ការអភិវឌ្ឍផ្លូវខ្វាត់ខ្វែងក្នុងទីក្រុង ត្រូវបានប៉ះពាល់ការតាំងទីលំនៅ តាំងពីឆ្នាំ១៩៧៩ មក។ ចំណែកផ្លូវលំ ដែលអ្នកភូមិធ្លាប់ដើរចេញចូលភូមិ ឬផ្ទះនៅខាងក្នុង ក៏ត្រូវប្រឈមនឹងការបាត់បង់ដោយគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនធំៗ ធ្វើប្លង់រំលោភជាកម្មសិទ្ធិឯកជន ហើយបានកើតជាជម្លោះជាមួយពលរដ្ឋដែលធ្លាប់ប្រើប្រាស់ផ្លូវនោះជាហូរហែមក។
ប្រជាពលរដ្ឋ ២៥គ្រួសារ រស់នៅក្នុងក្រុមទី ៦ថ្មី ភូមិកណ្តាល១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ តវ៉ាសុំបើកផ្លូវលេខ៣៦៩ ផ្លូវលំនៅក្នុងភូមិពីទំហំ ១.២០ម៉ែត្រ ទៅ ២ម៉ែត្រ ដើម្បីងាយស្រួលធ្វើដំណើរ។
ស្ត្រី ក្វាង គឹមជ្រី ឲ្យដឹងថា លោក សួន សំណាង បានធ្វើរបងបង្ខិតមកលើផ្លូវប្រមាណជា ៧តឹក ពីបង្គោលដីចាស់ ធ្វើឲ្យអ្នកដំណើរលំបាកបើករ៉ឺម៉ក និងរថយន្តចេញចូលមិនរួចដូចសព្វដង។ នៅឆ្នាំ២០០៧ អ្នកភូមិដាក់ពាក្យសុំឲ្យអាជ្ញាធរសង្កាត់ និងខណ្ឌដោះស្រាយ។ ប៉ុន្តែការដោះស្រាយតាំងពីអភិបាលខណ្ឌមានជ័យ និងប្តូរមកខណ្ឌច្បារអំពៅ មិនទាន់អាចដោះស្រាយបានចប់នៅឡើយ៖ «ផ្ទះលោក សួន សំណាង ធ្វើអាខាងមុខហ្នឹង ប៉ុន្តែគ្រាន់តែផ្លូវហ្នឹងពីមុនមកវាធំ វាទូលាយ ផ្លូវវានៅជាចំណិតត្រសក់។ ឲ្យសុំថាទូលាយបន្តិច គ្រាន់ជិះម៉ូតូបានចៀសគ្នារួចចុះ»។
របងសង់ប៉ះពាល់ផ្លូវលេខ៣៦៩ ក្នុងភូមិកណ្តាល១ ក្រុម ៦ថ្មី គឺបណ្តោយជាង ៣០ម៉ែត្រ ជាកម្មសិទ្ធិរបងរបស់លោក សួន សំណាង អាជីវករលក់ដូរនៅផ្សារច្បារអំពៅ។
លោក សួន សំណាង ម្ចាស់កម្មសិទ្ធិដីនិងរបងដែលត្រូវប្រជាពលរដ្ឋ ២៥គ្រួសារ ប្តឹងចោទថា សង់របងប៉ះលើផ្លូវលំនោះ បំភ្លឺថា ក្រុមគ្រួសារគាត់មកតាំងលំនៅក្នុងភូមិនេះនៅពីខាងលិចផ្សារច្បារអំពៅ តាំងពីឆ្នាំ១៩៧៩។ លោកថា ដីនៅពីក្រោយផ្ទះគាត់ គឺជាចំការចេករបស់សមូហភាពភូមិ។ នៅឆ្នាំ១៩៩៩ ដីចំការចេកនោះបានលក់ទៅឲ្យលោកស្រីម្នាក់ ដែលមានឋានៈខ្ពស់ក្នុងជួររាជរដ្ឋាភិបាល ក្រោយមកដីនោះត្រូវបានគេពុះលក់ជាឡូត៍តូចៗ ដោយបានទុកផ្លូវកណ្តាលដីចំការចេក។ លោកថា ផ្លូវទុកនៅកណ្តាលដីនោះ មើលពីលិចទៅកើត គឺទៅប៉ះលើរបងគាត់ទាំងស្រុងប្រមាណជា ១ម៉ែត្រ ពីមុខផ្ទះទៅក្រោយផ្ទះ។ លោកបន្តថា អ្នកតាំងលំនៅថ្មីទាំងអស់ដើរចេញចូលតាមផ្លូវនោះ ចេះតែចោទថា ផ្ទះគាត់សង់របងលើផ្លូវ ទើបកើតជាជម្លោះដោះស្រាយមិនចប់ តាំងពីឆ្នាំ២០០៧ មក។
លោកថា នៅឆ្នាំ២០០៨ អាជ្ញាធរខណ្ឌមានជ័យ បានចុះសម្របសម្រួលឲ្យគាត់ថយរបងចូលទៅក្នុងដីឡូត៍ដើម្បីបើកផ្លូវឲ្យធំ ប៉ុន្តែអ្នកនៅខាងជើងផ្ទះគាត់ នៅម្ខាងផ្លូវមិនព្រមថយ គាត់ក៏មិនថយដែរ ហើយបង្កជាជម្លោះមកដល់ឆ្នាំ២០១៤នេះ៖ «ពីពេលនោះ គឺគេឲ្យខ្ញុំថយ ៧តឹក ក៏ប៉ុន្តែផ្ទះនៅខាងជើងហ្នឹងគេសុខចិត្តចូលកន្លះម៉ែត្រហើយ គេទៅត្រង់ អ៊ីចឹងផ្លូវពីផ្ទះគេទៅហ្នឹង ១.៥០ម៉ែត្រ អ៊ីចឹងគេបន្ថយកន្លះម៉ែត្រទៅមានន័យថា ផ្លូវហ្នឹងគឺ ២ម៉ែត្រហើយ គេបន្ថយ។ ពេលនោះគឺមានការស្រុះស្រួលទាំងអស់គ្នា ទាំងម្ចាស់ដី។ អ៊ីចឹងខ្ញុំក៏សុខចិត្តបង្ខិតដែរ ព្រោះមិនបញ្ហាទេ យើងសម្បទានគេពីមុនមកហើយ ឥឡូវ ៧តឹកទៀត ក៏យើងអាចសម្បទានបានដែរ។ ក៏ប៉ុន្តែនៅពេលចុះអនុវត្តជាក់ស្តែង គេមកវ៉ៃរបងខ្ញុំមុន វ៉ៃបង្គោលខ្ញុំមុន ខ្ញុំថា អត់ចាំបាច់វ៉ៃរបស់ខ្ញុំទេ បើសិនជាចង់វ៉ៃៗ ធ្វើពីខាងក្រោយមកវិញ ព្រោះថា ខ្ញុំបង្គោលតែមួយទេ ខ្ញុំអាចខិតដោយខ្លួនខ្ញុំក៏បានដែរ ដល់ពេលអ៊ីចឹងទៅ គេខាងក្រោយគេគិតថា ទំនងចូលដីគេច្រើន គេអត់ព្រម»។
អ្នកភូមិប្រមាណ ២០គ្រួសារ ដែលនៅពីក្រោយដីឡូត៍ លោក សួន សំណាង នាំគ្នាអះអាងថា ពួកគាត់សុំឲ្យអាជ្ញាធរបើកផ្លូវឲ្យធំដើម្បីងាយស្រួលធ្វើដំណើរ មិនបង្កគ្រោះថ្នាក់ដល់កុមារដែលដើរទៅសាលារៀន៖ «ខាង សួន សំណាង សុំបើកបង្គោលដែលគាត់បង្ខិតទៅមុខនោះ ឲ្យគាត់ដកមកក្រោយវិញ ឲ្យស្មើនឹងភាពដើមវិញ។ កាលពីមុនផ្លូវហ្នឹងម៉ូតូអីចេញចូលទៅអត់អីទេ ហើយឡានក៏ចូលរួចដែរ អាចចូលបាន ប៉ុន្តែឥឡូវចូលអត់បានទេ សូម្បីតែមនុស្សជិះកង់តែមួយ ឬម៉ូតូមួយក៏ចៀសគ្នាអត់រួចដែរ។ ផ្លូវហ្នឹងជិះទៅរកតែបុកគ្នាទេ អ៊ីចឹងហើយម្នាក់ៗគេធ្វើបុណ្យ គេបន្ថយផ្លូវអីតិចតួច ដើម្បីចេញផ្លូវ តែគាត់នឹងមិនជួយធ្វើបុណ្យឲ្យដាក់ចំណីផ្លូវឲ្យទូលាយទេ គាត់មានតែបង្ខិតយកចំណីផ្លូវថែមទៀត»។
លោក គឹម ផេង អ្នកភូមិកណ្តាល១ ឲ្យដឹងថា លោក សួន សំណាង ក្រៅពីសង់របងលើផ្លូវលេខ៣៦៩ ខុសពីបង្គោលព្រំដីចាស់ ក៏មិនព្រមឲ្យអ្នកភូមិជួសជុល ឬដាំបង្គោលភ្លើងក្បែររបងដីឡូត៍នោះដែរ៖ «ជម្លោះរឿងដាំបង្គោលភ្លើងដែលវាពុកហើយហ្នឹង ពួកយើងខ្ញុំនៅទីនេះរៃលុយគ្នាដូរ ដល់ពេល ដូរទៅជីករណ្ដៅលើរណ្តៅចាស់ ដកបង្គោលចាស់ចេញ ហើយដាំរណ្ដៅចាស់វិញដដែល គេរករឿងមិនឲ្យដាក់ ឥឡូវបង្គោលចាស់វាបាក់ហើយ»។
ចៅសង្កាត់ច្បារអំពៅ២ លោក យិន វុធ ឲ្យដឹងថា វិវាទសង់របងលើផ្លូវលំនៅភូមិកណ្តាល១ បង្កជម្លោះ ៧ ទៅ ៨ឆ្នាំមកហើយ។ លោកថា អាជ្ញាធរខណ្ឌមានជ័យ បានចុះដោះស្រាយបន្តបន្ទាប់ និងបានបាញ់ថ្នាំក្រហមលើរបងឲ្យលោក សួន សំណាង ថយដែរ ប៉ុន្តែក្រោយមកដំណឹងនោះក៏ស្ងាត់ ព្រោះអាជ្ញាធរសង្កាត់ប្រគល់ឲ្យអាជ្ញាធរខណ្ឌដោះស្រាយវិញ។
លោក យិន វុធ៖ «វាតែដោះស្រាយទៅ បាត់ទៅវាដល់ពេលឥឡូវនេះចាប់ផ្ដើមបង្កើតខណ្ឌថ្មីហ្នឹង យើងបានបង្កើតគណៈកម្មការដាក់ដោះស្រាយមួយសាទៀត។ ខ្ញុំសួរទៅអភិបាលរងខណ្ឌ ដែលគាត់ដោះស្រាយហ្នឹង មកដល់ឥឡូវហ្នឹងនៅពាក់ព័ន្ធដី ៧តឹក។ ឥឡូវប្រជាពលរដ្ឋសំណូមពរថា បើសិនជាដោះស្រាយយ៉ាងម៉េច បើថាត្រូវទិញក៏ទិញទៅ បើគេថាយ៉ាងម៉េចគឺដោះស្រាយតាមហ្នឹង»។
អភិបាលរងខណ្ឌច្បារអំពៅ លោក ណុប ផា ឲ្យដឹងថា អាជ្ញាធរខណ្ឌទើបបានទទួលបណ្ដឹងថ្មីពីប្រជាពលរដ្ឋភូមិកណ្ដាល១ សុំឲ្យជួយដោះស្រាយការសង់របងបំពានផ្លូវលំ៣៦៩។ លោកថា នឹងកោះអញ្ជើញភាគីពាក់ព័ន្ធទៅដោះស្រាយក្នុងពេលឆាប់ៗ៖ «ខាងខ្ញុំជួយដើម្បីឲ្យប្រជាពលរដ្ឋហ្នឹងគាត់មានផ្លូវមានអីដើរ ប៉ុន្តែខាងគេហ្នឹងគេអត់ទាន់ព្រម ជាកម្មសិទ្ធិរបស់គេ។ ឥឡូវចាំមើលខ្ញុំជាអ្នកធ្វើការសម្របសម្រួលតទៅទៀត»។
កាលពីថ្ងៃទី១៨ ខែសីហា នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា នឹងដកតំណែងថ្នាក់ដឹកនាំណាដែលមិនបានដោះស្រាយជម្លោះដីនៅកន្លែងដែលអាជ្ញាធរមូលដ្ឋាននោះកំពុងនៅក្នុងតំណែង។
តាមការចុះមើលផ្ទាល់ដល់កន្លែងទំនាស់ផ្ទះលោក សួន សំណាង នៅត្រង់ផ្លូវកែងបែកជាបី។ របងផ្ទះលោក សួន សំណាង ស្ថិតនៅលើផ្លូវ៣៦៩ មួយចំហៀងផ្នែកខាងជើង និងលយទៅមុខផ្ទះលោក សួន សំណាង នោះផ្នែកខាងកើតប្រមាណ ១ម៉ែត្រ មើលពីខាងជើងទៅត្បូង ដែលបិទផ្លូវបត់ចូលទៅអ្នករស់នៅខាងក្រោយ។ ទោះជាយ៉ាងណា លោក សួន សំណាង អះអាងថា ក្រុមគ្រួសារ
លោកមកតាំងលំនៅមុនគេ មិនបានបំពានអ្នកដែលទើបមកតាំងលំនៅក្នុងឆ្នាំ១៩៩៩ ទៅឆ្នាំ២០០០ នោះទេ៕
