អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ប្រជុំ​​ដោះស្រាយ​ទំនាស់​ដីធ្លី​របស់​ពលរដ្ឋ

0:00 / 0:00

កិច្ច​ប្រជុំ​រក​​ដំណោះ​ស្រាយ​រឿង​ទំនាស់​ដីធ្លី​រវាង​អ្នក​ភូមិ​​នៅ​ស្រុក​ម៉ាឡៃ ប្រមាណ ៣៦០​គ្រួសារ​​ ជាមួយ​ក្រុមហ៊ុន ហៃ សួគ៌ និង​លោក​ឧកញ៉ា លី អ៊ុតនី នៅ​សាលា​ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​៨ តុលា ពុំ​ទទួល​បាន​លទ្ធផល​ទេ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា ហេតុ​ផល​ដែល​រក​​​ដំណោះ​ស្រាយ​គ្មាន​ច្រក​ចេញ​នេះ ដោយសារ​ខ្វះ​មន្ត្រី​ជំនាញ​ផ្នែក​សុរិយោ​ដី​ចូល​រួម។

ក្រុម​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដី​ធ្លី​នៅ​ស្រុក​ម៉ាឡៃ សម្តែង​ការ​សោកស្ដាយ​ដែល​មិន​បាន​ទទួល​ដី​ត្រឡប់​មក​វិញ​តាម​ក្ដី​រំពឹង​ទុក​ដែល​អាជ្ញាធរ​ថា នឹង​ដោះស្រាយ​បញ្ចប់​បញ្ហា ហើយ​ប្រគល់​ដី​ឲ្យ​អ្នក​ភូមិ​ចំនួន​មួយ​គ្រួសារ ៥​ហិកតារ​នោះ​ឡើយ។

តំណាំង​អ្នក​ភូមិ​ម្នាក់​ដែល​បាន​ចូល​រួម​រក​ដំណោះ​ស្រាយ​នៅ​សាលា​ខេត្ត​បន្ទាយមានជ័យ លោក មិន ធី រស់​នៅ​ភូមិ​អូរស្អំ ឃុំ​អូរទំព័រ ស្រុក​ម៉ាឡៃ ថ្លែង​ថ្ងៃ​ទី​៨ តុលា ថា ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ រួម​ទាំង​លោក​ផង​ ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះស្រាយ​រឿង​ទំនាស់​ដី​ធ្លី​បន្ត​ទៀត​ ដើម្បី​បាន​ដី​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​យក​ទៅ​ដាំ​ដុះ​ចិញ្ចឹម​ជីវិត៖ «ឲ្យ​វា​ចប់​ទៅ កុំ​​ពិបាក​ប្រជាពលរដ្ឋ​ មើល​ទៅ​វា​ត្រាំត្រែង រ៉ាំរ៉ៃ​ជាង ៦-​៧​ឆ្នាំ​មក​ហើយ។ ទាមទារ​ធ្វើ​ម៉េច​ឲ្យ​តែ​វា​ឆាប់​ចប់​ទៅ​ ប៉ុន្តែ​ឥឡូវ​នេះ​ អត់​ទាន់​ទៅ​ណា​ទេ គឺ​ដំណាក់កាល​នេះ​ គឺ​នៅ​ពង្រឹង​នៅ​ស្រែ​សិន»

ឆ្លើយ​នឹង​បញ្ហា​នេះ​ អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក គោ ស៊ុំសារឿត មាន​ប្រសាសន៍​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​មិន​ទាន់​សម្រេច​យ៉ាង​ណា​នៅ​ឡើយ​ចំពោះ​ផ្ទៃដី​ដែល​មាន​ទំនាស់​នេះ​ទេ។ បន្ទាប់​ពី​មាន​ការ​សាកសួរ​ភាគី​ទំនាស់​ទាំង​សង​ខាង​នៅ​ក្នុង​អង្គប្រជុំ អាជ្ញាធរ​បាន​សន្និដ្ឋាន​ថា ដី​នោះ​ប្រជាពលរដ្ឋ​បាន​លក់​ទៅ​ឲ្យ​ភាគី​ម្ខាង​ទៀត​​រួច​ហើយ។

ទោះ​ជា​យ៉ាង​នេះ លោក​ឲ្យ​ដឹង​ទៀត​ថា អាជ្ញាធរ​ខេត្ត​នឹង​ស្រាវជ្រាវ​បន្ត​ទៀត​ដើម្បី​ដោះស្រាយ​បញ្ចប់​ជម្លោះ​ក្នុង​ពេល​ឆាប់ៗ៖ «យើង​ត្រូវ​យក​ទស្សនវិស័យ​មួយ ធ្វើ​ម៉េច​ឲ្យ​មាន​ការ​ធ្វើ​សម្បទាន​គ្នា​ទៅ​វិញ​ទៅ​មក។ មាន​ន័យ​ថា ឥឡូវ​គូ​ទំនាស់​មួយ​ចំហៀង​មាន​ដី គូ​ទំនាស់​មួយ​ចំហៀង​ទៀត​ថា​អត់​ដី គ្មាន​ដី​ទៅ​ចុះ ប៉ុន្តែ​មិន​មែន​អត់​ទេ គាត់​ទៅ​រំលោភ​យក​អា​កន្លែង​ដែល​ថា​គាត់​ចង់​បាន​ណោះ ទៅ​កាន់​កាប់​យក​តែ​ម្ដង។ យើង​នឹង​ធ្វើ​ការ​ត្រួត​ពិនិត្យ ថា​តើ​គាត់​អត់​មែន ឬ​ក៏​អត់? បើ​តាម​របាយការណ៍​របស់​បង​ប្អូន​គាត់​មាន​ដី​រួម ហើយ​កាត់​លក់​អា​ដី​របប​របស់​គាត់ ហើយ​មាន​ដី​កន្លែង​ផ្សេង​ទៀត​ដែរ»

ទោះ​ជា​យ៉ាង​នេះ​ក្ដី​ មន្ត្រី​អង្គការ​សង្គម​ដែល​បាន​ចូលរួម​រក​ដំណោះ​ស្រាយ​ក្នុង​អង្គប្រជុំ​នៅ​សាលា​ខេត្ត​នោះ​ដែរ កត់សំគាល់​ថា​ ការ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​របស់​អាជ្ញាធរ​នេះ​ ធ្វើ​ឡើង​ដោយសារ​មាន​លិខិត​អន្តរាគមន៍​ពី​គណៈកម្មការ​សិទ្ធិ​មនុស្ស​ទទួល​ពាក្យ​បណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋ​សភា ព្រឹទ្ធ​សភា ចុះ​ថ្ងៃ​២៥ កញ្ញា ឆ្នាំ​២០១៤។ លិខិត​បង្គាប់​ឲ្យ​សាលា​ខេត្ត​បន្ទាយមានជ័យ ដោះស្រាយ​វិវាទ​ដីធ្លី​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​អតីត​យុទ្ធជន​ពលី ពិការ និង​យោធិន​កាត់​រំសាយ​ចំនួន ២៣០​គ្រួសារ។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ លោក ភុន ឈិន មាន​ប្រសាសន៍​ថា ​ហេតុ​​ដែល​អាជ្ញាធរ​​ដោះស្រាយ​ទំនាស់​ដីធ្លី​គ្មាន​ច្រក​ចេញ​នោះ ដោយសារ​ពុំ​មាន​អ្នក​ជំនាញ​ផ្នែក​ដីធ្លី​ចូល​រួម​សិក្សា​​ស្រាវជ្រាវ​រក​ការ​ពិត​រវាង​ភាគី​ទំនាស់​ទាំង​សង្ខាង​នៅ​ឡើយ។

លោក​បន្ត​ថា សង្កេត​ឃើញ​វិវាទ​ដីធ្លី​ជា​ច្រើន​ក្នុង​ខេត្ត​បន្ទាយមានជ័យ កន្លង​មក​ កម្រ​ឃើញ​ប្រជាពលរដ្ឋ​ទៅ​​ស្វែង​រក​ដំណោះ​ស្រាយ​នៅ​ស្ថាប័ន​រៀបចំ​ដែន​ដី​នគរូបនីយកម្ម និង​សំណង​ណាស់៖ «ជា​ទូទៅ គេ​ដោះ​ស្រាយ​ក្នុង​នាម​រដ្ឋបាល​សាលា​ខេត្ត ក្នុង​នាម​អធិការកិច្ច​អី​អ៊ីចឹង​ទៅ។ អ៊ីចឹង​យន្តការ​ដែល​គេ​បាន​តម្រូវ​ថា ឲ្យ​ជា​អ្នក​មាន​តួនាទី​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ហ្នឹង​ គឺ​ឃើញ​ថា​ កន្លង​ហ្នឹង​ខាង​រដ្ឋបាល​ខេត្ត​យើង​ អត់​បាន​ប្រើប្រាស់​នីតិវិធី​ហ្នឹង​ទេ។ អ៊ីចឹង​ហើយ​ទើប​ធ្វើ​វា​អត់​មាន​សេចក្ដី​សម្រេច​ណា​មួយ។ អ៊ីចឹង​យើង​ទទួល​ស្គាល់​ថា ខេត្ត​បាន​ធ្វើ​ការងារ​ច្រើន​ ដូច​ជា​ការ​សម្របសម្រួល​អី ប៉ុន្តែ​គាត់​ធ្វើ​មិន​មែន​ក្នុង​មាន​គណៈកម្មការ​សុរិយោដី។ អ៊ីចឹង​ដល់​គាត់​ធ្វើ អ៊ីចឹង​មាន​ន័យ​ថា ជា​លទ្ធផល​គឺ​រក​មិន​បាន​សេចក្ដី​សម្រេច​មួយ»

ដី​ធ្លី​ដែល​មាន​ទំនាស់​ដែល​លើក​យក​ទៅ​ពិភាក្សា​នៅ​សាលាខេត្ត​បន្ទាយមានជ័យ​ ទំហំ​ប្រមាណ​ជាង ១.២០០​ហិកតារ មាន​ទំនាស់​រវាង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៣៦០​គ្រួសារ ស្ថិត​ក្នុង​ឃុំ​ចំនួន ៣ គឺ​ឃុំ​បឹងបេង ទួលពង្រ និង​ឃុំ​អូរទំព័រ របស់​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ។ ផ្ទៃដី​​មួយ​ផ្នែក​របស់​ប្រជាពលរដ្ឋ​នេះ​មាន​ទំនាស់​ជាមួយ​លោក​ឧកញ៉ា លី អ៊ុតនី និង​មួយ​ផ្នែក​ទៀត​មាន​ទំនាស់​ជាមួយ​ ក្រុមហ៊ុន ហៃសួគ៌ ចាប់​​តាំង​ពី​ឆ្នាំ​២០០៨ រហូត​មក។ រឿង​ទំនាស់​នេះ​ផ្ដើម​ចេញ​ពី​ភាព​មិន​ច្បាស់​លាស់​ទៅ​លើ​កម្មសិទ្ធិ​កាន់កាប់​ជា​លក្ខណៈ​បុគ្គល​របស់​មន្ត្រី​យោធិន​កាត់​រំសាយ​ដែល​​​ទទួល​បាន​ដី​បែង​ចែក​តាម​គោល​នយោបាយ​របស់​​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។