រដ្ឋាភិបាល​អាល្លឺម៉ង់​នឹង​ឈប់​ផ្ដល់​ជំនួយ​ផ្នែក​កិច្ចការ​ដីធ្លី​ដល់​កម្ពុជា

ដោយ សាន សែល
2016-02-05
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ផាន់ ឈុនរ៉េត បឹងកក់ ៨៥៥ ២០១៦
លោកស្រី ផាន់ ឈុនរ៉េត និង​ស្វាមី ថ្លែង​ការពារ​មិន​ឲ្យ​អាជ្ញាធរ​រុះរើ​ផ្ទះ​លោកស្រី​ចេញ​ពី​តំបន់​បឹងកក់ នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៦។
RFA/Sireymuny

រដ្ឋាភិបាល​អាល្លឺម៉ង់ (Germany) នឹង​ឈប់​ផ្ដល់​ជំនួយ​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ដីធ្លី​ដល់​រដ្ឋាភិបាល​កម្ពុជា ទៀត​ហើយ បន្ទាប់​ពី​សង្កេត​ឃើញ​ថា បើ​ទោះ​ជា​សហការ​គ្នា​អស់​ជា​ច្រើន​ឆ្នាំ​ក៏ដោយ ក៏ប៉ុន្តែ​បញ្ហា​ដីធ្លី​នៅ​កម្ពុជា នៅ​ដោះស្រាយ​មិន​មាន​ប្រសិទ្ធភាព។

រដ្ឋាភិបាល​អាល្លឺម៉ង់ នឹង​បញ្ចប់​កិច្ច​សហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ របស់​ប្រទេស​កម្ពុជា ជុំវិញ​កិច្ច​សហការ​លើ​វិស័យ​ដីធ្លី បន្ទាប់​ពី​ភាគី​ទាំង​ពីរ​ធ្វើការ​ជាមួយ​គ្នា​ជាង ២០​ឆ្នាំ​មក។ ការ​ប្រកាស​ជំហរ​របស់​ភាគី​អាល្លឺម៉ង់ នៅ​ពេល​នេះ ក្រោយពី​អាល្លឺម៉ង់ សង្កេត​ឃើញ​ថា កំណែ​ទម្រង់​ដីធ្លី​នៅ​កម្ពុជា មានការ​ប្រែប្រួល​តិចតួច ពិសេស​បញ្ហា​រំលោភបំពាន​ដីធ្លី​ប្រជាជន​នៅ​កើត​មាន​ឡើង ដែល​ប៉ះពាល់​ដល់​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

​រដ្ឋាភិបាល​អាល្លឺម៉ង់ នឹង​វេច​បង្វេច​ដើរ​ចេញ​នៅ​ក្រោយ​ខែ​មិថុនា ឆ្នាំ​២០១៦ ពេល​ដែល​បញ្ចប់​រាល់​កិច្ចការ​ដីធ្លី​ដែល​នៅ​សេសសល់។ អាល្លឺម៉ង់ ជា​ដៃគូ​អន្តរជាតិ​ចុង​ក្រោយ​ដែល​ជួយ​សម្របសម្រួល​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។ ភាគី​អាល្លឺម៉ង់ ព្រួយ​បារម្ភ​ពី​កង្វះ​តម្លាភាព​នៅ​ក្នុង​ការ​ដោះស្រាយ​ដីធ្លី ហើយ​ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បង្កើត​ប្រព័ន្ធ​ដោះស្រាយ​វិវាទ​ដីធ្លី​មួយ​ដែល​មាន​ប្រសិទ្ធភាព។

​អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា កិច្ចសហការ​រវាង​អាល្លឺម៉ង់ និង​កម្ពុជា មាន​ដំណើរការ​ល្អ ហើយ​កន្លង​មក​រដ្ឋាភិបាល​កម្ពុជា ដោះស្រាយ​វិវាទ​ដីធ្លី​តាម​នីតិវិធី​ត្រឹមត្រូវ ហើយ​មាន​ជោគជ័យ​ជាង​បណ្ដា​ប្រទេស​អាស៊ាន មួយ​ចំនួន​ផង៖ «(សំណួរ៖ ចុះ​ករណី​បឹងកក់ បុរីកីឡា វិញ?) ករណី​ហ្នឹង​យើង​បាន​ដោះស្រាយ​ហើយ​តើ! យើង​ឃើញ​លទ្ធផល គួរ​ជាទី​ពេញ​ចិត្ត តែ​នៅ​សេសសល់ បញ្ហា​ស្មុគស្មាញ។ មិនមែន​បាន​ន័យ​ការ​តវ៉ា​បាន​លទ្ធផល ១០០​ណា ពីព្រោះ​ការ​ដោះស្រាយ វា​ឈរ​ទៅ​លើ​ច្បាប់ ឈរ​ទៅ​លើ​អ្វី​ជាក់ស្ដែង។ មិនមែន​យើង​បិទ​ភ្នែក​មិន​បាន​ដោះស្រាយ​ណា»

​របាយការណ៍​របស់​ក្រុម​អង្គការ​សិទ្ធិមនុស្ស​បង្ហាញ​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០០ មក ប្រជាជន​កម្ពុជា ជាង ៧០​ម៉ឺន​នាក់ ធ្លាប់​ជួបប្រទះ​ជម្លោះ​ដីធ្លី។

​កម្ពុជា ក៏​ធ្លាប់​ធ្វើការ​ជាមួយ​ប្រទេស​កាណាដា (Canada) ហ្វាំងឡង់ (Finland) ដាណឺម៉ាក (Denmark) និង​ធនាគារ​ពិភពលោក (World Bank)។ ធនាគារ​ពិភពលោក​បាន​ដក​ខ្លួន​ចេញ​កាល​ពី​ឆ្នាំ​២០០៩ ក្នុង​កិច្ចសហការ​ដោះស្រាយ​វិស័យ​ដីធ្លី​ជាមួយ​រដ្ឋាភិបាល​កម្ពុជា បន្ទាប់​ពី​មាន​ការ​តវ៉ា​របស់​សហគមន៍​បឹងកក់ ដែល​អះអាង​ថា បាន​ទទួល​ផល​ប៉ះពាល់​ដោយសារ​គម្រោង​អភិវឌ្ឍន៍​ដីធ្លី។

សកម្មជន​ដីធ្លី អ្នកស្រី ទេព វន្នី តំណាង​សហគមន៍​បឹងកក់ មិន​ភ្ញាក់ផ្អើល​នឹង​ការ​ដក​ខ្លួន​របស់​អាល្លឺម៉ង់ នេះ​ទេ ដោយ​អ្នកស្រី​ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា បរាជ័យ​ដោះស្រាយ​ជម្លោះ​ដីធ្លី​របស់​ប្រជាពលរដ្ឋ៖ «បើ​សិន​គេ​ឈប់​ផ្ដល់​ឲ្យ វា​ចំណុច​ល្អ​មួយ​សម្រាប់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឲ្យ​ភ្ញាក់ខ្លួន​បញ្ឈប់​នូវ​សកម្មភាព​ណា​មួយ​ដែល​ខុស​នឹង​គម្រោង​របស់​គេ»

​ប្រទេស​អាល្លឺម៉ង់ បាន​ចំណាយ​ថវិកា​ប្រមាណ ២៧​លាន​ដុល្លារ​ដើម្បី​ជួយ​កម្ពុជា ធ្វើ​កំណែ​ទម្រង់​ដីធ្លី។ ភាគី​អាល្លឺម៉ង់ បាន​ជួយ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ចំនួន ៤​លាន​ប័ណ្ណ សម្រាប់​ជន​ជាតិ​ដើម​ភាគតិច ការងារ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​សម្រាប់​គ្រួសារ​ក្រីក្រ​ជាដើម។

​ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា (CHRTF) លោក អ៊ូច ឡេង សង្កេត​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា បរាជ័យ​មិន​បាន​ប្រើប្រាស់​ជំនួយ​របស់​អាល្លឺម៉ង់ ត្រឹមត្រូវ ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​កម្ពុជា នោះ​ឡើយ៖ «​ដោយសារ​ខាង​អាល្លឺម៉ង់ យល់​ឃើញ​ថា ជំនួយ​នេះ​អត់​ប្រយោជន៍ មិន​បាន​ធ្វើ​កំណែ​ទម្រង់​ផ្នែក​ដីធ្លី​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ។ អ៊ីចឹង​ហើយ​បាន​គេ (អាល្លឺម៉ង់) លែង​ផ្ដល់​ជំនួយ​ដល់​រាជរដ្ឋាភិបាល ហើយ​បើសិនជា​ម្ចាស់​ជំនួយ​លែង​ផ្ដល់​ជំនួយ ប្រជាពលរដ្ឋ​ក្រីក្រ​ជា​អ្នក​រងគ្រោះ ដោយសារ​រដ្ឋាភិបាល​យើង​មិន​បាន​អនុវត្ត​តាម​គោលការណ៍​ជំនួយ​ដីធ្លី​បាន​ត្រឹមត្រូវ តាម​តម្រូវការ​របស់​ប្រទេស​ម្ចាស់​ជំនួយ»

​យ៉ាង​ណា​ក៏ដោយ រដ្ឋាភិបាល​អាល្លឺម៉ង់ នឹង​បន្ត​ជួយ​ប្រជាជន​កម្ពុជា លើ​វិស័យ​ផ្សេង​ទៀត ដូចជា​លើ​វិស័យ​កសិកម្ម ដោយ​ផ្ដល់​បច្ចេកទេស​កសិកម្ម ការ​រក​ទីផ្សារ​លក់​ផលិតផល​ដើម្បី​ឲ្យ​កសិករ​អាច​បង្កើន​កម្រិត​ជីវភាព​រស់នៅ​បាន​សមរម្យ​នៅ​លើ​ដី​សម្បទាន​សង្គម​កិច្ច​ដែល​បាន​រៀបចំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល