ពលរដ្ឋ​នៅ​បន្ទាយមានជ័យ​ជាង​១០០​នាក់​​តវ៉ា​ឲ្យ​អាជ្ញាធរ​ឃុំ​ដក​មេ​ភូមិ​ចេញ​ពី​តំណែង

0:00 / 0:00

ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដី​ធ្លី​នៅ​ស្រុក​អូរជ្រៅ​ ខេត្ត​បន្ទាយមានជ័យ​ ប្រមាណ​ជាង ១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ មីនា​ នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលាឃុំ​អូរបីជាន់​ ដើម្បី​ឲ្យ​អាជ្ញាធរ​ឃុំ​ដក​មេ​ភូមិ​ចេញ​ពី​តំណែង។ អ្នក​ភូមិ​បញ្ជាក់​ថា​ ហេតុ​ដែល​​តវ៉ា​នេះ​ ដោយសារ​មេ​ភូមិ​មិន​​​​ព្រម​ដោះស្រាយ​រឿង​ទំនាស់​ដីធ្លី​តាម​​ការ​​ស្នើ​សុំ​​របស់​ប្រជាពលរដ្ឋ​ និង​ប្រកាន់​បក្សពួកនិយម​ទៅ​លើ​ក្រុម​អ្នក​មាន​ទ្រព្យធន។

​​​​​​​ក្រុម​ប្រជាពលរដ្ឋ​ដែល​តវ៉ា​នោះ​ សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​សកម្មភាព​ដោះស្រាយ​ដីធ្លី​របស់​មេ​ភូមិ​ថ្នល់​បត់​នេះ​ ថា​ជា​ដើមចម​នាំ​ឲ្យ​​បញ្ហា​ទំនាស់​ដី​ធ្លី​របស់​ប្រជាពលរដ្ឋ​ចេះ​តែ​អូស​បន្លាយ​ទៅ​មុខ​ជា​បន្តបន្ទាប់។

តំណាង​ប្រជាពលរដ្ឋ​ម្នាក់ គឺ​លោក អ៊ុក តាំង​ រស់​នៅ​ភូមិ​ថ្នល់បត់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ​ ខេត្ត​​បន្ទាយមានជ័យ​ ថ្លែង​នៅ​រសៀល​ថ្ងៃ​ទី​១៦ មីនា ថា មេ​ភូមិ​ថ្នល់បត់ ដោះស្រាយ​ទំនាស់​ដីធ្លី​ក្នុង​ភូមិ​បម្រើ​ផល​ប្រយោជន៍​ឲ្យ​ក្រុម​អ្នក​មាន​ទ្រព្យធន​មួយ​ក្ដាប់​តូច​ ហើយ​មិន​ស្ដាប់​យោបល់​​ស្នើ​សុំ​ពី​សំណាក់​​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​នោះ​ទេ។

លោក​បន្ត​ថា ​កន្លង​មក​ប្រជាពលរដ្ឋ​សុំ​​ឲ្យ​គាត់​ដោះស្រាយ​តាម​លិខិត​​​​របស់​​អាជ្ញាធរ​ថ្នាក់​ជាតិ​​ដែល​បាន​ផ្ដល់​ឲ្យ​ប្រជាពលរដ្ឋ​នា​ពេល​មក​ ប៉ុន្តែ​មេភូមិ​រូប​នេះ​មិន​បាន​​ដោះស្រាយ​​​ឲ្យ​ប្រជាពលរដ្ឋ​​ឡើយ៖ «ឲ្យ​ដក​មេ​ភូមិ​ចេញ​ពី​តំណែង ព្រោះ​មេភូមិ​មិន​​ប្រក្រតី​ទៅ​ឃុបឃិត​យក​ដី​ប្រជាពលរដ្ឋ​លក់ ហើយ​បដិសេធ​មិន​ទទួល​ស្គាល់​រាល់​ឯកសារ​ថ្នាក់​ជាតិ​ដែល​ប្រជាពលរដ្ឋ​ទទួល​បាន​ទាំង​អស់»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មេ​ភូមិ​ថ្នល់បត់ គឺ​លោក ថា ទន ដើម្បី​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៦ មីនា។ ប៉ុន្តែ​មេឃុំ​​អូរបីជាន់​ លោក សួង មឿន​ មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​ដោះស្រាយ​រឿង​ទំនាស់​ដីធ្លី​អូស​បន្លាយ​នេះ​​មិន​មែន​ជា​កំហុស​របស់​មេភូមិ ឬ​អាជ្ញាធរ​មូលដ្ឋាន​នោះ​ទេ។ ចំណែក​ឯ​ការ​ស្នើ​សុំ​ឲ្យ​ដក​មេ​ភូមិ​នេះ​ លោក​ថា មិន​អាច​ធ្វើ​ទៅ​​តាម​ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ​ភ្លាមៗ​ ដោយ​មិន​មាន​ការ​ស្រាវជ្រាវ​នោះ​ឡើយ៖ «រឿង​នេះ​យើង​កំពុង​គិត​ គឺ​យើង​មិន​ហាន​សន្និដ្ឋាន​ថា​ខាង​ណា​ខុស ឬ​ត្រូវ​​នោះ​ទេ ហើយ​រឿង​នេះ​ទាល់​តែ​យើង​ស្រាវជ្រាវ​ឲ្យ​ដឹង​ការពិត​ទាំង​សង្ខាង​ទើប​យើង​អាច​ធ្វើ​ទៅ​កើត»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ​ លោក​ ស៊ុំ ចន្ទគា មាន​ប្រសាសន៍​ថា ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​នេះ​ដោយសារ​ពួកគាត់​អស់​ជំនឿ​ចំពោះ​ការ​ដឹក​នាំ​របស់​មេភូមិ ដែល​កន្លង​មក​​​ប្រជាពលរដ្ឋ​ខាត​បង់​អស់​ទ្រព្យសម្បត្តិ ដើម្បី​ឲ្យ​មេភូមិ​យក​ទៅ​ប្រើប្រាស់​​ដោះស្រាយ​រឿង​ដីធ្លី​ដែល​មាន​ទំនាស់​នោះ​​ ប៉ុន្តែ​ពុំ​ទទួល​បាន​លទ្ធផល​ទេ៖ «បើ​មេភូមិ​គ្មាន​សកម្មភាព​ណា​មួយ​បម្រើ​ប្រជាពលរដ្ឋ​ទេ​ គួរ​តែ​ដក​មេភូមិ​នោះ​ចេញ​ពី​តំណែង​ទៅ​ ហើយ​តែង​តាំង​អ្នក​ផ្សេង​ណា​ដែល​សមត្ថភាព​បម្រើ​ប្រជាពលរដ្ឋ​ជំនួស​មេភូមិ​នោះ​​វិញ»

​​​​​​​​​​​​​​​​ដី​ធ្លី​ដែល​ប្រជាពលរដ្ឋ​មាន​ទំនាស់​នោះ​មាន​ចំនួន​ជាង ៨០០​ហិកតារ ​ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ជាង ១៦០​គ្រួសារ​នៅ​ភូមិ​ថ្នល់បត់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ។ អ្នក​ភូមិ​អះអាង​​ថា ទំនាស់​ដោះស្រាយ​មិន​ចេញ​នេះ​កើត​ឡើង​ដោយសារ​មេ​ភូមិ​ឃុបឃិត​​គ្នា​កាត់​​ដី​នោះ​ទៅ​ឲ្យ​ក្រុម​អ្នក​មាន​ទ្រព្យធន ​ក្នុង​រូប​ភាព​ចែក​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ព្រំប្រទល់​ដី​​ជាប់​គ្នា​នៅ​ភូមិ​បឹងស្នោ ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ។ រឿង​ទំនាស់​នេះ​ប្រជាពលរដ្ឋ​បាន​តវ៉ា​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​​​តាំង​ពី​ឆ្នាំ​២០១០ រហូត​មក​ទល់​បច្ចុប្បន្ន​ពុំ​ទទួល​បាន​លទ្ធផល​នៅ​ឡើយ៕​​​​​​​​​​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។