ក្រុម​អង្គការ​សង្គម​ស៊ីវិល​សុំ​ឲ្យ​សាលាក្រុង​ផ្ដល់​សំណង​សមរម្យ​ដល់​អ្នក​បុរីកីឡា

ក្រុម​អង្គការ​សង្គម​ស៊ីវិល​អំពាវនាវ​ដល់​សាលា​រាជធានី​ភ្នំពេញ ផ្ដល់​សំណង​សមរម្យ​ជូន​ដល់​ពលរដ្ឋ​នៅ​បុរីកីឡា ដែល​នៅ​សេសសល់​ចំនួន ១១​គ្រួសារ ជា​ថ្នូរ​នឹង​ការ​ចាក​ចេញ​ពី​លំនៅឋាន​របស់​ពួកគាត់។

​សេចក្ដី​ថ្លែងការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៣៤​អង្គការ និង​សហគមន៍ នៅ​ថ្ងៃ​ពុធ ទី​២០ ខែ​ធ្នូ នេះ បាន​សំដែង​ក្តី​បារម្ភ​ក្រោយ​ដែល​សាលាក្រុង​បាន​ដាក់​ឱសានវាទ​បង្ខំ​ឲ្យ​ពលរដ្ឋ​ជាង ១០​គ្រួសារ​នោះ ត្រូវ​យល់​ព្រម​ទទួល​សំណង​នៅ​ត្រឹម​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៧ នេះ។ ប្រសិនបើ​ពលរដ្ឋ​ទាំង​នោះ​ខកខាន​មិន​ព្រម​ទទួល​យក​តាម​កាលកំណត់​នេះ ពួកគាត់​នឹង​បាត់បង់​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ទទួល​សំណង ហើយ​ដំណើរ​ការ​ដោះស្រាយ​ទំនាស់​នឹង​ត្រូវ​បញ្ចប់​ផង​ដែរ។

​ទំនាស់​ដីធ្លី​នៅ​សហគមន៍​បុរីកីឡា​នេះ បាន​អូស​បន្លាយ​ចាប់​ពី​ឆ្នាំ​២០០៣ មក ក្រោយ​ដែល​ក្រុមហ៊ុន​ផានអ៊ីម៉ិច (Phan Imex) ទទួល​បាន​សម្បទាន​ដី​សង្គមកិច្ច​នៅ​សហគមន៍​បុរីកីឡា ដើម្បី​អភិវឌ្ឍ​ផ្នែក​ពាណិជ្ជកម្ម។ ក្រុមហ៊ុន​នេះ​ត្រូវ​ទទួល​ខុស​ត្រូវ​សាងសង់​លំនៅឋាន​ចំនួន ១០​អគារ នៅ​លើ​ដី​ទីតាំង​នោះ​សម្រាប់​ពលរដ្ឋ​ជិត ១.៨០០​គ្រួសារ។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១០ ក្រុមហ៊ុន​នេះ​សង់​បាន​តែ ៨​អគារ​ប៉ុណ្ណោះ ជា​ហេតុ​នាំ​ឲ្យ​ពលរដ្ឋ​ចំនួន ៣៨០​គ្រួសារ​ពុំ​ទទួល​បាន​សំណង​ត្រឹមត្រូវ។

កាលពី​ឆ្នាំ​២០១២ ផ្ទះសម្បែង និង​ទ្រព្យ​សម្បត្តិ​របស់​ពលរដ្ឋ​ទាំង ៣៨០​គ្រួសារ ដែល​មិន​ព្រម​ចាកចេញ​ត្រូវ​បាន​បំផ្លិចបំផ្លាញ​អស់។ ទំនាស់​ដីធ្លី​នៅ​បុរីកីឡា​នេះ កាន់​តែ​ខ្លាំង​ឡើងៗ បន្ត​រហូត​ដល់​ឆ្នាំ​២០១៤ ទើប​មាន​ការ​ពិភាក្សា​ជា​ច្រើន​លើក​ច្រើន​សា​រវាង​ប្រជាពលរដ្ឋ​រងគ្រោះ​រាប់​រយ​គ្រួសារ និង​សាលាក្រុង។ បន្ទាប់​មក​ពលរដ្ឋ​ទាំង​នោះ​ភាគ​ច្រើន​សុខ​ចិត្ត​ទទួល​សំណង​ជា​ថ្នូរ​ចាកចេញ ប៉ុន្តែ​ក្នុង​នោះ​ក៏​មាន​ពលរដ្ឋ​ចំនួន ១១​គ្រួសារ​ទៅ​បន្ត​រស់​នៅ​ក្នុង​អគារ​មួយ​ជិត​លំនៅឋាន​របស់​ខ្លួន​ដោយ​រង់ចាំ​សំណង​សមរម្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។