អ្នកស្រី ទេព វន្នី តំណាងអ្នកភូមិបឹងកក់ បានថ្លែងថា ការស្លៀកពាក់ពណ៌សនេះ គឺបញ្ជាក់ថា អ្នកភូមិបឹងកក់ ជាពិសេសអ្នកស្រី យ៉ោម បុប្ផា គឺជាមនុស្សស្អាតស្អំមិនមានកំហុស។
សាលាឧទ្ធរណ៍នឹងជម្រះសេចក្ដីអ្នកស្រី យ៉ោម បុប្ផា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៣។ ចំណែកឯក្រុមអ្នកភូមិបានទទូចឲ្យតុលាការកាត់ក្ដីដោយយុត្តិធម៌សម្រាប់អ្នកស្រី យ៉ោម បុប្ផា ជៀសវាងធ្វើតាមសម្ពាធនយោបាយ។
សកម្មជនដីធ្លីតំបន់បឹងកក់ ពីរនាក់ គឺលោកស្រី បូ ឆវី និង បូវ សោភា ដែលបានចូលរួមតវ៉ាដោយបង្អត់អាហារ បានជួលសន្លប់ នៅវេលាម៉ោងប្រមាណ ៩កន្លះយប់។
លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតរបស់អង្គការលីកាដូ មានប្រសាសន៍តាមទូរស័ព្ទក្បែរកន្លែងតវ៉ានៅមុខសាលាឧទ្ធរណ៍ថា សកម្មជនទាំងពីរនាក់បានដួលសន្លប់ដោយសារតែអត់អាហារតាំងពីព្រឹកថ្ងៃច័ន្ទ។ អ្នកទាំងពីរត្រូវបានជួយសង្គ្រោះ។ បច្ចុប្បន្នស្ថានភាពសុខភាពពួកគេបានធូរស្រាលវិញហើយ។
លោកបន្តថា ឥឡូវនេះអ្នកតវ៉ាអត់អាហារពីរនាក់ផ្សេងទៀតកំពុងអង្គុយអត់អាហារនៅសាលាឧទ្ធរណ៍នៅឡើយ។ អ្នកទាំងពីររួមមានតំណាងអ្នកភូមិបឹងកក់ អ្នកស្រី ទេព វន្នី និងលោកស្រី គង់ ច័ន្ទថា។ រហូតមកទល់នឹងម៉ោងប្រមាណ ១០យប់ អ្នកតវ៉ាប្រមាណ ៤០នាក់ នៅបន្តស្រែកតវ៉ាទាមទារឲ្យសាលាឧទ្ធរណ៍ពិចារណាដោះលែងសកម្មជនដីធ្លី អ្នកស្រី យ៉ោម បុប្ជា នៅឡើយ។
លោក អំ សំអាត សំដែងក្តីបារម្ភពីសុខភាព ក្រុមអ្នកតវ៉ានិងស្នើសុំឲ្យតុលាការពិចារណាដោះលែងអ្នកស្រី យ៉ោម បុប្ជា៖ «បើកាលណាអត់យូរពេកទៅវាកាន់តែធ្ងន់ធ្ងរទៅ។ យើងអត់អាចមើលឃើញថា តើស្ថានភាពសុខភាពរបស់គាត់ បើគាត់បន្តអត់អាហារទៅមុខទៀតនេះ នឹងប្រឈមបញ្ហាធ្ងន់ធ្ងរដល់កម្រិតណាទេ។ ឆ្លើយតបទាំងពីបញ្ហានៃការតវ៉ាកន្លងមក រហូតដល់ការអត់អាហារថ្ងៃនេះ ជាការបង្ហាញសារទៅដល់តុលាការកម្ពុជា ពិសេសសាលាឧទ្ធរណ៍ សូមឲ្យលោកពិនិត្យរឿងក្តីអ្នកស្រី យ៉ោម បុប្ជា នេះ ហើយបើតាមកន្លងមកយើងឃើញថា គ្មានភស្តុតាងណាមួយសម្រាប់ដាក់បន្ទុកទៅនឹងការចោទប្រកាន់អ្នកស្រី យ៉ោម បុប្ជា ដូចដែលសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសគាត់ទេ»។
ក្រុមអ្នកភូមិបឹងកក់ បានទទូចឲ្យតុលាការកាត់ក្ដីដោយយុតិធម៌ ជៀសវាងសម្ពាធនយោបាយ ហើយ បញ្ជាក់ថា នឹងបន្តធ្វើសមាធិបង្អត់អាហារមួយថ្ងៃមួយយប់ រហូតដល់ថ្ងៃអង្គារ ទី៤ ខែមិថុនា។ សាលាឧទ្ធរណ៍នឹងបើកសវនាការពិនិត្យសំណុំរឿងអ្នកស្រី យ៉ោម បុប្ផា នៅថ្ងៃទី៥ ខែមិថុនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។