អតីត​អ្នក​បឹង​កក់​តវ៉ា​ទាមទារ​សំណង​ពី​សាលា​រាជធានី

អតីត​អ្នក​ភូមិ​បឹងកក់ ប្រមាណ ១០០​នាក់ និង​ព្រះសង្ឃ​ប្រមាណ ៥០​អង្គ បាន​តវ៉ា​ដោយ​បិទ​ផ្លូវ​ព្រះមុនីវង្ស និង​មាន​ដុត​កង់​ឡាន​ផង នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ តាំង​ពី​ព្រឹក​រហូត​ដល់​ពេល​ល្ងាច ថ្ងៃ​ច័ន្ទ ទី​២៣ ធ្នូ ដើម្បី​សុំ​ឲ្យ​អភិបាល​សាលា​រាជធានី ដោះស្រាយ​បញ្ហា​ទាមទារ​សំណង​បន្ថែម​ជុំវិញ​ការ​ជម្លៀស​ពួកគាត់​ចេញ​ទៅ​កាន់​ទីតាំង​ថ្មី។

0:00 / 0:00

ប្រជាពលរដ្ឋ​បាន​បិទ​ផ្លូវ​នៅ​លើ​កំណាត់​ផ្លូវ​ព្រះមុនីវង្ស មុខ​សាលា​រាជធានី​ភ្នំពេញ ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ​ ពីរ​លើក​ក្នុង​មួយ​ថ្ងៃ គឺ​ថ្ងៃ​ទី​២៣ ធ្នូ បណ្តាល​ឲ្យ​មាន​ការ​កកស្ទះ​ចរាចរណ៍​នៅ​តំបន់​នោះ​ជា​ច្រើន​ម៉ោង។

ក្រុម​អ្នក​តវ៉ា​ដែល​រួម​មាន​ព្រះសង្ឃ​ផង​នោះ បាន​សុំ​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ ចេញ​មុខ​មក​ជួប​ប្រជាពលរដ្ឋ​ផ្ទាល់ ដើម្បី​ពន្យល់​អំពី​ការ​យឺតយ៉ាវ​ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​ការ​ស្នើ​សុំ​ប្រាក់​សំណង​បន្ថែម​ក្រោយ​ពី​បណ្ដេញ​ពួក​គាត់​ចេញ​ពី​បឹងកក់ តាំង​ពី​ឆ្នាំ​២០០៩ ខ្លះ ២០១០ មក​នោះ។

ប៉ុន្តែ​ការ​ស្នើ​សុំ​របស់​ពួកគាត់​ពុំ​មាន​ការ​ឆ្លើយ​តប ទើប​ពួក​គាត់​សម្រេច​បិទ​ផ្លូវ​ប្រមាណ​ជាង​មួយ​ម៉ោង គឺ​នៅ​ម៉ោង​ប្រមាណ ៩ ដល់​ម៉ោង​ជាង ១០​ព្រឹក ទើប​មាន​អាជ្ញាធរ​ដាក់​កម្លាំង​បង្ក្រាប​ជា​ការ​គំរាម​ផង និង​អំពាវនាវ​សុំ​ឲ្យ​អ្នក​តវ៉ា​ជ្រើស​តំណាង ៥​នាក់​ចូល​ទៅ​ចរចា​នៅ​ក្នុង​ការិយាល័យ ហើយ​យល់​ព្រម​បើក​ផ្លូវ​ឲ្យ​អ្នក​ដំណើរ​ធ្វើ​ចរាចរណ៍​ធម្មតា​ឡើង​វិញ។

តំណាង​អ្នក​ភូមិ លោកស្រី សៀ ណារ៉េត ឲ្យ​ដឹង​ថា ការ​បណ្តេញ​ពួកគាត់​ចេញ​ពី​កន្លែង​ធ្លាប់​រស់​នៅ​ក្នុង​តំបន់​បឹងកក់​នោះ គឺ​ធ្វើ​ឡើង​ទាំង​បង្ខំ​ដោយ​ផ្តល់​លុយ​ឲ្យ​តិចតួច ហើយ​សន្យា​ថា នឹង​ដោះស្រាយ​ផ្តល់​ទីជម្រក​ស្នាក់នៅ​សមរម្យ​ជា​ក្រោយ ប៉ុន្តែ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ពួក​គាត់​រស់​ទាំង​វេទនា ដោយ​គ្មាន​ទី​ជម្រក​ស្នាក់​នៅ​សមរម្យ ពុំ​មាន​មុខ​របរ កូន​រៀន​ពុំ​បាន​ដិតដល់ ដោយសារ​ការ​តាំង​ទី​លំនៅ​ឆ្ងាយ​ពី​ក្រុង ហើយ​ខ្លះ​មាន​ការ​​ផ្លាស់​លំនៅ​ជា​ញឹកញាប់​ដោយសារ​កត្តា​ជីវភាព។

លោកស្រី សៀ ណារ៉េត មាន​ប្រសាសន៍​ថា សាលាក្រុង​ឲ្យ​បំពេញ​សលាកបត្រ​ព័ត៌មាន​ស្តីពី​ស្ថានភាព​គ្រួសារ និង​សំណូមពរ ហើយ​ប្រជាពលរដ្ឋ​បាន​បំពេញ​និង​បាន​សំណូមពរ​នូវ​សំណង​បន្ថែម គិត​ជា​ប្រាក់​យ៉ាង​តិច ៨​ពាន់​ដុល្លារ ដើម្បី​ទិញ​ផ្ទះ​រស់​នៅ​ដោយ​ខ្លួន​ឯង​បាន​សមរម្យ។ លោកស្រី​បញ្ជាក់​ថា សំណើ​នោះ​ធ្វើ​ឡើង​តាំង​ពី​ខែ​សីហា ឆ្នាំ​២០១៣ រហូត​មក​ដល់​ពេល​នេះ​ពុំ​មាន​ការ​ដោះស្រាយ ឬ​ឆ្លើយ​តប​យ៉ាង​ណា​ឡើយ។

តំណាង​ដដែល​បាន​បញ្ជាក់​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ធ្នូ ពលរដ្ឋ​យល់​ព្រម​បើក​ផ្លូវ និង​រក្សា​ភាព​ស្ងៀម​ស្ងាត់​ដើម្បី​ចូល​ចរចា​រក​ដំណោះស្រាយ​ជាមួយ​អភិបាល​ក្រុង លោក ប៉ា សុជាតិវង្ស ប៉ុន្តែ​លោក​ពុំ​ព្រម​មក​ជួប​ដោយ​ផ្ទេរ​ទៅ​ឲ្យ​ជួប​ជាមួយ​អភិបាល​រង​លោក ឃួង ស្រេង ប៉ុន្តែ​ពលរដ្ឋ​មិន​ព្រម​ជួប​ចរចា​ទេ ដោយ​ពួក​គាត់​គិត​ថា ជំនួប​ត្រឹម​អភិបាល​រង​ដដែល នឹង​គ្មាន​លទ្ធផល​ទេ ទើប​តំណាង​ពលរដ្ឋ​ទាំង ៥​នាក់​នោះ ចេញ​មក​នាំ​គ្នា​បិទ​ផ្លូវ​ជា​ថ្មី​ទៀត​នៅ​ម៉ោង​ជាង ១១​ថ្ងៃ​ត្រង់ រហូត​ដល់​ល្ងាច​ថ្ងៃ​ដដែល​ដោយ​ដុត​កង់​ឡាន​ផង ដើម្បី​ដាក់​សម្ពាធ​ទៅ​អាជ្ញាធរ​ទទួល​យក​សំណើ​ប្រជាពលរដ្ឋ។

វិទ្យុ​អាស៊ីសេរី ពុំ​ទាន់​អាច​ទាក់ទង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ដើម្បី​សុំ​សេចក្តី​ពន្យល់​អំពីការ​តវ៉ា​របស់​ពលរដ្ឋ​បាន​ទេ នៅ​ថ្ងៃ​ច័ន្ទ ​ទី​២៣ ធ្នូ។

នាយក​លេខាធិការដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ មាន​ប្រសាសន៍​ថា ដើម្បី​បញ្ចប់​រឿង​នេះ អ្នក​បង្ក​បញ្ហា មាន​អាជ្ញាធរ និង​ក្រុមហ៊ុន​ជា​ដើម​នោះ ត្រូវ​ចេញ​មុខ​ដោះស្រាយ ដោយ​ទទួល​ខុស​ត្រូវ​លើ​ការ​សន្យា​របស់​ខ្លួន​កន្លង​មក។

អ្នក​ភូមិ​បឹងកក់​ដែល​ព្រម​ចាក​ចេញ​ពី​លំនៅឋាន​របស់​ខ្លួន​ទាំង​បង្ខំ បន្ទាប់​ពី​ទ្រាំ​លែង​បាន​ដោយសារ​ការ​បូម​ខ្សាច់​ពន្លិច​ផ្ទះ​របស់​គាត់​នោះ មាន​បាន​ដាក់​សំណើ​សុំ​ឲ្យ​ដោះស្រាយ​សំណង​បន្ថែម​មក​សាលា​រាជធានី និង​បាន​នាំ​គ្នា​ឈរ​តវ៉ា​នៅ​មុខ​សាលា​រាជធានី​នោះ​ជា​ច្រើន​លើក​មក​ហើយ តែ​ពុំ​មាន​ការ​ឆ្លើយ​តប ឬ​ផ្ដល់​ដំណោះស្រាយ​យ៉ាង​ណា​ឡើយ។

តែ​ទោះ​យ៉ាង​ណា ក្រុម​អ្នក​តវ៉ា​នៅ​តែ​ព្យាយាម​ធ្វើ​បាតុកម្ម​ដោយ​បិទ​ផ្លូវ​បន្ត​ទៀត បើ​សិន​ជា​ពុំ​មាន​ការ​ដោះស្រាយ​ណា​មួយ​ដែល​អាច​ឲ្យ​ពួក​គាត់​ទទួល​យក​បាន​ទេ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕