អ្នក​បុរីកីឡា​ដែល​មិន​មាន​ឈ្មោះ​ទទួល​ផ្ទះ​ពី​រដ្ឋ​ព្រមាន​តវ៉ា​លុះ​ជីវិត​ចុង​ក្រោយ

0:00 / 0:00

គណៈកម្មការ​ចម្រុះ​ដែល​មាន​សាលា​រាជធានី​ភ្នំពេញ ភាគី​តំណាង​ដោយ​ក្រុមហ៊ុន ផាន អ៊ីម៉ិច អង្គការ​មិន​មែន​រដ្ឋាភិបាល និង​សហគមន៍ បាន​សម្រេច​គោលការណ៍​រួម​គ្នា​មួយ ដោយ​សន្យា​ថា​នឹង​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​នៅ​សហគមន៍​បុរីកីឡា ឲ្យ​បាន​ឆាប់។

ក៏ប៉ុន្តែ គោលការណ៍​នេះ​មិន​បាន​ធ្វើ​ឲ្យ​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​នេះ​មាន​ភាព​ស្ងប់ស្ងាត់​ទេ។ ផ្ទុយ​ទៅ​វិញ បាន​ធ្វើ​ឲ្យ​មាន​ភាព​ចម្រូងចម្រាស​បាន​កើត​ឡើង​មួយ​ជាន់​ទៀត បន្ថែម​លើ​ការ​តវ៉ា​របស់​សកម្មជន​ដីធ្លី​ក្នុង​ពេល​កន្លង​ទៅ។

ប្រជាពលរដ្ឋ​ដែល​មាន​ឯកសារ​នៅ​ក្នុង​ដៃ​ម្នាក់ៗ បាន​រត់​ឆ្លេឆ្លា​ចុះ​ឡើង​ក្រោយ​ពី​ពិនិត្យ​សេចក្ដី​ប្រកាស​ឈ្មោះ​អ្នក​ដែល​ត្រូវ​ទទួល​បាន​សិទ្ធិ​រស់នៅ​បុរីកីឡា និង​ឈ្មោះ​អ្នក​ដែល​ត្រូវ​ចាក​ចេញ​រួច។ សេចក្ដី​ប្រកាស​នោះ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​៧​មករា បិទ​នៅ​នឹង​ជញ្ជាំង​សាលា​ខណ្ឌ។

លោកស្រី ជុំ ង៉ាន់ តំណាង​សហគមន៍​បុរីកីឡា ក្នុង​ចំណោម​តំណាង​មួយ​ចំនួន​ទៀត ព្រមាន​ក្រោយ​ពី​ដឹង​ថា ឈ្មោះ​របស់​លោកស្រី​ត្រូវ​ចាក​ចេញ​ពី​បុរីកីឡា ថា លោកស្រី និង​សកម្មជន​ដទៃ​ទៀត​ដែល​មាន​ឈ្មោះ​ត្រូវ​ចាក​ចេញ នឹង​នៅ​តែ​តស៊ូ​លុះ​ជីវិត​ចុង​ក្រោយ ប្រសិន​បើ​ពួក​គេ​មិន​បាន​រស់នៅ​នឹង​បុរីកីឡា ទេ។ លោកស្រី​បន្ត​ថា បើ​ផ្អែក​លើ​គោល​នយោបាយ​ដែល​ប្រកាស​ដោយ​គណៈកម្មការ​ចម្រុះ គឺ​អ្នក​តវ៉ា​សព្វថ្ងៃ​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​នឹង​ទទួល​បាន​សិទ្ធិ​រស់នៅ​បុរីកីឡា នេះ​ហើយ។ លោកស្រី ជុំ ង៉ាន់ បន្ត​ថា «ឥត​យុត្តិធម៌​ចំពោះ​ពួក​ខ្ញុំ​ទេ ទាំងអស់​គ្នា ៥៦​គ្រួសារ​ហ្នឹង។ តវ៉ា​ទៀត នឹង​តវ៉ា​ទៀត​ត​ទៅ​ទៀត លុះត្រា​តែ​ជីវិត​ចុង​ក្រោយ​ដាច់​ប៉ិត​បាន​ឈប់»

ការ​ប្រកាស​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ មីនា នៅ​សាលា​រាជធានី​ភ្នំពេញ នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​អាច​ទទួល​បាន​ផ្ទះ​នៅ​បុរីកីឡា គឺ​ត្រូវ​យោង​លើ​លក្ខខណ្ឌ​វិនិច្ឆ័យ​ណា​មួយ​ក៏​បាន ក្នុង​ចំណោម​ទាំង​បួន​ប្រភេទ គឺ​មាន​ឯកសារ​គ្រប់គ្រាន់ ដូចជា​សៀវភៅ​ស្នាក់នៅ និង​សៀវភៅ​សន្សំ​ប្រាក់​នៅ​ក្នុង​សហគមន៍ ជួល​ផ្ទះ​គេ​គិត​ចាប់​ពី ៣​ឆ្នាំ​ឡើង​ដោយ​រស់នៅ​ជាប់​លាប់។ ក្រៅ​ពី​នេះ អ្នក​ដែល​ស្នាក់នៅ​អចិន្ត្រៃយ៍​មុន​ចុះ​អង្កេត​ឆ្នាំ​២០០៣ បើ​ទោះ​ជា​មិន​មាន​ឯកសារ​គ្រប់គ្រាន់​ក៏ដោយ។ ចំណែក​អ្នក​ដែល​មាន​សិទ្ធិ​បាន​ផ្ទះ​នៅ​ភូមិ​អណ្ដូង ក្នុង​សង្កាត់​គោករការ ដែល​មាន​ចម្ងាយ​ជាង ១០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ លក្ខណៈ​វិនិច្ឆ័យ គឺ​ថា ឯកសារ​ផ្លូវ​ច្បាប់​មិន​គ្រប់គ្រាន់ ដូច​គោលការណ៍​វិនិច្ឆ័យ​ទាំង ៤​ប្រភេទ​នេះ។ ក្រៅ​ពី​នេះ អ្នក​ដែល​ទទួល​បាន​គោល​នយោបាយ​ជា​លុយ​វិញ គឺ​អ្នក​នោះ​មាន​ឯកសារ​កោស​លុប មិន​ពិត​ប្រាកដ បើ​ទោះ​ជា​ធ្លាប់​បាន​ស្នាក់​នៅ​ក្នុង​សហគមន៍​បុរីកីឡា ហើយ​ក្តី។

យ៉ាង​ណា​ក៏ដោយ ប្រជាពលរដ្ឋ​ភាគ​ច្រើន​ដែល​មាន​ប័ណ្ណ​អង្កេត សៀវភៅ​ស្នាក់នៅ ព្រម​ទាំង​ប័ណ្ណ​សន្សំ​ប្រាក់ និង​ធ្លាប់​ចូល​ជា​សមាជិក​សហគមន៍​ផង ប្រតិកម្ម​ប្រឆាំង​ការ​មិន​អនុញ្ញាត​ឲ្យ​ពួក​គេ​ទទួល​បាន​ផ្ទះ​ពី​រដ្ឋ​នៅ​បុរីកីឡា។ ក្រុម​សហគមន៍​បាន​ប្រកាស​ភ្លាមៗ​ដែរ​ថា នឹង​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ជា​ថ្មី​ទៀត​ប្រឆាំង​ចំណាត់​ការ​នេះ។

របាយការណ៍​ដែល​ចេញ​ដោយ​សិទ្ធិ​លំនៅឋាន បង្ហាញ​ថា ប្រជាពលរដ្ឋ​សេសសល់​ចុង​ក្រោយ​នៅ​សហគមន៍​បុរីកីឡា​ចំនួន ១៥៤​គ្រួសារ ក្នុង​ចំណោម​គ្រួសារ​សរុប ១.៧៧៦​គ្រួសារ ក្នុង​នោះ​មាន​តែ ២៦​គ្រួសារ​ប៉ុណ្ណោះ ដែល​ទទួល​បាន​ផ្ទះ​ពី​រដ្ឋ​នៅ​បុរីកីឡា។ ដោយ​ឡែក ៨៩​គ្រួសារ ទទួល​បាន​ផ្ទះ​នៅ​ភូមិ​អណ្ដូង។ ក្រៅ​ពី​នេះ ៣៩​គ្រួសារ​ផ្សេង​ទៀត​ក្នុង​ចំណោម​នោះ ទទួល​បាន​របប​គោល​នយោបាយ​ជា​លុយ។

នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា ឲ្យ​ដឹង​ថា តួលេខ​ដែល​មាន​នេះ គឺ​នៅ​មិន​ទាន់​ប្រាកដ​ថា​អាច​ថេរ​នៅ​ឡើយ​ទេ ពោល​គឺ​នៅ​មាន​ការ​ប្រែប្រួល​ទៀត។ យ៉ាង​ណា លោក​អះអាង​ថា ការ​បង្កើត​គណៈកម្មការ​ចម្រុះ​នៅ​ពេល​នេះ គឺ​ចង់​ដោះ​បញ្ចប់​បញ្ហា​ដ៏​រ៉ាំរ៉ៃ​នេះ​ហើយ ដើម្បី​បញ្ចៀស​ការ​តវ៉ា​នៅ​តាម​ទី​សាធារណៈ​ដូច​ក្នុង​ពេល​កន្លង​ទៅ។ លោក​បន្ត​ថា «គឺ​ពេលវេលា​ដែល​យើង​យក​នេះ គឺ​យើង​មិន​មែន​អត្តនោម័តិ​ដោយ​សាលា​រាជធានី ឬ​អត្តនោម័តិ​នេះ គឺ​ជា​ការ​ពិភាក្សា​គ្នា​រួម​រវាង​ក្រុម​ការងារ»

លោក សៀ ភារម្យ នាយក​លេខាធិការដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន ថ្លែង​ថា ទម្រាំ​មាន​ក្រុម​ការងារ​នេះ​ឡើង គឺ​ភាគី​ម្ខាងៗ​ប្រកាន់​គោល​ជំហរ​រៀងៗ​ខ្លួន ស្ទើរ​មិន​អាច​រក​ចំណុច​រួម​បាន​រហូត​មក​ដល់​ពេល​នេះ។ យ៉ាង​ណា​ក៏ដោយ លោក សៀ ភារម្យ យល់​ឃើញ​ថា ថ្វី​បើ​ដំណោះស្រាយ​ខ្លះ​ប្រជាពលរដ្ឋ​នៅ​មិន​ទាន់​ពេញ​ចិត្ត ក៏ប៉ុន្តែ​លោក​បញ្ជាក់​ថា ពួក​គេ​អាច​នៅ​មាន​សិទ្ធិ​តវ៉ា​ចាប់​ពេល​នេះ​រហូត​ដល់​ចុង​ខែ​មេសា។ លោក​បន្ត​ថា «មិន​ទាន់​អស់​ឱកាស​ទេ គឺ​យើង​នៅ​មាន​សិទ្ធិ និង​មាន​លទ្ធភាព​នៅ​ក្នុង​ការ​តវ៉ា​ដាក់​សាក្សី ដាក់​ភស្តុតាង​បន្ថែម​ទៀត»

បើ​ទោះ​ជា​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ព្រមាន​ហើយ​ថា នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​តវ៉ា​ជា​សាធារណៈ​ទៀត​ក៏ដោយ​ក្រោយ​ពី​ដោះស្រាយ​រួច​នេះ ក៏​ក្រុម​សហគមន៍​ដែល​មិន​ទាន់​សុខ​ចិត្ត​អះអាង​ថា បើ​ដំណោះស្រាយ​នេះ​នៅ​តែ​មិន​អាច​ផ្ដល់​យុត្តិធម៌​ត្រឹមត្រូវ​ទេ ពួក​គេ​នឹង​បន្ត​យុទ្ធនាការ​ទាមទារ​ជា​ថ្មី​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។