អាជ្ញាធរខណ្ឌ៧មករា រារាំងពលរដ្ឋបុរីកីឡា មិនឲ្យទៅផ្ទះអ្នកស្រី ស៊ុយ សុផាន ម្ចាស់ក្រុមហ៊ុនផានអ៊ីម៉ិច (Phan Imex) ដែលមានជម្លោះដីធ្លីជាមួយសហគមន៍បុរីកីឡា។
ពលរដ្ឋបុរីកីឡា លោកស្រី ង៉ូវ ណារី ជាពលរដ្ឋម្នាក់ក្នុងចំណោមអ្នកបុរីកីឡាចំនួន ១១គ្រួសារដែលនៅសេសសល់មិនទាន់បានសំណងថ្លែងថា ពួកគាត់មានគម្រោងចេញទៅផ្ទះអ្នកស្រី ស៊ុយ សុផាន ដើម្បីទាមទារឲ្យដោះស្រាយសំណងផ្ទះសម្បែងដែលក្រុមហ៊ុននេះបានឈូសកម្ទេចចោលកាលពីឆ្នាំ២០១២។
លោកស្រីបន្តថា សន្តិសុខខណ្ឌ៧មករា បានមកដល់ក្រោមអគារបុរីកីឡា និងហៅពួកគាត់ទៅជួបចរចាជាមួយអភិបាលខណ្ឌ៧មករា លោក លឹម សុភា ប៉ុន្តែអាជ្ញាធរខណ្ឌបានយល់ព្រមដោះស្រាយឲ្យពលរដ្ឋក្នុងមួយគ្រួសារ ១ម៉ឺន ៥ពាន់ដុល្លារប៉ុណ្ណោះ។ លោកស្រីយល់ថា ការចរចានេះបានរំខានដំណើររបស់អ្នកភូមិមិនបានទៅដល់គោលដៅ៖ «ថាទៅផ្ទះយាយ ផាន ដល់ពេលព្រលឹមឡើងអាជ្ញាធរគេមកពេញនៅជណ្ដើរខ្ញុំ ហើយព្រលឹមឡើងគេឲ្យប៉ូលិសហៅខ្ញុំទៅដោះស្រាយ។ដោះស្រាយឡើងបាន ១ម៉ឺន ៥ពាន់ កន្លងមកឲ្យ ១ម៉ឺន ៣ពាន់ មុនដំបូងបង្អស់ ៩ពាន់ជាង។ លោកអភិបាលខណ្ឌគាត់ថា សាលាក្រុងគេដាក់ឲ្យដោះស្រាយត្រឹម ១ម៉ឺន ៥ពាន់ឲ្យពួកខ្ញុំ តែពួកខ្ញុំប្រាប់ទៅវិញថា មិនអាចទទួលយកបានទេ។ ពួកខ្ញុំចង់បញ្ចប់បញ្ហាដីធ្លីនេះឲ្យវាចប់ទៅ ប៉ុន្តែសាលាក្រុងគេមិនព្រមបញ្ចប់ឲ្យពួកខ្ញុំសោះ ជាពិសេសលោក មាន ចាន់យ៉ាដា នេះឯងគ្មានឆន្ទៈចិត្តស្មោះដោះស្រាយទេ គាត់មិនបានស្ដាប់ហេតុផល ឬយល់ចិត្តពលរដ្ឋទេ»។
កាលពីថ្ងៃទី៣ ខែមករា ពលរដ្ឋដែលនៅសេសសល់ ១១គ្រួសារដែលអាជ្ញាធរអះអាងថា ពុំមានឯកសារគ្រប់គ្រាន់ បានដាក់ញត្តិទៅសាលារាជធានី ឲ្យដោះស្រាយសំណងជូនពួកគាត់ក្នុងមួយគ្រួសារចំនួន ២ម៉ឺន ៥ពាន់ដុល្លារអាមេរិក ជាថ្នូរនឹងការចាកចេញពីបុរីកីឡា។ ប៉ុន្តែមកទល់ពេលនេះ សាលាក្រុងភ្នំពេញ មិនទាន់ឆ្លើយតបនឹងសំណើរបស់ពលរដ្ឋនៅឡើយទេ។
មន្ត្រីគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក វណ្ណ សូផាត ដែលឃ្លាំមើលបញ្ហាដីធ្លីនេះយល់ថា ក្រោយពេលសាលាក្រុងផ្ដល់ផ្ទះដល់ពលរដ្ឋបុរីកីឡា ដែលគ្មានឯកសារគ្រប់គ្រាន់ចប់សព្វគ្រប់ សាលាក្រុងគួរចាប់ផ្ដើមគិតគូរដល់ពលរដ្ឋបុរីកីឡា ទាំង ១១គ្រួសារដើម្បីដោះស្រាយបញ្ចប់វិបត្តិដីធ្លីនៅបុរីកីឡា។ ថ្វីត្បិតតែខកខានបែបនេះ អ្នកភូមិអះអាងថា ពួកគាត់នឹងចេញតវ៉ានៅផ្ទះអ្នកស្រី ស៊ុយ សុផាន ម្ចាស់ក្រុមហ៊ុនផានអ៊ីម៉ិច ម្ដងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។