អ្នក​បុរីកីឡា​ជំរុញ​ឲ្យ​សាលា​ក្រុង​ជួយ​រឿង​សង់​អគារ​ឲ្យ​គ្រប់​ចំនួន

ពលរដ្ឋ​សហគមន៍​បុរីកីឡា ប្រមាណ ៣០​នាក់ បាន​លើក​គ្នា​ទៅ​តវ៉ា​នៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​ធ្នូ ដើម្បី​ជំរុញ​អោយ​អភិបាល​រាជធានី​ផ្តល់​ដំណោះស្រាយ​ចំពោះ​សំណើ​សុំ​អន្តរាគមន៍​អោយ​ក្រុមហ៊ុន​សាងសង់​អគារ​អោយ​គ្រប់​ចំនួន។

តំណាង​អ្នក​បុរីកីឡា ម្នាក់ លោកស្រី អាត សំណាង មាន​ប្រសាសន៍​ថា អ្នក​ភូមិ​បាន​ជួប​ជាមួយ​អភិបាល​ក្រុង កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៣ កន្លង​ទៅ ដែល​ពេល​នោះ​លោក​អភិបាល​បាន​សន្យា​ថា​នឹង​ផ្ដល់​ដំណោះស្រាយ​ឲ្យ​ពួក​គាត់​រយៈពេល ៣០​ថ្ងៃ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​ទទួល​លទ្ធផល​អ្វី​ដូច​ការ​សន្យា​ឡើយ៖ «អត់​មាន​ដំណោះស្រាយ ពួក​ខ្ញុំ​នឹង​រៀប​ក្បួន​ហែ​មក ហែ​មក​សួរ​សាលា​រាជធានី មក​ដេក​ហ្នឹង​នៅ​ហ្នឹង​ហ្មង ព្រោះ​កន្លែង​សាលា​រាជធានី​ហ្នឹង​ស្អាត​ជាង​កន្លែង​ខ្ញុំ។ អត់​មាន​សំរាម អត់​មាន​ស្អុយ​គគ្រុក អត់​មាន​ដង្កូវ​ឡើង។ បើ​អត់​មាន​ដំណោះស្រាយ​ទេ ពួក​ខ្ញុំ​នឹង​មក​ដេក​ហ្នឹង​ហើយ»

តំណាង​អ្នក​ភូមិ ៦​នាក់ ត្រូវ​អនុញ្ញាត​អោយ​ចូល​ជួប​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ។ ជា​លទ្ធផល ពួក​គេ​ទទួល​បាន​ការ​សន្យា​ថ្មី​មួយ​ទៀត គឺ​សាលា​រាជធានី​នឹង​ផ្តល់​ដំណឹង​នៅ​សប្ដាហ៍​ក្រោយ។

ក្រុម​អ្នក​ភូមិ​បាន​ស្នើសុំ​ជាច្រើន​លើក​ច្រើន​សា អោយ​ក្រុមហ៊ុន ផានអ៊ីម៉ិច ត្រូវ​សាងសង់​អគារ​អោយ​បាន​គ្រប់​ចំនួន គឺ ១០​អគារ​ដូច​កិច្ច​សន្យា​ជាមួយ​ប្រជាពលរដ្ឋ ដែល​អាច​អោយ​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​ជាង ១០០​គ្រួសារ បាន​ចូល​ទៅ​រស់​នៅ​ដូច​ការ​សន្យា​របស់​រដ្ឋាភិបាល ជា​ថ្នូរ​នឹង​ការ​យក​ដី​ដែល​ពួក​គាត់​កំពុង​រស់​នៅ ទៅ​អោយ​ក្រុមហ៊ុន​ធ្វើ​ការ​អភិវឌ្ឍ។

មក​ដល់​ពេល​នេះ អ្នក​ភូមិ​ដែល​កំពុង​រស់​នៅ​លើ​គំនរ​សំរាម អះអាង​ថា នឹង​ចូល​ទៅ​រស់​នៅ​ក្នុង​អគារ​ទី​៩ ប្រសិន​បើ​គ្រប់​ភាគី​ពាក់ព័ន្ធ ជា​ពិសេស​សាលា​ក្រុង​នៅ​មិន​ព្រម​ដោះស្រាយ​អោយ​ពួក​គាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។