ទំនាស់ដីធ្លីកំពុងកើតឡើងស្ទើរគ្រប់ទីកន្លែងនៅក្នុងសង្គមខ្មែរបច្ចុប្បន្ន។ អង្គការសង្គមស៊ីវិលខ្លះព្យាយាមផ្សព្វផ្សាយពីគោលនយោបាយថ្នាក់ជាតិ និងគោលនយោបាយខ្លះរបស់គណបក្សនយោបាយ។ ប្រយោជន៍ចង់ឲ្យប្រជាពលរដ្ឋដឹងបន្ថែមពីច្បាប់ និងអាចវិនិច្ឆ័យលើគោលនយោបាយនីមួយៗ របស់គណបក្សនយោបាយទាំងនោះ នៅគ្រាដែលការបោះឆ្នោតជាតិជិតមកដល់នៅខែកក្កដា ខាងមុខ។
វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO Forum) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) និងអង្គការសម្ព័ន្ធសហគមន៍កសិករកម្ពុជា នឹងបើកកិច្ចពិភាក្សាជាសាធារណៈជាមួយប្រជាពលរដ្ឋជាង ៥០០នាក់ ស្ដីពីគោលនយោបាយដីធ្លី ដែលអ្នកភូមិកំពុងប្រឈមនាពេលបច្ចុប្បន្ន។
មន្ត្រីសម្របសម្រួលគម្រោងកំណែទម្រង់ដីធ្លីនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត ឲ្យដឹងនៅថ្ងៃទី៥ ខែឧសភា ថា វេទិកានេះនឹងផ្ដល់ឱកាសឲ្យពលរដ្ឋចំនួន ៣ភូមិ គឺភូមិពោនកក ភូមិសំរោង និងភូមិចេក ក្នុងឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលកំពុងមានបញ្ហាទំនាស់ដីធ្លីជាមួយអាជ្ញាធរ រឿងធ្វើទំនប់ស្តុកទឹក និងប្រឡាយធារាសាស្ត្រ បានដឹងពីគោលនយោបាយដីធ្លី ដឹងពីច្បាប់ភូមិបាល និងសំណងតាមផ្លូវច្បាប់ ដែលអ្នកភូមិត្រូវទទួលបាន។
លោក វណ្ណ សុផាត៖ «យើងចង់ឲ្យពួកគាត់បានស្ដាប់គោលនយោបាយដីធ្លីរបស់គណបក្សនយោបាយនានា ដែលគាត់ចូលរួមជាវាគ្មិនហ្នឹង ថាតើគោលនយោបាយគណបក្សនីមួយៗហ្នឹងគឺមានលក្ខណៈសមស្រប អាចធានានូវសុវត្ថិភាព សិទ្ធិមានដីធ្លីរបស់ពួកគាត់ទេ ពួកគេត្រូវបានជ្រើសរើសឲ្យដឹកនាំរដ្ឋាភិបាលនៅក្នុងការបោះឆ្នោតអាណត្តិទី៥ នាខែកក្កដា ខាងមុខនេះ»។
វេទិកានេះធ្វើឡើងនៅគ្រាដែលអ្នកភូមិជាង ១០០គ្រួសារ ក្នុងឃុំឈើទាល មានទំនាស់ដីធ្លីជាមួយអាជ្ញាធរលើផ្ទៃដីជាង ៧០ហិកតារ។ ប្រភពពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ឲ្យដឹងកាលពីឆ្នាំ២០០៩ អាជ្ញាធរខេត្តបានជីកដីធ្វើទំនប់កំពង់ជ្រៃ សម្រាប់ស្តុកទឹកក្នុងរដូវប្រាំង និងប្រឡាយទឹកជាង ៣គីឡូម៉ែត្រ ដែលជីកលើដីស្រែរបស់អ្នកភូមិ សម្រាប់ធ្វើប្រព័ន្ធធារាសាស្ត្របង្ហូរទឹកស្រោចស្រពស្រែចម្ការរបស់ពលរដ្ឋ។
យ៉ាងណាអ្នកភូមិមិនបានតវ៉ា ឬរារាំងការធ្វើទំនប់ និងប្រឡាយទឹកនោះទេ ដោយយល់ថា វាជាសម្បត្តិរួម និងមានប្រយោជន៍ច្រើនចំពោះអ្នកភូមិ។ ប៉ុន្តែបានទាមទារឲ្យអាជ្ញាធរចេញប័ណ្ណកម្មសិទ្ធិដីស្រែស្របច្បាប់ដល់អ្នកភូមិដែលកាន់កាប់ជិត ៣០ឆ្នាំ ដែលមានចម្ងាយជាង ១០០ម៉ែត្រ ចេញពីទំនប់ និងប្រឡាយនោះ បន្ទាប់ពីអាជ្ញាធរធ្លាប់បដិសេធមិនព្រមចេញប័ណ្ណកម្មសិទ្ធិជាប្រព័ន្ធឲ្យពួកគាត់។
ប្រធានអង្គការសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ពន្យល់ថា អ្នកភូមិបារម្ភថា ការគ្មានប្លង់កម្មសិទ្ធិស្របច្បាប់លើដីស្រែដែលកាន់កាប់នោះ អាចងាយបាត់បង់ដីពីការរំលោភបំពានរបស់ក្រុមឈ្មួញ និងអាជ្ញាធរ។ លោកបន្តថា អ្នកភូមិទាំងនោះនឹងចូលរួមក្នុងវេទិកាស្ដីពីគោលនយោបាយដីធ្លី ដើម្បីដឹងបន្ថែមពីគោលនយោបាយដីធ្លីរបស់រដ្ឋាភិបាល និងគោលនយោបាយដីធ្លីរបស់គណបក្សនយោបាយមួយចំនួន ចំពោះចំណាត់ការដោះស្រាយបញ្ហាដីធ្លីនៅក្រោយគណបក្សទាំងនោះឈ្នះឆ្នោត?
លោក ថេង សាវឿន៖ «ស្នើសុំយ៉ាងណាធ្វើឲ្យរដ្ឋ ក៏ដូចជាគណបក្សនយោបាយដែលឡើងកាន់អំណាចខែកក្កដា ខាងមុខ នឹងធ្វើការចុះបញ្ជីដីធ្លី នឹងផ្តក់ប្លង់កម្មសិទ្ធិដីធ្លីឲ្យពលរដ្ឋគ្រប់ៗក្រុមគ្រួសារ ព្រោះពួកគាត់ភ័យខ្លាចបាត់បង់ដីធ្លីរបស់គាត់ ត្រូវបានអាជ្ញាធរ ឬឈ្មួញធ្វើការឃុបឃិតគ្នារឹបអូសយក ហើយគាត់ឃើញសញ្ញាបែបហ្នឹងមិនល្អ ហើយនឹងអាចធ្វើឲ្យដីស្រែរបស់គាត់កំពុងធ្វើស្រែអសន្តិសុខ»។
ដំណើរការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធរបស់រាជរដ្ឋាភិបាល កំពុងដំណើរការនៅតាមខេត្តក្រុងចំនួន ១៥ ក្នុងចំណោម ២៤ ខេត្ត រាជធានី។ ក្នុងរយៈពេលជាង ១០ឆ្នាំ រាប់ពីឆ្នាំ២០០១ ដល់ខែវិច្ឆិកា ឆ្នាំ២០១១ កម្មវិធីនេះបានចេញប័ណ្ណកម្មសិទ្ធិដល់ពលរដ្ឋជាង ១,៧លានក្បាលដី។ តំបន់ខ្លះត្រូវបានឆ្វៀលចេញមិនចុះបញ្ជី ក្នុងករណីដីមានទំនាស់ធំៗមិនច្បាស់លាស់ និងស្មុគស្មាញភូមិសាស្ត្រជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
