អ្នក​បឹងកក់​និង​បុរីកីឡា​បន្ត​តវ៉ា​មុខ​សាលា​ក្រុង​និង​ផ្ទះ​នាយករដ្ឋមន្ត្រី

ខណៈ​ពេល​ដែល​គណបក្ស​នយោបាយ​កំពុង​ធ្វើ​ការ​ឃោសនា​រក​សំឡេង​ឆ្នោត អ្នក​តវ៉ា​បញ្ហា​ដីធ្លី​នៅ​តែ​បន្ត​ទាមទារ ដើម្បី​ទទួល​បាន​ដំណោះស្រាយ​សមរម្យ​ពី​អាជ្ញាធរ​ក្រុង​ភ្នំពេញ។

0:00 / 0:00

ពលរដ្ឋ​នៅ​តំបន់​បឹងកក់ រួម​នឹង​អ្នក​បុរីកីឡា បាន​ប្រមូល​ផ្ដុំ​គ្នា​ជា​ថ្មី​ម្ដង​ទៀត ដោយ​ក្រុម​អ្នក​តវ៉ា​ធ្វើ​ការ​ទាមទារ​រក​ដំណោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួក​គេ មុខ​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២ ខែ​កក្កដា នេះ។

ដោយ​មិន​រំពឹង​ថា អភិបាល​ក្រុង​ភ្នំ​ពេញ លោក ប៉ា សុជាតិវង្ស អាច​ផ្ដល់​ការ​ដោះស្រាយ​ណា​មួយ​ដល់​ពួក​គេ​បាន​ដូច​អ្វី​ដែល​បាន​សន្យា​នោះ ក្រុម​អ្នក​តវ៉ា​ទាំង​នេះ​បាន​លើក​គ្នា​ទៅ​ស្វែង​រក​កិច្ច​អន្តរាគមន៍​នៅ​មុខ​ផ្ទះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ត​ទៀត។

ប៉ុន្តែ ការ​ស្វែង​រក​កិច្ច​អន្តរាគមន៍​នេះ ត្រូវ​បាន​អាជ្ញាធរ​រារាំង​ជា​ច្រើន​សារ ដោយ​ដាក់​ពង្រាយ​កង​កម្លាំង​សមត្ថកិច្ច​ប្រមាណ​ជា ២០០​នាក់ ប្រដាប់​ដោយ​ខែល និង​ដំបង។

តំណាង​អ្នក​បឹងកក់ អ្នកស្រី ទេព វន្នី បាន​សម្ដែង​ការ​ខក​ចិត្ត​ទៅ​លើ​ទង្វើ​សមត្ថកិច្ច ដែល​ប្រព្រឹត្ត​មក​លើ​ក្រុម​បាតុករ។ ហើយ​អ្នកស្រី​ក៏​សុំ​អោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ដល់​ពួក​គាត់​ផង​ដែរ។

អនុ​ប្រធាន​ផ្នែក​ច្បាប់ និង​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (Adhoc) លោក ណៃ វ៉ង់ដា មាន​ប្រសាសន៍​ថា លោក​ចង់​អោយ​កង​កម្លាំង​សមត្ថកិច្ច​ជៀសវាង​អោយ​បាន​ការ​ប្រើ​ហិង្សា​ជាមួយ​ក្រុម​បាតុករ ដែល​ភាគ​ច្រើន​ជា​ស្ត្រី។

ក្នុង​ហេតុការណ៍​នៃ​ការ​ទាមទារ​នេះ កម្លាំង​សមត្ថកិច្ច​រុញ​ច្រាន​អ្នក​តវ៉ា​បង្ក​អោយ​រង​របួស​ស្រាល​ជា​ច្រើន​នាក់។

ខណៈ​ពេល​ដែល​ក្រុម​អ្នក​តវ៉ា​បញ្ហា​ដីធ្លី​កំពុង​ប្រឈម​មុខ​នឹង​ក្រុម​សមត្ថកិច្ច ការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឃោសនា​នៅ​សួន​ច្បារ​វត្ត​បទុមវតី ដែល​មាន​ប្រគំ​តន្ត្រី និង​សម្រែក​ជ័យ​របស់​ខ្លួន​នៅ​ក្បែរ​នោះ ដំឡើង​សំឡេង​របស់​ខ្លួន​កាន់​តែ​ខ្លាំង។

ទោះ​បី​ជា​មាន​ការ​រារាំង​ពី​អាជ្ញាធរ​យ៉ាង​ណា​ក៏ដោយ ក្រុម​អ្នក​តវ៉ា​ដីធ្លី​តំបន់​បឹងកក់ និង​បុរីកីឡា នៅ​តែ​ប្ដេជ្ញា​រួម​គ្នា​ធ្វើ​ការ​ទាមទារ​បន្ត​ទៅ​ទៀត លុះត្រា​តែ​ពួក​គាត់​ទទួល​បាន​ដំណោះស្រាយ​ល្អ​ប្រសើរ​ពី​រដ្ឋាភិបាល។

កាល​ពី​រសៀល​ថ្ងៃ​ទី១ ខែ​កក្កដា ការ​ប៉ះ​ទង្គិច​មួយ​បាន​កើត​ឡើង​រវាង​ក្រុម​សមត្ថកិច្ច និង​អ្នក​រងគ្រោះ​ដីធ្លី ដោយ​បង្ក​អោយ​ស្ត្រី​បឹងកក់ ពីរ​នាក់ គឺ​អ្នកស្រី ខែក ចាន់រស្មី អាយុ ៣៣​ឆ្នាំ ដែល​មាន​ផ្ទៃ​ពោះ​ទើប​តែ​ពីរ​ខែ​កន្លះ រលូត​កូន​ខណៈ​ដែល​អ្នកស្រី​ចូល​ជួយ​អ្នក​តវ៉ា​ដទៃ​ទៀត។ ហើយ អ្នកស្រី បូវ សោភា អាយុ ៣៦​ឆ្នាំ រង​របួស​ត្រង់​ពោះ។ ហើយ​នៅ​ថ្ងៃ​ទី២៩ ឧសភា ក្រុម​អ្នក​តវ៉ា​បាន​ធ្វើ​បាតុកម្ម​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ អាជ្ញាធរ​បាន​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៣​គ្រឿង បាញ់​ទឹក​សន្ធាប់​ទៅ​លើ​ពួក​គាត់ ដែល​បណ្ដាល​ឲ្យ​ស្ត្រី ៣​នាក់ សន្លប់​នៅ​នឹង​កន្លែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។