន្លងទៅ ប៉ុន្តែមកដល់ថ្ងៃទី១៦ កុម្ភៈ ទៅហើយ បែរជាមិនឃើញសាលារាជធានីភ្នំពេញកោះហៅដូចអ្វីដែលខ្លួនបានសន្យាឡើយ។
ចំណែកតំណាងពលរដ្ឋបឹងកក់ ៧គ្រួសារ ស្ថិតនៅភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ លោកស្រី លី ចាន់ណារី ថ្លែងថា លោកស្រីតែងតែមកតវ៉ាជាញឹកញាប់ចាប់តាំងពីក្រសួងដែនដី បង្កើតឲ្យមានគណៈកម្មការជំនាញដោះស្រាយដីធ្លីក្នុងខែមេសា ឆ្នាំ២០១៦ មក ប៉ុន្តែការតវ៉ាទាំងនោះ មិនទទួលបានលទ្ធផលអ្វីទាំងអស់៖ « ពលរដ្ឋ ៧គ្រួសារនៅភូមិ១ ទាមទារតែដីធ្លីត្រឡប់មកវិញទេ ដែលក្រុមហ៊ុនបូមពន្លិចតាំងពីឆ្នាំ២០១០ មក។ ទាមទារតែ៦៣ % ដែលគាត់ធ្លាប់ដោះឲ្យ ៦គ្រួសារ ព្រោះភូមិខ្ញុំមាន ១៣គ្រួសារ » ។
ក្រុមស្ត្រីតវ៉ាបញ្ជាក់ថា ការបណ្ដោយឲ្យបញ្ហាដីធ្លីអូសបន្លាយរាប់ឆ្នាំ រឹតតែធ្វើឲ្យប៉ះពាល់មុខមាត់រដ្ឋាភិបាល ជាពិសេសធ្វើឲ្យប៉ះពាល់ជីវភាពពួកគាត់ធ្លាក់ដុនដាប ដោយសាររយៈពេលកន្លងទៅ ពួកគាត់មិនបានទៅបំពេញការងារចិញ្ចឹមជីវិតដូចពលរដ្ឋសាមញ្ញដទៃទៀតឡើយ ព្រោះរវល់តែរឿងតវ៉ាដីធ្លី។ ដូច្នោះ ពួកគាត់សង្ឃឹមថា សាលារាជធានីភ្នំពេញ នឹងផ្ដល់ក្ដីអាណិតបញ្ចប់បញ្ហាឲ្យបានឆាប់។ រីឯអតីតអ្នកបឹងកក់ ដែលត្រូវបានជម្លៀសចេញ ក៏បានចូលរួមតវ៉ា និងទាមទារសំណងបន្ថែមដែរ។
លោកស្រី ច្រាយ នីម មកពីសហគមន៍អេស.អូ.អេស (SOS) បញ្ជាក់ថា ពលរដ្ឋ ៥ភូមិមានចំនួនជិត ៦០០គ្រួសារ ដែលព្រួយបារម្ភពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិ ដូចជាភូមិគោកចំបក់ ភូមិត្រពាំងល្វា ភូមិតាងួន ជាដើម គឺអំពាវនាវឲ្យសាលារាជធានីភ្នំពេញ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើយ៉ាងណាជំរុញឲ្យអាជ្ញាធរចេញប្លង់ដីកម្មសិទ្ធិជូនពួកគាត់ឲ្យបានមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់។
នៅសាលារាជធានីភ្នំពេញ ស្ត្រីមានបញ្ហាដីធ្លីប្រហែល ៥នាក់ ត្រូវបានអនុញ្ញាតឲ្យចូលទៅពិភាក្សាជាមួយមន្ត្រីជំនាញដោះស្រាយបញ្ហាដីធ្លី។ ទោះជាយ៉ាងណា ការពិភាក្សាជិត ២ម៉ោងត្រូវបានបញ្ចប់ ក្រុមស្ត្រីតវ៉ាបញ្ជាក់ថា ការពិភាក្សាដ៏តានតឹង ពុំទទួលផលប្រយោជន៍សម្រាប់សហគមន៍បឹងកក់ទាំង ៨៤គ្រួសារឡើយ ប៉ុន្តែសហគមន៍បុរីកីឡាទាំង ៧គ្រួសារ ត្រូវបានសាលារាជធានីភ្នំពេញ សន្យាដោះស្រាយបញ្ចប់នៅចុងខែកុម្ភៈ នេះ។
ក្រុមស្ត្រីតំណាងសហគមន៍ដីធ្លី បុរីកីឡា បឹងកក់ និងមកពីសហគមន៍អេស.អូ.អេស ព្រមានថា ប្រសិនបើសាលារាជធានីភ្នំពេញ នៅតែព្រងើយកន្តើយចំពោះការទាមទារបែបនេះទៀត និងមិនគោរពតាមកិច្ចសន្យា ពួកគាត់នឹងអាចប្រមូលផ្ដុំគ្នាទៅតវ៉ានៅមុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
