តំណាងអ្នកភូមិនៅក្នុងសហគមន៍បុរីកីឡា អ្នកស្រី អាត សំណាង ថ្លែងក្នុងពេលធ្វើបាតុកម្មនៅថ្ងៃទី៨ កក្កដា ថា ប្រជាពលរដ្ឋសហគមន៍បុរីកីឡា ចង់ឃើញសាលារាជធានីភ្នំពេញ ចាត់វិធានការដូចដែលសាលាក្រុងធ្លាប់បានសន្យាជាមួយប្រជាពលរដ្ឋសហគមន៍បុរីកីឡា ថានឹងផ្តល់ស្បៀងអាហារ និងដោះស្រាយបញ្ហាលំនៅឋានជូនពួកគាត់មុនការបោះឆ្នោតជាតិ។
អ្នកស្រី អាត សំណាង៖ «គេឈូសផ្ទះខ្ញុំ បានខ្ញុំមកតវ៉ា។ ហើយមួយទៀត សាលារាជធានី លោក ប៉ា សុជាតិវង្ស គាត់បានសន្យាជាមួយសហគមន៍បុរីកីឡា និង ៣៤៧ ជូនប្រជាពលរដ្ឋដោះស្រាយមុនបោះឆ្នោត។ ប៉ុន្តែភូតភរកុហកពួកខ្ញុំកុហកហើយកុហកទៀតៗ។ ដល់តែជិតឃោសនាបោះឆ្នោត ឥឡូវគេហែគណបក្សជុំ សម្រាប់ពួកគាត់មិនដែលចុះទៅមើលខ្ញុំទេ។ ហើយពួកខ្ញុំរស់នៅក្នុងគំនរសំរាមរស់នៅតាមសំយាបគេ។ កូនបាត់ការសិក្សា ម្តាយបាត់មុខរបរ»។
ក្រុមអ្នកភូមិបុរីកីឡា សំណូមពរបីចំណុចដល់សាលារាជធានីភ្នំពេញ រួមមាន ជួយពន្លឿន និងដោះស្រាយលំនៅឋានឲ្យបានឆាប់រហ័ស ជាពិសេសឲ្យបានមុនការបោះឆ្នោត ថតចម្លង សលាកបត្រព័ត៌មានដែលបានបិតរូបថតដោយក្រុមការងារចុះថតគ្រប់គ្រួសារទាំងអស់ ដើម្បីទុកជាឯកសារ និងសំណូមពរឲ្យជួយផ្តល់សម្ភារៈ តង់ អង្ករ និងគ្រឿងឧបភោគបរិភោគឲ្យបានលឿន។ នេះបើតាមលិខិតសំណូមពររបស់អ្នកភូមិបុរីកីឡា ចុះនៅថ្ងៃទី៨ កក្កដា ដាក់ជូនសាលារាជធានីភ្នំពេញ។
ទោះបើជាយ៉ាងណា អាជ្ញាធរបានអនុញ្ញាតឲ្យអ្នកភូមិចូលទៅជួបប្រជុំជាមួយមន្ត្រីជំនាញនៅក្នុងសាលារាជធានី ប៉ុន្តែក្រុមអ្នកភូមិបានថ្លែងថា មិនមានលទ្ធផលណាមួយទេនៅក្នុងការជួបប្រជុំគ្នានោះ។ ក្រុមអ្នកភូមិបានចេញមកតវ៉ានៅមុខសាលារាជធានីដដែល បន្ទាប់ពីប្រជុំហើយនោះ។ រហូតម៉ោង ៥ល្ងាច ទើបក្រុមអ្នកភូមិរំសាយបាតុកម្ម ដោយបញ្ជាក់ថា ក្រុមអ្នកភូមិនឹងធ្វើបាតុកម្មនៅថ្ងៃទី៩ កក្កដា បន្តទៀត។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មិនអាចសុំការឆ្លើយបំភ្លឺពីបញ្ហានេះនៅរសៀលថ្ងៃទី៨ កក្កដា បានទេ ដោយលោកបានប្រាប់ថា មិនទាន់បានទទួលព័ត៌មានពីបញ្ហានេះនៅឡើយទេ៖ «ខ្ញុំក៏អត់ទាន់មានព័ត៌មានទេបង ព្រោះអីប្រជុំព្រឹកមិញ ប្រជុំចប់ចំថ្ងៃត្រង់ ហើយខ្ញុំអត់ទាន់បានចូលរួមជាមួយ ខ្ញុំអត់មានព័ត៌មាន»។
លោក សៀ ភារម្យ ជាប្រធានលេខាធិការដ្ឋានក្រុមការងារពិសេសនៃសិទ្ធិលំនៅឋាន មានប្រសាសន៍ថា ក្នុងនាមជាសង្គមស៊ីវិល លោកសូមសំណូមពរឲ្យរដ្ឋាភិបាល និងក្រុមហ៊ុនដែលពាក់ព័ន្ធ ជួយពន្លឿនការដោះស្រាយបញ្ហាជូនអ្នកអ្នកភូមិដែលកំពុងរស់នៅដោយខ្វះជម្រក ខ្វះស្បៀងអាហារ និងកូនៗរបស់ពួកគាត់ត្រូវបោះបង់ការសិក្សា៖ «យើងមានការលើកទឹកចិត្ត សូមឲ្យក្រុមហ៊ុន និងអ្នកដែលពាក់ព័ន្ធ គួរតែសមត្ថកិច្ចក្នុងការដោះស្រាយ គួរតែពន្លឿនឲ្យគាត់ ពីព្រោះគាត់បានរង់ចាំវាយូរហើយ គិតមើលតាំងពីឈូសថ្ងៃ៣ ខែមករា ឆ្នាំ២០១២ មកដល់ឥឡូវ វាចូលដល់ជិត ២ឆ្នាំទៀតហើយ។ ១ឆ្នាំកន្លះ ជិត ២ឆ្នាំទៀតហើយ។ អ៊ីចឹង ការដែលលំបាកវេទនាទុក្ខសោករបស់គាត់ វាទុក្ខសោករបស់រដ្ឋាភិបាល។ ទុក្ខសោករបស់អ្នកដែលពាក់ព័ន្ធហ្នឹងដែរ»។
ក្រុមអ្នកភូមិបុរីកីឡា ត្រូវបានក្រុមហ៊ុន ផានអ៊ីម៉ិច ឈូសកម្ទេចផ្ទះរបស់ពួកគាត់ ដើម្បីយកទីតាំងនោះទៅអភិវឌ្ឍន៍ តាំងពីដើមឆ្នាំ២១០២ មក។ ក្រុមហ៊ុនបានសន្យាសាងសង់ ១០អគារ សម្រាប់អ្នកភូមិ ប៉ុន្តែអគារដែលសាងសង់នោះមិនគ្រប់តាមការសន្យានោះឡើយ ទើបធ្វើឲ្យពួកគាត់ជាង ១០០គ្រួសារ មិនមានទីជម្រក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
