ប្រជាពលរដ្ឋដែលមានទំនាស់ដីក្នុងខេត្តបន្ទាយមានជ័យ ទាមទារឲ្យអាជ្ញាធរខេត្តជួយដោះស្រាយពាក្យបណ្ដឹងទំនាស់ដីរបស់ពួកគាត់ ដែលមានពាក្យបណ្ដឹងខ្លះ បានកប់ចោលអស់រយៈពេលច្រើនឆ្នាំមកហើយ នៅមិនបានបានដោះស្រាយនៅឡើយ។
អ្នកតំណាងឲ្យប្រជាពលរដ្ឋមានទំនាស់ដីធ្លីជាង ២ពាន់គ្រួសារ ស្ថិតក្នុង ១៧តំបន់ផ្សេងៗគ្នា ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានអនុញ្ញាតឲ្យចូលជួបអភិបាលខេត្ត លោក គោ ស៊ុំសារឿត នៅថ្ងៃទី១៩ មីនា ដើម្បីដោះស្រាយទំនាស់ដីរបស់ពួកគាត់។
តំណាងប្រជាពលរដ្ឋទាំងនោះឲ្យដឹងថា មានប្រជាពលរដ្ឋចំនួនជាង ២ពាន់គ្រួសាររស់នៅស្ទើរគ្រប់ស្រុកក្នុងខេត្តនេះ មានទំនាស់ដីជាមួយភាគីជាច្រើន ដូចជា មានទំនាស់ដីជាមួយអាជ្ញាធរជាមួយកងយោធា រដ្ឋាភិបាល និងក្រុមហ៊ុនឯកជនជាដើម ដែលទំនាស់ខ្លះបានកើតឡើងតាំងពីក្រោយថ្ងៃបោះឆ្នោតឆ្នាំ១៩៩៣ មកម្ល៉េះ។
តំណាងប្រជាពលរដ្ឋទំនាស់ដីនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ លោក កែវ សុង បញ្ជាក់ថា ដីប្រជាពលរដ្ឋប្រហែល ៤០០ហិកតារ ក្នុងស្រុកអូរជ្រៅ មានទំនាស់រ៉ាំរ៉ៃជាមួយក្រុមហ៊ុនក្នុងស្រុកមួយយូរមកហើយតែមិនត្រូវបានដោះស្រាយទេ មកទល់ពេលនេះ។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) លោក ភុន ឈិន ឲ្យដឹងថា ទំនាស់ដីនៅខេត្តបន្ទាយមានជ័យ មានស្ទើរគ្រប់ស្រុកទូទាំងខេត្ត ព្រោះខេត្តនេះជាតំបន់សេដ្ឋកិច្ចជាប់ព្រំដែនថៃ ជាដីត្រូវប៉ាន់ ដូចជាដីនៅស្រុកអូរជ្រៅ ក្រុងប៉ោយប៉ែត ស្រុកមង្គលបុរី និងស្រុកមាល័យជាដើម។ លោកថា ទំនាស់ទាំងនោះ កើតមានរវាងប្រជាពលរដ្ឋនិងអ្នកមានអំណាច ជាមួយក្រុមហ៊ុន ហើយក៏មានប្រជាពលរដ្ឋទៅរំលោភយកដីរបស់រដ្ឋាភិបាលដែរ។
ចំពោះការដោះស្រាយទំនាស់ដីនេះ អភិបាលខេត្តបន្ទាយមានជ័យ លោក គោ ស៊ុំសារឿត បញ្ជាក់អំពីដើមហេតុរឿងទំនាស់ដីក្នុងខេត្តនេះ ប្រហាក់ប្រហែលលោក ភុន ឈិន ដែរ។ ប៉ុន្តែលោកអះអាងថា លោកនឹងព្យាយាមដោះស្រាយវិវាទទាំងនោះដោយសន្តិវិធីនិងយុត្តិធម៌។
ទាក់ទងនឹងការសើរើទំនាស់ដីធ្លីនេះដែរ សមាគមអាដហុក (Adhoc) បានធ្វើសន្និសីទកាសែតមួយនៅថ្ងៃទី១៩ មីនា នៅភ្នំពេញ ប្រកាសថា អង្គការអាដហុក នឹងជំរុញឲ្យរដ្ឋាភិបាលសើរើ និងដោះស្រាយរឿងទំនាស់ដីនៅទូទាំងប្រទេសឲ្យបានចប់ឆាប់រហ័ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
