ដោយអស់ជំនឿចំពោះការដោះស្រាយរបស់រដ្ឋាភិបាលក្នុងជម្លោះដីធ្លី ក្រុមសហគមន៍បឹងកក់ បានទៅសុំអន្តរាគមន៍ពីស្ថានទូតកូរ៉េខាងត្បូង ប្រចាំប្រទេសកម្ពុជា វិញម្តង ដើម្បីឲ្យជួយជំរុញទៅរដ្ឋាភិបាលដោះលែងលោកស្រី យ៉ោម បុប្ផា និងដោះស្រាយដីជាង ១២ហិកតារ ដែលរដ្ឋាភិបាលសន្យាប្រគល់ឲ្យអ្នកភូមិបឹងកក់ ដែលនៅសេសសល់ចំនួន ៦៤គ្រួសារ។
ចំណែកតំណាងមន្ត្រីស្ថានទូតកូរ៉េខាងត្បូង ប្រចាំកម្ពុជា ដែលទទួលញត្តិរបស់អ្នកភូមិ សន្យាថានឹងពិនិត្យលើសំណើនេះ ប៉ុន្តែពុំបានសន្យាថាដោះស្រាយយ៉ាងណានោះទេ។
ក្រុមសហគមន៍បឹងកក់ ដែលមានជម្លោះដីធ្លីដ៏រ៉ាំរ៉ៃជាមួយក្រុមហ៊ុន ស៊ូកាគូ (Shukaku) របស់លោកឧកញ៉ា ឡៅ ម៉េងឃីន សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា បានប្រើប្រាស់ស្ទើរគ្រប់មធ្យោបាយ ដើម្បីជំរុញឲ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហារបស់ពួកគេ ប៉ុន្តែសំណើនេះនៅទីបំផុត មិនត្រូវបានរដ្ឋាភិបាលបង្ហាញជំហរក្នុងការបញ្ចប់ជម្លោះនោះឡើយ ដោយចាត់ទុកថាសកម្មភាពនៃការតវ៉ារបស់អ្នកភូមិនេះ គឺធ្វើឡើងក្រោមហេតុផលនយោបាយ។
លោកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ និងជាជ័យលាភីពានរង្វាន់ស្ត្រីឆ្នើម ដែលរៀបចំដោយអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) និយាយនៅថ្ងៃទី៨ ឧសភា ថា អ្វីដែលក្រុមសហគមន៍មានជម្លោះដីធ្លី ជ្រើសរើសយកការដោះស្រាយតាមកិច្ចអន្តរាគមន៍ពីស្ថានទូតនានា និងលើកចុងក្រោយនេះ ពីស្ថានទូតកូរ៉េខាងត្បូង ព្រោះពួកគេហាក់មានការអស់សង្ឃឹមទៅលើយន្តការដោះស្រាយវិវាទដីធ្លីរបស់រដ្ឋាភិបាល។
លោកស្រីបញ្ជាក់ថា ព្រោះសំណើរបស់ពួកខ្លួនក្នុងពេលកន្លងទៅ ហាក់ពុំមានការឆ្លើយតបជាវិជ្ជមានណាមួយនៅឡើយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោកទេ៖ «ព្រោះអីប្រទេសកូរ៉េខាងត្បូង ដែលគោរពនូវប្រជាធិបតេយ្យ។ ចាស! អ៊ីចឹង ខ្ញុំគិតថាគាត់មានតួនាទី និងកាតព្វកិច្ចត្រូវតែជួយអន្តរាគមន៍នឹងករណីបញ្ហារឿងហ្នឹង»។
បើតាមលោកស្រី ទេព វន្នី ការជ្រើសរើសសុំកិច្ចអន្តរាគមន៍ពីស្ថានទូតកូរ៉េខាងត្បូង នេះ គឺដើម្បីស្នើសុំឲ្យជួយជំរុញទៅរដ្ឋាភិបាល ដោះស្រាយដីជាង ១២ហិកតារ និងដោះលែងសកម្មជនការពារដីធ្លី គឺលោកស្រី យ៉ោម បុប្ផា ឲ្យមានសេរីភាពឡើងវិញ។ លោកស្រីគិតថា ព្រោះប្រទេសកូរ៉េខាងត្បូង គឺជាផ្នែកមួយដែលមានគោលនយោបាយប្រជាធិបតេយ្យប្រសើរជាងកម្ពុជា។ ហេតុនេះ ទំនងជាតំណាងស្ថានទូតរបស់ប្រទេសមួយនេះ អាចជួយពន្លឿនទៅរដ្ឋាភិបាលកម្ពុជា ដើម្បីជួយស្វែងរកដំណោះស្រាយរបស់ពួកគេបាន។
ទន្ទឹមនឹងក្រុមសហគមន៍បឹងកក់ ប្រមូលផ្ដុំគ្នាប្រហែល ៥០នាក់ នៅខាងមុខស្ថានទូតកូរ៉េខាងត្បូង នៅភ្នំពេញ ដោយឡែកជនជាតិកូរ៉េខាងត្បូង ក្រុមអង្គការលើកលែងទោសអន្តរជាតិ និងអ្នកភូមិបឹងកក់ លោកស្រី ប៉ូវ សោភា ក៏បានតវ៉ានៅខាងមុខស្ថានទូតខ្មែរ ប្រចាំនៅប្រទេសកូរ៉េខាងត្បូង ដែរ។ ការតវ៉ាដូចគ្នានេះ គឺដើម្បីទាមទារឲ្យរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះស្រាយជាបន្ទាន់ដីជាង ១២ហិកតារ ដែលសន្យាកាត់ឲ្យពលរដ្ឋនៅសេសសល់ជាង ៦៤គ្រួសារ និងដោះលែងលោកស្រី យ៉ោម បុប្ផា ដោយគ្មានលក្ខខណ្ឌ។
សំណើរបស់ក្រុមអ្នកភូមិបឹងកក់ ត្រូវបានតំណាងស្ថានទូតកូរ៉េខាងត្បូង ទទួលយក ប៉ុន្តែមិនបានបញ្ជាក់ថានឹងត្រូវឆ្លើយតបនៅពេលណានោះទេ។
ចំណែកលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ឲ្យដឹងថា លោក ប៉ា សុជាតិវង្ស ដែលទើបទទួលតួនាទីថ្មីជំនួសលោក កែប ជុតិមា សន្យាថានឹងរកមធ្យោបាយដោះស្រាយជម្លោះដីធ្លី ដូចជានៅតំបន់បឹងកក់ និងបុរីកីឡា។ ដោយឡែកករណីលោកស្រី យ៉ោម បុប្ផា លោកគិតថា គឺផុតពីដែនសមត្ថកិច្ចរបស់សាលារាជធានីភ្នំពេញ ដែលទទួលខុសត្រូវហើយ៖ «អ៊ីចឹង លោកត្រូវការទាមទារពេលវេលា ដើម្បីរៀបចំការងារដឹកនាំសាលារាជធានីភ្នំពេញ នេះ។ ការងារដឹកនាំសាលារាជធានីភ្នំពេញនេះដំបូងសិន ហើយលោកក៏បានសន្យាថាទុកពេលមួយសប្ដាហ៍ ដើម្បីឲ្យលោករៀបចំការងារនេះហើយ ឯកឧត្ដម លោកនឹងពិនិត្យសំណើ និងឯកសាររបស់បងប្អូនតាមហ្នឹងហើយ»។
មន្ត្រីអង្គការសង្គមស៊ីវិល ដែលឃ្លាំមើលការរំលោភសិទ្ធិមនុស្ស ចាត់ទុកថា រដ្ឋាភិបាលគួរចាត់វិធានការឆ្លើយតបដោយប្រសិទ្ធភាព ក្នុងន័យដើម្បីបញ្ចប់ជម្លោះ។ សង្គមស៊ីវិលគិតថា ការបន្តទុកបញ្ហា វានឹងជះឥទ្ធិពលកាន់តែអាក្រក់នៅថ្ងៃខាងមុខសម្រាប់សង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
