ពលរដ្ឋរស់នៅអគារប៊ូឌីង ឬហៅថា អគារស ប្រមាណ ១០០នាក់ ដែលអះអាងថា តំណាងឲ្យពលរដ្ឋជិត ៥០០គ្រួសារ រស់នៅទីនេះ បានជួបជជែកគ្នាកាលពីល្ងាចថ្ងៃទី១៨ ខែមេសា នៅលើដំបូលអគារនេះ ដើម្បីរកតម្លៃរួមមួយនៃការលក់បន្ទប់របស់ពួកគេទៅឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ក្នុងពេលជជែកគ្នានោះ ពលរដ្ឋភាគច្រើនដែលបានជួបប្រជុំ ឯកភាពលក់បន្ទប់តម្លៃ ១.៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែក៏មានពលរដ្ឋផ្សេងមិនឯកភាព និងចង់លក់តម្លៃខ្ពស់ជាងនេះ។
មេភូមិមួយ សង្កាត់ទន្លេបាកសាក់ ខណ្ឌចំការមន ក្រុងភ្នំពេញ លោកស្រី ហ៊ុន សារ៉ាត ឲ្យអាស៊ីសេរី ដឹងក្រោយចប់កិច្ចប្រជុំថា លោកស្រីនឹងចុះស្រង់ឈ្មោះពលរដ្ឋដែលយល់ព្រមលក់តម្លៃបន្ទប់ក្នុងតម្លៃ ១.៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េទៅសង្កាត់ រួចបញ្ជូនបន្តទៅរដ្ឋមន្ត្រីក្រសួងដែនដីបន្តទៀត។ លោកបន្តថា ក្រៅពីកំណត់តម្លៃនេះ ពលរដ្ឋក៏ស្នើទៅក្រសួងជួយសម្រួលកុំឲ្យពួកគេបង់ពន្ធថ្លៃលក់ជូនរដ្ឋអី បើមិនដូច្នេះទេ ពួកគេគ្មានលទ្ធភាពទិញផ្ទះរស់នៅបានឡើយ៖ «យើងប្រាប់បន្តគ្នាទៅ យើងប្រាប់ឲ្យដុកទ័រ មេសា គាត់បង្ហោះហ្វេសប៊ុកទៅខាងអាជ្ញាធរ។ អ៊ីចឹងបានយើងសុំឲ្យប្រជាជនមកចុះឈ្មោះហ្នឹង»។
ទោះជាបែបនេះក្ដី ពលរដ្ឋដែលទាមទារតម្លៃលើសពីនេះ ពួកគេថា ពួកគេមិនយល់ព្រមចុះឈ្មោះចូលបញ្ជីឈ្មោះដែលនឹងត្រូវបញ្ជូនទៅរដ្ឋមន្ត្រីក្រសួងដែនដី ឡើយ។ ការអភិវឌ្ឍអគារប៊ូឌីង ពេលនេះឈានដល់ការចរចាតម្លៃបន្ទប់របស់ពលរដ្ឋជាមួយក្រសួងដែនដីហើយ។
កាលពីថ្ងៃទី៧ ខែមេសា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានជួបប្រជុំជាមួយពលរដ្ឋរស់នៅអគារប៊ូឌីងជិត ៥០០គ្រួសារ ក្រសួងដែលជួសមុខឲ្យក្រុមហ៊ុនវិនិយោគ ស្នើទិញបន្ទប់ពលរដ្ឋតម្លៃ ១.២៦៣ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែពលរដ្ឋមិនយល់ព្រម។ ពួកគេទាមទារតម្លៃ ២.២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ក្រុមហ៊ុនរបស់ជប៉ុន ឈ្មោះ អារ៉ាកាវ៉ា (Arakawa) ទទួលបានសិទ្ធិសាងសង់អគារកម្ពស់ ២១ជាន់នៅទីតាំងអគារប៊ូឌីង ដែលត្រូវចំណាយពេលជិត ៤ឆ្នាំ ក្នុងទំហំទឹកប្រាក់ជាង ៨០លានដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។