តំណាងពលរដ្ឋក្នុងសហគមន៍បុរីកីឡា បានប្រតិកម្មចំពោះលិខិតឆ្លើយតបរបស់សាលារាជធានីភ្នំពេញ ទៅក្រសួងមហាផ្ទៃ ចំពោះការទទួលស្គាល់របស់សាលារាជធានីភ្នំពេញ ឲ្យក្រុមហ៊ុនផានអ៊ីមិច សង់ផ្ទះល្វែងតែ ៨អាគារឲ្យពលរដ្ឋ។
អ្នកបុរីកីឡាម្នាក់ក្នុងចំណោមអ្នកបុរីកីឡាជិត ១០០នាក់ អ្នកស្រី ឆាយ គឹមហ៊ន បានថ្លែងនៅថ្ងៃទី២១ កុម្ភៈ ថា ពួកគាត់សុំបដិសេធមិនទទួលស្គាល់ចំពោះកិច្ចសន្យានៃការសង់អាគារលើកទី២ ដែលបានធ្វើឡើងដោយតំណាងសហគមន៍ចំនួន ១៦នាក់ និងមេធាវីក្រុមហ៊ុនផានអ៊ីមិច កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១១ ដែលសម្រេចសង់តែ ៨អាគារនោះ។
អ្នកស្រីបន្តថា ពលរដ្ឋបានឃើញលិខិតឆ្លើយតបពីសាលារាជធានីទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២០ កុម្ភៈ ដែលបានទទួលស្គាល់ឲ្យក្រុមហ៊ុនសង់តែ ៨អាគារ។ ដូច្នេះពួកគាត់សុំឲ្យក្រសួងមហាផ្ទៃ បើកការស៊ើបអង្កេត រកយុត្តិធម៌ជូនពលរដ្ឋដោយសង់អាគារចំនួនពីរបន្ថែមទៀត ពីព្រោះពួកគាត់កំពុងគ្មានទីជម្រក។
អ្នកស្រី ឆាយ គឹមហ៊ន៖ «សុំឲ្យក្រសួងមហាផ្ទៃ ស្វែងរកយុត្តិធម៌ឲ្យពួកនាងខ្ញុំ ពីបញ្ហាក្រុមហ៊ុនផានអ៊ីមិច និងតំណាងសហគមន៍។ សាលារាជធានីភ្នំពេញ បាននិយាយនៅក្នុងលិខិតមួយទៅប្រាប់ខាងក្រសួងមហាផ្ទៃ ថា គាត់ព្រមព្រៀងធ្វើជាមួយក្រុមហ៊ុនហ្នឹងតែ ៨អាគារទេ ដល់អ៊ីចឹងពួកខ្ញុំជាប្រជាពលរដ្ឋទាំងអស់គឺអត់ព្រមព្រៀងទេ ពួកខ្ញុំប្ដិតមេដៃសម្រាប់បដិសេធលិខិតចេញពីសាលារាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកុម្ភៈ ហ្នឹងណា»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីសាលារាជធានីភ្នំពេញ ដើម្បីឆ្លើយតបចំពោះបញ្ហានេះបានទេ។ ប៉ុន្តែប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលនៃក្រសួងមហាផ្ទៃ លោក ប៊ុន រិទ្ធ ដែលបានចេញមកទទួលពាក្យបណ្ដឹងពីអ្នកបុរីកីឡាអះអាងថា ក្រសួងបានទទួលលិខិតពីពលរដ្ឋហើយ។ ប៉ុន្តែលោកពុំទាន់បានឃើញលិខិតឆ្លើយតបរបស់សាលារាជធានីមកក្រសួងមហាផ្ទៃ វិញនៅឡើយ។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់អ្នកបុរីកីឡាបានសរសេរថា ពលរដ្ឋរស់នៅភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានចំនួន ១០៩គ្រួសារ ដែលនៅសេសសល់ពីការបណ្ដេញចេញដោយបង្ខំពីសំណាក់ក្រុមហ៊ុនផានអ៊ីម៉ិច សុំបដិសេធយ៉ាងដាច់អហង្ការទាំងស្រុងទៅលើលិខិតឆ្លើយតបរបស់សាលារាជធានីភ្នំពេញ ដែលឆ្លើយតបទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២០ កុម្ភៈ ដែលថា សាលារាជធានី ចេញលិខិតទទួលស្គាល់ឲ្យក្រុមហ៊ុនផានអ៊ីម៉ិច សាងសង់ ៨អាគារ។ ពលរដ្ឋទាំង ១០៩គ្រួសារពិតអ្នកបុរីកីឡា រស់នៅដោយមានឯកសារគ្រប់គ្រាន់ទៅតាមលក្ខខណ្ឌដែលមានចែងក្នុងកិច្ចសន្យា ៤ចំណុចដែលត្រូវទទួលបានអាគារស្នាក់នៅពីរដ្ឋ។
កាលពីឆ្នាំ២០០៤ តំណាងសហគមន៍បុរីកីឡា អាជ្ញាធរ និងតំណាងក្រុមហ៊ុនផានអ៊ីម៉ិច បានចុះកិច្ចសន្យារួមគ្នាសម្រេចសង់អាគារផ្ទះល្វែងចំនួន ១០អាគារឲ្យពលរដ្ឋ ១.៧៧៦គ្រួសារ។ ប៉ុន្តែពលរដ្ឋអះអាងថា បែរជាមានកិច្ចសន្យាលើកទី២ ឆ្នាំ២០១១ សម្រេចសង់តែ ៨អាគារវិញ ទើបនៅមានពលរដ្ឋជាង ១០០គ្រួសារទៀតខ្វះទីជម្រក។
កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១២ ក្រុមហ៊ុននេះ បានប្រើគ្រឿងចក្រ និងកងកម្លាំងប្រដាប់អាវុធឈូសឆាយកម្ទេចផ្ទះរបស់អ្នកភូមិ។ អ្នករស់នៅបុរីកីឡាចំនួន ៣៨៤គ្រួសារត្រូវបានក្រុមហ៊ុនផានអ៊ីម៉ិច និងអាជ្ញាធរបណ្តេញឲ្យទៅរស់នៅតំបន់ភ្នំបាត ក្នុងខេត្តកណ្តាល និងមួយចំនួនបញ្ជូនទៅរស់នៅទួលសំបូរ ក្បែរពន្ធធនាគារព្រៃស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
