ក្រុមពលរដ្ឋមានជម្លោះដីធ្លីមកពីតំបន់បឹងកក់ បុរីកីឡា និងសហគមន៍ថ្មគោល ដង្ហែញត្តិរួមគ្នាទាមទារអោយអភិបាលថ្មីក្រុងភ្នំពេញ ផ្ដល់ដំណោះស្រាយបញ្ចប់ជម្លោះដីធ្លីឲ្យបានមុនការបោះឆ្នោតជាតិអាណត្តិទី៥។
ក្រុមអ្នកតវ៉ាបានថ្លែងប្រហាក់ប្រហែលគ្នាថា ពួកគេត្រូវការដំណោះស្រាយដែលអភិបាលក្រុងចាស់ គឺលោក កែប ជុតិមា ខកខានមិនបានផ្ដល់អោយនៅពេលមានការបណ្ដេញពលរដ្ឋចេញពីលំនៅឋាន៖ «ខ្ញុំសង្ឃឹមថា អភិបាលថ្មី ប៉ា សុជាតិវង្ស នេះ មិនយកគំរូតាមអភិបាលក្រុងចាស់ ឯកឧត្តម កែប ជុតិមា ទេ សូមអោយគាត់មានឆន្ទៈបម្រើប្រជាពលរដ្ឋ និងរាស្ត្រដែលរងគ្រោះទាំងអស់គ្នានេះ។ សូមអោយដោះស្រាយអោយបានឆាប់ជាបន្ទាន់ និងមានដំណោះស្រាយជាបន្ទាន់»។
ក្នុងការទាមទារ ក្រុមអ្នកបឹងកក់ បានបោះពុម្ពបដាមួយផ្ទាំងធំដែលជាអនុក្រឹត្យរបស់រដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០១១ ដែលបានសម្រេចកាត់ដីទំហំ ១២,៤៤ហិកតារ ប្រគល់អោយអ្នកភូមិដែលពុំព្រមចាកចេញ សម្រាប់អភិវឌ្ឍនៅហ្នឹងកន្លែង។
ករណីនេះ ពួកគេទាមទារអោយបោះព្រំដីបញ្ចូលអ្នកភូមិ ៤៨គ្រួសារទៀត ចូលក្នុងគម្រោងអភិវឌ្ឍន៍នៅហ្នឹងកន្លែង ផ្ដល់ប្លង់កម្មសិទ្ធិអោយពលរដ្ឋនៅសេសសល់អោយគ្រប់ចំនួន កសាងប្រព័ន្ធលូបណ្ដោះទឹកចេញពីភូមិ និងពិសេសផ្ដល់យុត្តិធម៌ដល់អ្នកស្រី យ៉ោម បុប្ផា។
ចំណែកអ្នកបុរីកីឡា និងសហគមន៍ថ្មគោល បានទាមទារដំណោះស្រាយសមរម្យនៅពេលមានការបណ្ដេញចេញ។ នៅពេលដែលពលរដ្ឋជាង ១០០គ្រួសារ កំពុងរស់នៅលើគំនរសំរាមក្រោយពេលក្រុមហ៊ុនផានអ៊ីម៉ិច ឈូសបំផ្លាញផ្ទះសម្បែង និង ១៨២គ្រួសារ ក្នុងសហគមន៍ថ្មគោល ក្បែរព្រលានយន្តហោះអន្តរជាតិភ្នំពេញ កំពុងប្រឈមនឹងការបណ្ដេញ។
តំណាងអ្នកបុរីកីឡា អ្នកស្រី ជុំ ង៉ាន់ មានប្រសាសន៍ថា ពួកគាត់ទាមទារអោយក្រុមហ៊ុន ផាន អ៊ីម៉ិច ត្រូវសង់អគារអោយគ្រប់ចំនួនតាមកិច្ចសន្យា៖ «ក្រុមហ៊ុនចេះតែម៉ោប្រមាថមើលងាយពួកយើង សុទ្ធតែដុតសម្លាប់ជះទឹកអាស៊ីតអីចឹង។ មួយថ្ងៃជាមួយថ្ងៃ ព្រឹកល្ងាចៗ។ តែពួកយើងថា អោយមានតែដំណោះស្រាយពេលណា ពួកយើងនឹងរុះចេញ យើងមិនចង់នៅទេហាលក្តៅហាលភ្លៀងបែបនេះ»។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែងថា ជម្លោះដីធ្លីនៅរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស សុំពេលសិក្សាករណីនីមួយៗ ហើយលោកនឹងចុះទៅដល់ទីតាំងដែលមានជម្លោះក្នុងពេលឆាប់ៗ៖ «ស្នើសុំអ្នកភូមិបឹងកក់ ប្រហែលជាចុងខែឧសភា នេះ គឺឯកឧត្តមអភិបាល លោកនឹងអាចផ្តល់ចម្លើយ ថាតើត្រូវធ្វើយ៉ាងម៉េច និងត្រូវហៅពួកគាត់ដើម្បីមកពិភាក្សាគ្នា។ ហើយនៅសប្ដាហ៍ក្រោយ នឹងមានការប្រជុំមួយនៃក្រុមការងារសាលារាជធានីភ្នំពេញ ហើយអាចចុះពិនិត្យជាក់ស្តែងតាមមួយករណីម្តងៗ»។
តំណាងអ្នកបឹងកក់ លោកស្រី ទេព វន្នី ដែលបានចូលជួបអភិបាលក្រុងថ្មី បានសង្ឃឹមថានឹងមានដំណោះស្រាយដល់ពួកគេអោយបានមុនការបោះឆ្នោតមកដល់។
នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ បញ្ជាក់ថា ប្រសិនបើអភិបាលក្រុងចាប់ផ្ដើមដោះស្រាយបញ្ហានេះដូចការសន្យានោះ បញ្ហាដីធ្លីទាំងនេះពិតជាមិនពិបាកដោះស្រាយសោះឡើយ៖ «ឯកឧត្តម ប៉ា សុជាតិវង្ស នេះដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់។ ចុងខែ៥ នេះ គឺគាត់សន្យាថាដោះស្រាយបញ្ចប់ជម្លោះនៅបឹងកក់»។
នៅក្នុងការតវ៉ានៅព្រឹកថ្ងៃទី៩ ខែឧសភា នេះ គេឃើញមានការដាក់ពង្រាយក្រុមសមត្ថកិច្ចចម្រុះចំនួនច្រើនជាងក្រុមអ្នកតវ៉ា នៅពេលដែលអ្នកភូមិបានដង្ហែញត្តិចេញពីតំបន់បឹងកក់ ប៉ុន្តែពុំឃើញមានសកម្មភាពគំរាមកំហែងដល់ក្រុមអ្នកតវ៉ាឡើយ ប៉ុន្តែមានការប៉ះពាល់ពាក្យសម្ដីរវាងក្រុមអ្នកតវ៉ា ជាមួយក្រុមសន្តិសុខសាលាក្រុងភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
