អ្នក​បឹងកក់​និង​បុរីកីឡា​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ដីធ្លី​មុន​បោះឆ្នោត

នៅ​ខណៈ​ដែល​គណបក្ស​កាន់​អំណាច​មមាញឹក​នឹង​ការ​ឃោសនា​រក​សំឡេង​ឆ្នោត ដោយ​មិន​ទាន់​បាន​គិតគូរ​រក​ដំណោះស្រាយ​ឲ្យ​ជន​រងគ្រោះ​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន​ចិន ស៊ូកាគូ (Shukaku) នៅ​ឡើយ​នោះ អ្នក​បឹងកក់ បាន​លើក​គ្នា​មក​កាន់​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​ឲ្យ​បាន​មុន​ពេល​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល​ថ្មី ក្រោយ​ពេល​បោះឆ្នោត​ខាង​មុខ។

0:00 / 0:00

ជន​រងគ្រោះ​ដីធ្លី​ដែល​រួម​មាន​អ្នក​ភូមិ​បឹងកក់ អតីត​អ្នក​ភូមិ​បឹងកក់ និង​អ្នក​ភូមិ​បុរីកីឡា សរុប​ប្រមាណ ១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី១ ខែ​កក្កដា នេះ បាន​ធ្វើ​បាតុកម្ម​បិទ​មហាវិថី​ព្រះមុនីវង្ស នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ដោយ​ពួក​គេ​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ជា​បន្ទាន់​ពី​រាជ​រដ្ឋាភិបាល ឲ្យ​បាន​មុន​ពេល​បោះឆ្នោត។ ក្រុម​បាតុករ​បាន​ទាមទារ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ គោរព​តាម​ពាក្យ​សន្យា​ដែល​ថា​នឹង​ផ្តល់​ដំណោះស្រាយ​សមរម្យ​ជូន​ពួក​គេ។

អ្នកស្រី ទេព វន្នី តំណាង​អ្នក​ភូមិ​បឹងកក់ បាន​មាន​ប្រសាសន៍​ថា អ្នកស្រី និង​អ្នក​ភូមិ​បឹងកក់ ដទៃ​ទៀត មក​តវ៉ា​ឲ្យ​សាលា​រាជធានី​ចាត់​ចែង​ផ្តល់​ដំណោះស្រាយ​ឲ្យ​បាន​មុន​ពេល​មាន​រដ្ឋាភិបាល​ថ្មី៖ «ពួក​ខ្ញុំ​មក​ត្រូវ​ការ​យុត្តិ​ធម៌ ការ​ដោះស្រាយ​ជា​បន្ទាន់ មិន​ត្រូវ​ការ​ពន្យារ​ពេល និង​កុហក​បោកប្រាស់​ដូច​កាល​ជំនាន់​ឯកឧត្តម កែប ជុតិមា ទេ។ ឥឡូវ​រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​ឃើញ​ថា​ឯកឧត្តម ប៉ា សុជាតិវង្ស មិន​ទាន់​ឃើញ​មាន​ឆន្ទៈ​ណា​មួយ​គោរព​តាម​អនុសាសន៍​ខ្លួន​ឯង ថា​នឹង​ប្ដេជ្ញា​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​អត់​ឃើញ​មាន​ទាំងអស់»

អតីត​អ្នក​ភូមិ​បឹងកក់ អ្នកស្រី ស៊ា ណារ៉េត បាន​មាន​ប្រសាសន៍​ថា ថ្វី​បើ​អ្នកស្រី​ទទួល​បាន​សំណង​ចំពោះ​ការ​បណ្ដេញ​ចេញ​ពី​ដីធ្លី​របស់​អ្នកស្រី​ហើយ​ក៏ដោយ ក៏​អ្នកស្រី​មិន​ទាន់​សុខ​ចិត្ត​នោះ​ឡើយ ព្រោះ​នោះ​គឺ​ជា​ការ​ទទួល​យក​ទាំង​បង្ខំ ហើយ​សព្វថ្ងៃ​អ្នកស្រី​កំពុង​រស់នៅ​ក្នុង​ស្ថានភាព​លំបាក៖ «ខ្ញុំ​ចង់​ឲ្យ​សាលា​ក្រុង​ដោះស្រាយ​ជម្រក​ឲ្យ​ខ្ញុំ ឲ្យ​ខ្ញុំ​មាន​ជម្រក​សមរម្យ​ដូច​គេ​ឯង ព្រោះ​គាត់​ឲ្យ​សំណង​ខ្ញុំ​នៅ​ពេល​ចាក​ចេញ​ទៅ​ហ្នឹង គឺ​សំណង​មិន​សមរម្យ​ទេ ខ្ញុំ​ទទួល​យក​ដោយ​ការ​បង្ខំ​ចិត្ត​ដោយ​ការ​គំរាម​កំហែង»

ចំណែក​អ្នក​ភូមិ​បុរីកីឡា វិញ ក៏​បាន​ចូលរួម​ជាមួយ​អ្នក​ភូមិ​បឹងកក់ ទទូច​ទាមទារ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ពន្លឿន​នីតិវិធី​ដោះស្រាយ​ជូន​ពួក​គេ​ផង​ដែរ។

អ្នកស្រី ជុំ ង៉ាន់ តំណាង​អ្នក​ភូមិ​បុរីកីឡា បាន​ត្អូញត្អែរ​ថា ស្ថានភាព​រស់នៅ​របស់​ពួក​គាត់​កំពុង​មាន​ភាព​លំបាក​ខ្លាំង ដោយ​ត្រូវ​រស់នៅ​ក្រោម​តង់ និង​កម្តៅ​ក្តៅ​ហែង៖ «ឯកឧត្តម ប៉ា សុជាតិវង្ស ដែល​គាត់​ឡើង​ថ្មី​ហ្នឹង គាត់​បាន​សន្យា​ជាមួយ​ពួក​ខ្ញុំ ថា​នឹង​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​មុន​ពេល​បោះឆ្នោត ប៉ុន្តែ​មក​ដល់​ពេល​នេះ​ហើយ គាត់​មិន​ទាន់​បាន​ដោះស្រាយ។ ដូច្នេះ ពួក​ខ្ញុំ​មក​ទាមទារ​ឲ្យ​ដោះស្រាយ​មុន​ពេល​បោះឆ្នោត»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​នាំ​ពាក្យ​នៃ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ត្រឹម​រសៀល​ថ្ងៃ​ទី១ នេះ​បាន​ទេ ដោយ​លោក​មាន​ប្រសាសន៍​ថា កំពុង​ជាប់​ប្រជុំ។

មន្ត្រី​ជាន់​ខ្ពស់​របស់​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត យល់​ថា រដ្ឋាភិបាល​គួរ​ណាស់​តែ​ព្យាយាម​ពន្លឿន​ការងារ​របស់​ខ្លួន​ក្នុង​ការ​រក​ដំណោះស្រាយ​ជូន​ពួក​គេ ដើម្បី​បង្ហាញ​ថា រដ្ឋាភិបាល​មាន​ឆន្ទៈ​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​ដីធ្លី​របស់​គណបក្ស​ខ្លួន៖ «សាលា​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​រដ្ឋាភិបាល គួរ​តែ​ប្រញាប់​រួសរាន់​ដោះស្រាយ​បញ្ហា​ហ្នឹង​ឲ្យ​បាន​ចប់​មុន​ការ​បោះឆ្នោត។ នៅ​ពេល​ដែល​មាន​ការ​ឃោសនា​បោះឆ្នោត ហើយ​មាន​ការ​តវ៉ា អា​នេះ​គឺ​វា​ធ្វើ​ឲ្យ​មាន​ការ​ច្របូកច្របល់​ច្រើន ហើយ​វា​ប៉ះពាល់​ទៅ​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់ ក៏​ដូច​ជា​ការ​ឃោសនា​បោះឆ្នោត»

កាល​ពី​ថ្ងៃ​ទី២៩ ឧសភា កន្លង​ទៅ ក្រុម​អ្នក​តវ៉ា​បាន​ធ្វើ​បាតុកម្ម​ម្ដង​មក​ហើយ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ កាល​នោះ​អាជ្ញាធរ​បាន​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៣​គ្រឿង បាញ់​ទឹក​សន្ធាប់​ទៅ​លើ​ពួក​គាត់ ដែល​បណ្ដាល​ឲ្យ​ស្ត្រី ៣​នាក់ សន្លប់​នៅ​នឹង​កន្លែង។

នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​ដែរ មាន​ការ​ប្រទាញប្រទង់​គ្នា​រវាង​សមត្ថកិច្ច និង​បាតុករ ដែល​បាន​ធ្វើ​ឲ្យ​ស្ត្រី ២​នាក់​រង​របួស ក្នុង​នោះ​ស្ត្រី​ម្នាក់ គឺ​អ្នកស្រី ខែក ចាន់រស្មី អាយុ ៣៣​ឆ្នាំ ដែល​មាន​ផ្ទៃពោះ ២​ខែ​កន្លះ​ផង​នោះ​រលូត​កូន ហើយ​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ បូវ សោភា អាយុ ៣៦​ឆ្នាំ រង​របួស​ចំ​ពោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។