ប្រជាពលរដ្ឋមកពីសហគមន៍បុរីកីឡា ប្រមាណ ៤០នាក់ កាលព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ ទាមទារអោយក្រុមហ៊ុនផ្អាកការសាងសង់លើផ្ទៃដីបរិវេណអគារទី៩ ស្ថិតនៅភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា។
តំណាងពលរដ្ឋម្នាក់អ្នកស្រី សេង សុគន្ធា ថ្លែងថា ការតវ៉ានេះកើតឡើងដោយសារក្រុមហ៊ុនសាងសង់អគារថ្មីទាំងនោះ មិនទាន់បានដោះស្រាយផ្ទះសម្បែងជូនដល់ពួកគាត់នៅឡើយ។
អ្នកស្រីបន្តថា ក្រុមហ៊ុន ផានអ៊ីម៉ិច (Phan-Imex) បានលក់ដីមួយចំណែកទៅអោយក្រុមហ៊ុនថ្មីមួយដែលពួកគាត់មិនស្គាល់ឈ្មោះ៖ «ខ្ញុំមកទីនេះ អគារទី៩ ទី១០ នេះ ខ្ញុំសុំអោយក្រុមហ៊ុនផ្អាកការសាងសង់ ព្រោះគាត់សាងសង់អគារទី៩ ទី១០ នេះលក់ទៀត តែពួកគាត់អត់ទាន់ដោះស្រាយអោយប្រជាពលរដ្ឋនៅបុរីកីឡាទេ បែរជាគាត់សាងសង់អគារទី៩ ទី១០ លក់អោយក្រុមហ៊ុនផ្សេង។ បើដោះស្រាយអោយពួកខ្ញុំ ហើយអោយផ្ទះអោយសម្បែង ហើយពួកខ្ញុំមានផ្ទះហើយ គាត់សាងសង់លក់អោយនរណាក៏លក់ទៅ»។
ភ្លាមៗបន្ទាប់ពីមានការតវ៉ា ក្រុមហ៊ុនបានផ្អាកការសាងសង់។ រហូតមកទល់ពេលមានពលរដ្ឋចំនួន ១៥៥គ្រួសារ នៅមិនទាន់ទទួលដំណោះស្រាយពីក្រុមហ៊ុននៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
