អ្នកភូមិបឹងកក់ ១គ្រួសារ ដែលគេធ្លាប់បោះពស់វែកចូលក្នុងផ្ទះ កាលពីចុងឆ្នាំ២០១៣ ឥឡូវជនមិនស្គាល់មុខប៉ុនប៉ងដុតផ្ទះម្ដងទៀត។
ម្ចាស់ផ្ទះ គឺលោក លី ស្រ៊ាខេង ថ្លែងថា ប្រពន្ធរបស់លោកឃើញភ្លើងឆាបឆេះភ្លាមៗ នៅច្រកទ្វារចេញកាលពីវេលាម៉ោង ២កន្លះរំលងអាធ្រាត្រចូលថ្ងៃទី១៧ មីនា៖ «ពួកឡានតាមផ្លូវគេឃើញទាន់ គេឈប់ឡានជួយពន្លត់ ព្រោះវាដុតហ្នឹង ខ្ញុំនៅក្នុងផ្ទះចាក់សោ។ វាដុតចំកន្លែងជាប់សោ យើងធ្វើការអត់កើត។ រកទឹកមកពន្លត់អត់មានផង។ បានឡានខាងក្រៅគេឃើញអ៊ីចឹងគេជួយបាន បានខ្ញុំចេញមករួច។ វាធ្វើខ្លាំងឡើងៗ មើលទៅវាប្រហែលមិនទុកជីវិតពួកខ្ញុំឱ្យនៅរស់ទេ»។
លោកបន្តថា ភ្លើងដែលគេដុតនោះ មានបីកន្លែង ប៉ុន្តែមិនបណ្ដាលឱ្យមាននរណាម្នាក់របួស ឬគ្រោះថ្នាក់ទេ។
កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៣ មានជនមិនស្គាល់មុខបោះពស់វែក ៣ក្បាលចូលក្នុងផ្ទះម្ដងហើយ។ ផ្ទះលោក លី ស៊្រាខេង ស្ថិតនៅក្នុងភូមិបឹងកក់១ សង្កាត់បឹងកក់១ កំពុងមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន ឃុន សៀ អភិវឌ្ឍន៍។ លោក លី ស៊្រាខេង បញ្ជាក់ថា លោកនឹងដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរឱ្យជួយរកជនដែលប៉ងដុតផ្ទះរបស់លោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
