តំណាងអ្នកតវ៉ានៅតំបន់បឹងកក់ អ្នកស្រី ទេព វន្នី ថ្លែងនៅថ្ងៃទី២១ កក្កដា ថា គម្រោងដាក់ពាក្យបណ្ដឹងនេះ គឺបន្ទាប់ពីក្រុមរបស់អ្នកស្រីទទួលបានលិខិតឆ្លើយតបពីក្រសួងព័ត៌មានមួយច្បាប់ កាលពីថ្ងៃទី២០ កក្កដា ដែលថា អ្នកស្រីអាចធ្វើពាក្យបណ្ដឹងដាក់ទៅក្រសួងនេះបាន ដោយប្រើច្បាប់ស្ដីពីរបបសារព័ត៌មាន។
លិខិតឆ្លើយតបរបស់ក្រសួងព័ត៌មាន ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៣ បានណែនាំដល់ពលរដ្ឋនៅតំបន់បឹងកក់ ឱ្យប្រើប្រាស់មាត្រាច្បាប់ស្ដីពីរបបសារព័ត៌មាន ដើម្បីការសេចក្ដីថ្លៃថ្នូរ និងកិត្តិយសរបស់ខ្លួន។
កាលពីថ្ងៃទី១៨ ខែកក្កដា ពលរដ្ឋបឹងកក់ គឺក្រុមអ្នកស្រី ទេព វន្នី បានប្រមូលផ្ដុំគ្នាតវ៉ានៅខាងមុខក្រសួងព័ត៌មាន និងដាក់លិខិតជូនក្រសួងនេះ ដើម្បីសុំឱ្យអន្តរាគមន៍លើរឿងស្ថានីយទូរទស្សន៍ឯកជនមួយចំនួន ដែលផ្សាយអំពីបញ្ហាជម្លោះដីធ្លីនៅតំបន់បឹងកក់ ថា ជាការផ្សាយមិនអព្យាក្រឹត មានចរិតញុះញង់ បំបែកបំបាក់ បំភ្លៃខុសការពិត និងលម្អៀងទៅខាងក្រុមអ្នកតវ៉ាដែលបំបែកខ្លួនចេញពីក្រុមអ្នកស្រី ទេព វន្នី ហើយប្រឆាំងអ្នកស្រី ទេព វន្នី។
អ្នកស្រី ទេព វន្នី ថ្លែងថា អន្តរាគមន៍របស់ក្រសួងព័ត៌មាន ដែលក្រុមអ្នកស្រីចង់បាន គឺសុំឱ្យស្ថានីយទូរទស្សន៍ឯកជនទាំងនោះបញ្ឈប់ការផ្សាយខុសការពិតទាំងនោះ ហើយផ្សាយអំពីបញ្ហាដីធ្លីពិតប្រាកដ ដែលកើតឡើងនៅតំបន់បឹងកក់ នោះវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
