សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​អភិបាល​ថ្មី​ខេត្ត​ស្វាយរៀង​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ

0:00 / 0:00

ក្រុម​អង្គការ​សង្គម​ស៊ីវិល ស្នើ​ដល់​អភិបាល​ថ្មី​ខេត្ត​ស្វាយរៀង ឲ្យ​ដោះស្រាយ​បញ្ហា​ចោទ​មួយ​ចំនួន​ដែល​បន្សល់​ទុក​ពី​អភិបាល​ខេត្ត​ចាស់។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល លោក ម៉ែន វិបុល ត្រូវ​បាន​តែង​តាំង​ជា​អភិបាល​ថ្មី​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ជំនួស លោក ជៀង អំ ដែល​ត្រូវ​បាន​ផ្ទេរ​ទៅ​កាន់​ការងារ​ជា​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ។

ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ប្រចាំ​ខេត្ត​ស្វាយរៀង ជំរុញ​ឲ្យ​អភិបាល​ថ្មី​ខេត្ត​ស្វាយរៀង ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​សំខាន់ៗ​របស់​ប្រជាពលរដ្ឋ។ បញ្ហា​ទាំង​នោះ​រួម​មាន បញ្ហា​ព្រំដែន បញ្ហា​ជន​អន្តោប្រវេសន៍​វៀតណាម ខុស​ច្បាប់ បញ្ហា​នាំ​ចូល​ទំនិញ​ខូច​គុណភាព បញ្ហា​ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ និង​អ្នក​មាន​លុយ​មាន​អំណាច បញ្ហា​សន្តិសុខ ទីផ្សារ​កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ និង​បញ្ហា​ចំណាក​ស្រុក។

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន មាន​ប្រសាសន៍​ថា បញ្ហា​ក្ដៅ​ដែល​កំពុង​កើត​ឡើង និង​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ស្វាយរៀង គឺ​ទំនាស់​ដីធ្លី និង​បញ្ហា​ជន​អន្តោប្រវេសន៍​វៀតណាម ដែល​លក់​ទំនិញ និង​លក់​សន្លឹក​ឆ្នោត​យ៉ាង​អនាធិបតេយ្យ។ លោក​បន្ត​ថា ពលរដ្ឋ​ក្នុង​ស្រុក​មួយ​ចំនួន​នៃ​ខេត្ត​នេះ ត្រូវ​បាន​អ្នក​មាន​លុយ និង​មាន​អំណាច រំលោភ​យក​ដីធ្លី​របស់​ពួក​គាត់។ ទន្ទឹម​គ្នា​នេះ បញ្ហា​ការ​រំលោភ​សិទ្ធិ​កម្មករ​រោងចក្រ ក៏​ជា​រឿង​សំខាន់​ដែរ ដែល​អភិបាល​ខេត្ត​ថ្មី​ត្រូវ​ពិនិត្យ​ដោះស្រាយ៖ « យើង​តែង​តែ​មាន​កង្វល់​ពាក់ព័ន្ធ​នឹង​រឿង​ដីធ្លី​ដែល​បន្សល់​ទុក​តាំង​ពី​មុន ដែល​មិន​ទាន់​បាន​ដោះស្រាយ ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​របស់​ឥណ្ឌា ចម្ការ​អំពៅ​ក្រុមហ៊ុន អាន ម៉ារ៉ាឌី នៅ​ស្រុក​រមាសហែក ស្រុក​ស្វាយជ្រុំ អី​ហ្នឹង។ យើង​សង្ឃឹម​ថា អភិបាល​ខេត្ត​នឹង​ដោះស្រាយ »

ក្រៅ​ពី​បញ្ហា​ដីធ្លី​នោះ នាយិកា​អង្គការ​ជំនួយ​ជនបទ (Rural Aid Organzation) ប្រចាំ​ខេត្ត​ស្វាយរៀង អ្នកស្រី ព្រំ បុប្ផា មាន​ប្រសាសន៍​ថា បញ្ហា​ប្រឈម​បំផុត​ដែល​អាជ្ញាធរ​មើល​រំលង​នោះ គឺ​ការ​នាំ​ចូល​ទំនិញ​ខូច​គុណភាព​ពី​វៀតណាម និង​ស្វែងរក​ទីផ្សារ​សម្រាប់​កសិផល​របស់​ពលរដ្ឋ​ខ្មែរ។ អ្នកស្រី​មាន​សង្ឃឹម​ថា អភិបាល​ខេត្ត​ថ្មី​នឹង​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំង​នេះ​ឲ្យ​បាន​ប្រសើរ និង​បន្ថែម​ល្បឿន​អភិវឌ្ឍន៍​ខេត្ត​ឲ្យ​រីក​ចម្រើន៖ « ការ​លំហូរ​ចូល​សារធាតុ​គីមី​ផ្លែ​ឈើ​គីមី ចំណី​អាហារ​គីមី​ទាំងអស់ ចូល​មក​ពី​ខាង​កើត​ហ្នឹង ហើយ​ឥឡូវ​នេះ​គេ​ហៅ​ថា​អាវុធ​គីមី​ហើយ បើ​មិន​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នេះ​ទេ គឺ​ដោះស្រាយ​មិន​ចេញ​ឡើយ ហើយ​មួយ​ទៀត បើ​គាត់​មិន​រក​ទីផ្សារ និង​ទប់ស្កាត់​ការ​ហូរ​ចូល​ទាំងអស់​នេះ​ទេ គឺ​ទំនិញ​ក្នុង​ស្រុក​ខ្មែរ ក៏​នៅ​តែ​ងើប​មុខ​មិន​រួច​ដែរ »

អភិបាល​ថ្មី​ខេត្ត​ស្វាយរៀង លោក ម៉ែន វិបុល ត្រូវ​បាន​តែង​តាំង​ជា​ផ្លូវ​ការ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មីនា ក្រោម​អធិបតីភាព​របស់ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

នៅ​ចំពោះ​មុខ​មន្ត្រី​អ្នក​មុខ​អ្នក​ការ​ជាច្រើន​នៅ​សាកលវិទ្យាល័យ​ស្វាយរៀង លោក ម៉ែន វិបុល ប្ដេជ្ញា​ចិត្ត​ថា នឹង​ខិតខំ​ដោះស្រាយ​រាល់​បញ្ហា និង​រាល់​សំណូមពរ​របស់​ប្រជាពលរដ្ឋ។

រីឯ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ក៏​បាន​ផ្តែផ្តាំ​ថា បញ្ហា​ទំនាស់​ដីធ្លី​ជា​រឿង​មួយ​ដ៏​សំខាន់ ដែល​មន្ត្រី​គ្រប់​ជាន់​ថ្នាក់​ត្រូវ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ព្រម​ទាំង​ទប់ស្កាត់ និង​បង្ក្រាប​គ្រឿង​ញៀន​ដែល​កំពុង​តែ​រីក​សាយភាយ​គ្រប់​ច្រក​ល្ហក។ លោក ស ខេង ចង់​ឃើញ​វិវាទ​ដីធ្លី​រវាង​ពលរដ្ឋ និង​អ្នក​មាន​លុយ​មាន​អំណាច ត្រូវ​បាន​ដោះស្រាយ​ឲ្យ​នៅ​សល់​តិចតួច​បំផុត និង​ឈាន​ដល់​ការ​បញ្ចប់​ទាំង​ស្រុង​តែ​ម្ដង​នៅ​ពេល​ខាង​មុខ។

ទោះ​បី​ជា​យ៉ាង​ណា ក្រុម​អង្គការ​សង្គម​ស៊ីវិល ក៏​សោកស្ដាយ​ដែល លោក ស ខេង ពុំ​បាន​និយាយ​ដល់​បញ្ហា​សំខាន់ៗ​មួយ​ចំនួន​ទៀត ដូចជា​បញ្ហា​អធិបតេយ្យភាព និង​បញ្ហា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​វៀតណាម ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។