អ្នក​បឹងកក់​២​នាក់​សន្លប់​ក្នុង​ពេល​ប៉ះ​ទង្គិច​ជាមួយ​ប៉ូលិស

ប៉ូលិស​បាន​បង្ក្រាប​អ្នក​ភូមិ​បឹងកក់ ដែល​នាំ​គ្នា​ទៅ​មុខ​ព្រះបរមរាជវាំង នៅ​ល្ងាច​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០១៣ ដើម្បី​ទៅ​រក​អន្តរាគមន៍​ពី​សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ដើម្បី​សុំ​ឲ្យ​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា ឲ្យ​មាន​សេរីភាព​វិញ ក្នុង​ពេល​ដែល​សម្ដេច​ព្រះ​មហាក្សត្រី​ចម្រើន​ព្រះជន្ម។

នៅ​ពេល​ដែល​ក្រុម​សមត្ថកិច្ច នឹង​សន្តិសុខ​ខណ្ឌ​ដូនពេញ រុញ​ក្រុម​អ្នក​ភូមិ​បឹងកក់​នោះ គឺ​បណ្ដាល​ឲ្យ​ស្ត្រី​ពីរ​នាក់​ដួលសន្លប់ និង​ស្ត្រី​ម្នាក់​ផ្សេង​ទៀត​រង​របួស​ដៃ។ តំណាង​អ្នក​ភូមិ​បឹងកក់ បាន​ថ្លែង​ថា គោល​បំណង​ដែល​ពួក​គាត់​មក​មុខ​ព្រះបរមរាជវាំង​នេះ ដើម្បី​ថ្វាយ​លិខិត​ដល់​ព្រះ​មហាក្សត្រី ជួយ​អន្តរាគមន៍​ដល់​អ្នក​ភូមិ​បឹងកក់ គឺ​មិន​មែន​មក​ឲ្យ​សមត្ថកិច្ច​ប្រើ​ហិង្សា​នោះ​ឡើយ។

ក្រោយ​ពេល​ដែល​ក្រុម​សមត្ថកិច្ច និង​ពលរដ្ឋ​រដ្ឋ​តំបន់​បឹងកក់ ប្រឈម​មុខដាក់​​គ្នា​បង្ក​ឲ្យ​មាន​របួស​ហើយ​នោះ ក្រុម​មន្ត្រី​ព្រះ​បរម​រាជវាំង​បាន​ចេញ​មក​ទទួល​ញត្តិ​របស់​អ្នក​ភូមិ​នៅ​ខាង​ក្រៅ​ព្រះ​បរម​រាជវាំង ហើយ​សុំ​ឲ្យ​អ្នក​ភូមិ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។

បើ​ទោះ​បី​ជា​យ៉ាង​ណា​មន្ត្រី​ស៊ើប​អង្កេត​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) បាន​ថ្លែង​ថា សមត្ថកិច្ច​គួរ​តែ​សម្រប​សម្រួល និង​ដោះ​ស្រាយ​ជា​មួយ​ពលរដ្ឋ​ដោយ​សន្តិវិធី មិន​គួរ​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​នោះ​ឡើយ។

ក្រុម​អ្នក​ភូមិ​បឹងកក់ បាន​ព្យាយាម​រក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​នានា ដើម្បី​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ដោះលែង​អ្នក​ស្រី យ៉ោម បុប្ផា ឲ្យ​មាន​សេរីភាព​វិញ និង​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​តំបន់​បឹងកក់​ឲ្យ​ចប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។