សាលារាជធានីភ្នំពេញ ចាត់ទុកថា គម្រោងការសាងសង់លំនៅឋានបណ្តោះអាសន្នជូនពលរដ្ឋសហគមន៍បុរីកីឡា គឺជាផ្នែកមួយនៃដំណោះស្រាយបញ្ហាផ្ទះសំបែងជូនពលរដ្ឋអ្នកមានបញ្ហាដីធ្លី។ប៉ុន្តែអាជ្ញាធរពាក់ព័ន្ធមិនទាន់កំណត់ពេលវេលាជាក់លាក់ក្នុងការសាងសង់នៅឡើយ។
មន្ត្រីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ នៅថ្ងៃទី២០ ខែមករា ឲ្យដឹងថា សាលារាជធានីភ្នំពេញ មានគម្រោងសាងសង់ជម្រកបណ្ដោះអាសន្នជូនពលរដ្ឋដែលរងការបណ្ដេញចេញនៅតំបន់បុរីកីឡាតែម្ដង ហើយផ្ទះនោះអាចធ្វើពីស័ង្កសី មានទទឹង ៤ម៉ែត្រ និងបណ្តោយ ៦ម៉ែត្រ។
លោកបន្តថា កន្លងទៅពលរដ្ឋធ្លាប់ធ្វើបាតុកម្មនិងតវ៉ាសុំឲ្យអាជ្ញាធរជំរុញក្រុមហ៊ុនអោយសាងសង់អគារបន្ថែមតាមការសន្យា។ សំណើទាំងនេះត្រូវបានអាជ្ញាធរយកទៅពិនិត្យ និងពិចារណា ប៉ុន្តែនៅត្រូវការពេលវេលាវែងទៀតទើបដោះស្រាយរួច។
លោកបញ្ជាក់ថា អាជ្ញាធរសូមសន្យាថា ខ្លួនព្យាយាមដោះស្រាយបញ្ហាជូនពលរដ្ឋដោយស្មារតីទទួលខុសត្រូវ៖ «បារម្ភខ្លាចអាជ្ញាធរភូតភរទៀតហើយ ថារៀបចំឲ្យគាត់ចេញហើយ ឈូសឆាយផ្ទះគាត់ហើយ ស្រាប់តែយកកន្លែងហ្នឹងទៅប្រគល់ឲ្យក្រុមហ៊ុនអី ហ្នឹងគឺអត់ទេ។ យើងបានជម្រាបជូនហើយថា គ្មានការលូកដៃពីក្រុមហ៊ុនដូចពេលមុនៗទេ»។
លោក ឡុង ឌីម៉ង់ បន្ថែមថា មកដល់ពេលនេះ មានពលរដ្ឋជាង ៨០គ្រួសារ បានព្រមទទួលយកផ្ទះស្នាក់នៅបណ្ដោះអាសន្ន និងរង់ចាំរកដំណោះស្រាយបន្តទៀត។
យ៉ាងណាក៏ដោយ តំណាងអ្នកភូមិបុរីកីឡា លោកស្រី ជុំ ង៉ាន់ ឲ្យដឹងថា លោកស្រីមិនជឿលើចំណាត់ការរបស់អាជ្ញាធរក្រុងនោះទេ ហើយសង្ស័យថា ទង្វើនេះជាល្បិចរបស់អាជ្ញាធរដើម្បីបណ្ដេញពលរដ្ឋចេញពីលំនៅឋានតទៅទៀត៖ «អ៊ីចឹងពួកគេយល់ព្រម តែខ្ញុំមិនព្រមទេ ដោយសារគាត់ភូតភរកុហកច្រើនដងច្រើនសាពីផ្ទះរង់ចាំ អ្នកខ្លះរង់ចាំប្រាំឆ្នាំអត់ទាន់បាន។ មកទល់ពេលនេះគេបោះសំរាមពីលើរហែកអស់ហើយ គាត់អត់ដោះស្រាយឲ្យទៀត»។
ពលរដ្ឋដែលរងការបណ្ដេញចេញនៅតំបន់បុរីកីឡា កំពុងរស់នៅក្រោមជណ្ដើរអគារបោះតង់ រស់នៅក្បែរគំនរសំរាម អ្នកខ្លះទៀតរស់នៅតាមសំយ៉ាបផ្ទះគេ។ ក្រុមប្រជាពលរដ្ឋទាំងនោះបានចេញតវ៉ាជាច្រើនដងច្រើនសា ដើម្បីឲ្យអាជ្ញាធររាជធានីភ្នំពេញ សាងសង់អគារពីរបន្ថែមទៀតតាមកិច្ចសន្យា ប៉ុន្តែមកដល់ពេលនេះ មិនទាន់មានដំណោះស្រាយនៅឡើយ។
ប្រធានអង្គការក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ ថ្លែងអបអរសាទរ និងគាំទ្រចំណាត់ការរបស់សាលារាជធានី។ ប៉ុន្តែលោកយល់ថា អាជ្ញាធរគួរតែពន្លឿនឲ្យមានការសាងសង់អគារបន្ថែមតាមកិច្ចសន្យាជាមួយពលរដ្ឋ ទើបជាដំណោះស្រាយដ៏គួរឲ្យទុកចិត្ត៖ «យើងយល់ថា សាលារាជធានីភ្នំពេញ លោកអភិបាលគាត់ទើបឡើងមក អ៊ីចឹងគាត់ទទួលថ្មបាក់ពីអ្នកចាស់ ប៉ុន្តែគួរជំរុញយ៉ាងម៉េចឲ្យក្រុមហ៊ុនគោរពកិច្ចសន្យា»។
ពលរដ្ឋបុរីកីឡាដែលមិនទាន់ទទួលបានសំណង មានទាំងអស់ចំនួនជាង ១៥៦គ្រួសារ។ នៅមុនពេលបណ្ដេញពលរដ្ឋចេញពីលំនៅឋាននៅបុរីកីឡា ក្រុមហ៊ុនផានអ៊ីម៉ិច និងអាជ្ញាធរសាលារាជធានីភ្នំពេញ ដែលមានលោក កែប ជុតិម៉ា ជាអភិបាល បានសន្យាចំពោះពលរដ្ឋថា ខ្លួននឹងសាងសង់អគារចំនួន ១០ខ្នង សម្រាប់ជាលំនៅឋានជូនពលរដ្ឋ។ ប៉ុន្តែក្រុមហ៊ុនផានអ៊ីម៉ិច បានសង់អគារចំនួនតែ ៨ខ្នងប៉ុណ្ណោះ ដោយសំអាងថា មិនមានលុយគ្រប់គ្រាន់។ ការសាងសង់អគារ មិនគ្រប់ចំនួនតាមការសន្យានេះ ក៏បានទទួលការយល់ព្រម ពីលោក ហ៊ុន សែន ទៀតផង ព្រោះតែសាងសង់អគារមិនគ្រប់ចំនួននេះ ហើយទើបធ្វើឲ្យបុរីកីឡា ចេញធ្វើបាតុកម្មតាំងពីឆ្នាំ២០១២ រហូតមកដល់ពេលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
