ពលរដ្ឋប្រមាណ៥០នាក់មកពីឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង នៅថ្ងៃទី២៤ ខែមីនា បានដាក់ញត្តិនៅរដ្ឋសភាស្នើសុំកិច្ច អន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លីប្រមាណ៦០០ហិកតារ ដល់ពលរដ្ឋ១៣៥គ្រួសារ និងសុំដោះលែងតំណាងពលរដ្ឋម្នាក់ឈ្មោះ ឆន ឆាត ត្រូវសាលាដំបូងខេត្តបាត់ដំបងឃុំខ្លួនដោយសារតែរឿងតវ៉ាដីធ្លីកាលពីថ្ងៃទី៣១ខែមករា ឆ្នាំ២០១៦។
ញត្តិដែលបានដាក់ទៅរដ្ឋសភានោះឲ្យដឹងថា ក្រុមហ៊ុន សួន មានសម្បត្តិ ទទួលបានសិទ្ធិដីសម្បទានសេដ្ឋកិច្ច ដែលមានទីតាំងក្នុងភូមិអូរគគីរ និងភូមិទួលក្រសាំងឃុំសិរីមានជ័យ ស្រុកសំពៅលូន កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១១ បានធ្វើឲ្យប៉ះពាល់ដីស្រែចម្ការចំនួន៦០០ហិកតារ ដែលកាន់កាប់ស្របច្បាប់របស់ពលរដ្ឋ។ ក្នុងញត្តិដដែលនោះឲ្យដឹងទៀតថា ក្រុមហ៊ុននេះឃុបឃិតជាមួយមន្ត្រីបរិស្ថានគូសផែនទីបំពានលើដីស្រែចម្ការ របស់ពលរដ្ឋហើយរឹបអូសយកជាកម្មសិទ្ធិរបស់ក្រុមហ៊ុន។ ម្យ៉ាងវិញទៀតពលរដ្ឋម្នាក់ឈ្មោះ ឆន ឆាត ត្រូវបានសាលាដំបូងចេញដីការចាប់ខ្លួនផងដែរ។
តំណាងពលរដ្ឋ លោក គូយ ជឿន មានប្រសាសន៍ថា ការចុះវាស់វែងរបស់ក្រុមហ៊ុនសួនមានសម្បត្តិដែលទទួល បានសិទ្ធិដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលនោះធ្វើឲ្យពួកគាត់បាត់បង់ដីធ្លី។
លោកស្រី សុត ថង ដែលត្រូវជាភរិយា លោក ឆន ឆាត ឲ្យដឹងថាក្រោយគេចាប់ខ្លួនប្ដីលោកស្រីមកក្រុមគ្រួសារមានបញ្ហាជីវភាពធ្ងន់ធ្ងរ ។ ម្យ៉ាងវិញទៀតលោក ស្រី ពុំមានដីសម្រាប់ប្រកបរបររកធ្វើស្រែចម្ការនោះឡើយ។ លោកស្រី ស្នើប្រមុខរដ្ឋាភិបាលឲ្យជួយអន្តរាគមន៍ដោះលែងប្ដីរបស់លោកស្រីផង។
តំណាងរដ្ឋសភាបានទទួលយកញត្តិដែលពលរដ្ឋបានដាក់ជូនហើយនៅថ្ងៃនេះ តែលទ្ធផលយ៉ាងណានោះ មិនទាន់ដឹងនៅឡើយទេ។
អាស៊ីសេរីមិនអាចរកប្រភពបំភ្លឺពីក្រុមហ៊ុន សួន មានសម្បត្តិ និងមន្ត្រីបរិស្ថានតាមការចោទប្រកាន់របស់ពលរដ្ឋនៅឡើយទេ នៅថ្ងៃទី២៤ ខែមីនា។ ចំណែកពលរដ្ឋដែលឡើងមកតវ៉ានៅពេលនេះ អះអាងថា ពួកគេនឹងបន្តការតវ៉ាទៀតបើគ្មានដំណោះស្រាយសមរម្យជូនពួកគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។