អង្គការឈ្មោះក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា (Cambodia Human Rights Task Forces) បានចេញសេចក្តីថ្លែងការណ៍មួយនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ដោយ ចាប់ផ្តើមបើកគម្រោងឃ្លាំមើលធុរកិច្ច និងវិនិយោគនៅកម្ពុជា ដោយផ្តោតសំខាន់លើគម្រោងដីធ្លី ធនធានធម្មជាតិ និងពង្រឹងអំណាចប្រជាពលរដ្ឋតាមរយៈការប្រើប្រាស់សិទ្ធិសេរីភាពស្របច្បាប់។
សេចក្តីថ្លែងការណ៍ក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា ចេញផ្សាយនៅថ្ងៃទី៤ ខែ វិច្ឆកា បង្ហាញថា អង្គការនេះមានគោលដៅពិសេសជំរុញឲ្យរាជរដ្ឋាភិបាល ធ្វើការអភិវឌ្ឍប្រទេសប្រកបដោយនិរន្តរភាព យកចិត្តទុកដាក់ក្នុងការជួយបង្កើនកម្រិតជីវភាពប្រជាពលរដ្ឋដែលជាម្ចាស់ធនធានធម្មជាតិ។
នាយកអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង មានប្រសាសន៍ថា គម្រោងថ្មីរបស់អង្គការនេះ និងសិក្សាឲ្យបានលម្អិតបន្ថែមទៀតជុំវិញដីសម្បទានសេដ្ឋកិច្ចដែលរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនវិនិយោគដោយមិនស្របច្បាប់។
លោកបន្តថា អង្គការនេះមានគោលដៅសំខាន់ជំរុញការគោរពច្បាប់ សំដៅធានាឲ្យការប្រើប្រាស់ធនធានធម្មជាតិរបស់កម្ពុជា ប្រកបដោយតម្លាភាព។ លោកបញ្ជាក់ថា អង្គការថ្មីនេះបានទទួលថវិការទាំងស្រុងសម្រាប់ដំណើរការគម្រោងពីសប្បុរសជនក្នុងស្រុកដែលស្រលាញ់ធនធានធម្មជាតិ ការគោរពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព។
អង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា បានទទួលការអនុញ្ញាតពីក្រសួងមហាផ្ទៃ តាំងពីឆ្នាំ១៩៩៨ ប៉ុន្តែអង្គការនេះបានផ្អាកសកម្មភាពទៅវិញដោយសារកង្វះថវិកា។ លោក អ៊ូច ឡេង បញ្ជាក់ថា ការដំណើរការលើកនេះនឹងបន្តទៅរហូត ព្រោះថា ក្រុមការងាររបស់លោកដែលមានសមាជិកមិនដល់ ១០នាក់ផងនោះ មានកញ្ចប់ថវិកាសម្រាប់ដំណើរការការងាររយៈពេលវែងមួយ ប៉ុន្តែអង្គការនេះក៏ត្រូវការជំនួយពីស្ថាប័នអន្តរជាតិនានា ដើម្បីពង្រីកសកម្មភាពរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពដែរ។
ទាក់ទងនឹងការបង្កើតអង្គការវិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា អង្គការក្រៅរដ្ឋាភិបាលមួយចំនូននៅកម្ពុជា ចាយលុយជំនួយមិនស្របតាមទិសដៅ ហើយក៏មានបុគ្គលខ្លះបើកអង្គការសម្រាប់ធ្វើអ្នកមានទៀតផង។ លោក ហ៊ុន សែន ធ្លាប់លើកពាក្យស្លោកមួយដែលថា អ្នកណាចង់មានឲ្យបង្កើតអង្គការ។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលនៅអាណត្តិទី៥នេះ ថែមទាំងចិញ្ចឹមចិត្តអនុម័តច្បាប់គ្រប់គ្រងអង្គការ និងសមាគមថែមទៀតផង។
ទោះជាបែបណាក្តី នាយកអង្គការក្រុមការងារពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង បញ្ជាក់ថា ការដែលក្រុមការងាររបស់លោករួមគ្នាបង្កើតអង្គការនេះឡើយ មិនមែនធ្វើដើម្បីប្រាក់ចំណេញទេ តែធ្វើដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ។ លោកបញ្ជាក់ថា នៅសប្តាហ៍ក្រោយ អង្គការនេះនឹងចេញរបាយការណ៍មួយទាក់ទងនឹងដីសម្បទានសេដ្ឋកិច្ច និងការកាប់បំផ្លាញព្រៃឈើដាក់ឲ្យរាជរដ្ឋាភិបាលសិក្សា និងឈានទៅធ្វើការសម្រេចចិត្តដើម្បីប្រយោជន៍ជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
