ក្រុមអ្នកភូមិទាំងនោះមិនសុខចិត្តចំពោះអាជ្ញាធរឃុំ និងស្រុកជាំក្សាន្ត ដែលបានដកហូតយកដីធ្លី របស់ពួកគេកាលពីពេលថ្មីៗ ដោយសង្ស័យថា ការដកហូតយកដីរបស់ពួកគាត់អាចពាក់ព័ន្ធអំពើពុករលួយ។
ប្រជាពលរដ្ឋចំនួន ៣ក្រុម ដែលរស់នៅក្នុងភូមិជាំក្សាន្ត ឃុំជាំក្សាន្ត បានប្ដឹងអភិបាលស្រុកជាំក្សាន្ត លោក សុខ ហៃ ទៅសាលាដំបូងខេត្តព្រះវិហារ ពីបទពាក់ព័ន្ធអំពើពុករលួយរឿងករណីដីធ្លីជាមួយពួកគាត់។
បុរសម្នាក់ជាតំណាងប្រជាពលរដ្ឋ ២៥គ្រួសារ នៅភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ដែលសុំមិនបញ្ចេញឈ្មោះ។ គាត់បានមានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទ ទី២០ ខែឧសភា ថា រូបគាត់និងអ្នកភូមិ ២៤គ្រួសារទៀត បានប្ដឹងលោកអភិបាលស្រុកជាំក្សាន្ត កាលពីខែមេសា កន្លងទៅ។ បុរសដដែលបានបញ្ជាក់ថា មូលហេតុដែលនាំឱ្យរូបលោក និងអ្នកភូមិផ្សេងទៀតដាក់ពាក្យប្ដឹង គឺបន្ទាប់ពីលោកអភិបាលស្រុកជាំក្សាន្ត បានអនុវត្តការបណ្ដេញក្រុមអ្នកភូមិឱ្យចាកចេញពីដីដែលកាន់កាប់តៗជាច្រើនជំនាន់មកហើយ នៅក្នុងតំបន់អតីតអាកាសយានដ្ឋាន។
តំណាងពលរដ្ឋ៖ «បើអ្នកនៅចំណីតារាងយន្តហោះ មួយប៉ែកខាងលិចគេឱ្យនៅបាន។ ក្រុមខ្ញុំ ២៥គ្រួសារហ្នឹងហេតុអ្វីក៏មិនឱ្យនៅបាន? បើសិនជាដីហ្នឹងអាកាសយានដ្ឋាន ទុកជាសម្បត្តិរដ្ឋ ហេតុអ្វីក៏មិនឱ្យប្រជាពលរដ្ឋចេញទាំងអស់គ្នាទៅ? ខ្លះមួយចំនួនទៀតដែលគេត្រូវគ្នាជាមួយអាជ្ញាធរហ្នឹង គេមានប័ណ្ណកម្មសិទ្ធិកាន់កាប់ដី។ អាត្រង់ឯងដែលខ្ញុំចង់វែកញែកឱ្យច្បាស់លាស់ ដើម្បីរកភាពយុត្តិធម៌»។
ក៏ប៉ុន្តែអភិបាលស្រុកជាំក្សាន្ត លោក សុខ ហៃ បានប្រើពាក្យសំដីខ្លាំងៗ បដិសេធការចោទប្រកាន់នោះ។ លោក សុខ ហៃ បានមានប្រសាសន៍ថា លោកមិនដឹងថា រូបលោកបានប្រព្រឹត្តអំពើពុករលួយទៅលើរឿងអ្វីនោះទេ៖ «ចុះបើខ្ញុំវាមិនដឹងថា គេប្ដឹងពុករលួយរឿងអី? ប្រជាជននៅឯណា? ដីធ្លីនៅត្រង់ណា? ឥឡូវលោកអ្នកយកព័ត៌មាន ចង់ដឹងមើលថា តើដីធ្លីនៅត្រង់ណា ជាំក្សាន្តហ្នឹង?»។
ទោះយ៉ាងណា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ លោក ឡុង ស៊ីថា បានមានប្រសាសន៍ថា លោកពិតជាបានទទួលបណ្ដឹងប្រជាពលរដ្ឋដែលប្ដឹងចោទប្រកាន់ទៅលើអភិបាលស្រុកជាំក្សាន្ត មែន។
លោក ឡុង ស៊ីថា បានសុំមិនអធិប្បាយជុំវិញការប្ដឹងនោះទេ ដោយសារតែលោកកំពុងបើកការស៊ើបអង្កេតជាបឋមទៅលើរឿងនោះ៖ «បើបណ្ដឹងមិនដឹងប៉ុន្មានទេ ពីព្រោះប្រជាពលរដ្ឋប្រមាណដណ្ដប់គ្រួសារហ្នឹងគាត់ដាក់ប្ដឹងដូចតែគ្នាទាំងអស់ហ្នឹង»។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តព្រះវិហារ លោក ឡោ ច័ន្ទ បានឱ្យដឹងថា តាមលោកទទួលព័ត៌មាន គឺប្រជាពលរដ្ឋចំនួន ៣ក្រុម ដែលបានប្ដឹងអភិបាលស្រុកជាំក្សាន្ត ពាក់ព័ន្ធនឹងអំពើពុករលួយនោះ ហើយតុលាការខេត្តព្រះវិហារ បានរៀបចំបញ្ជូនបណ្ដឹងទាំងនោះបន្តទៅអង្គភាពប្រឆាំងអំពើពុករលួយ។
លោក ឡោ ច័ន្ទ បានបញ្ជាក់ថា នៅពេលដែលបណ្ដឹងទៅដល់ដៃអង្គភាពប្រឆាំងអំពើពុករលួយ គឺលោកនឹងស្នើសុំឱ្យធ្វើការស៊ើបអង្កេតករណីនោះឱ្យបានហ្មត់ចត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
