សង្គម​ស៊ីវិល​រិះគន់​រដ្ឋាភិបាល​រឿង​ជម្លោះ​ដីធ្លី​នៅ​តាម​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ

0:00 / 0:00

ក្រុម​អង្គការ​សង្គម​ស៊ីវិល រិះគន់​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន ដែល​ពុំ​សូវ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​តំបន់​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ។ ពួក​គេ​ថា ការ​ព្រងើយ​កន្តើយ​នេះ បណ្ដាល​ឲ្យ​ជម្លោះ​ដីធ្លី​កើន​ឡើង ហើយ​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​កាន់​តែ​ជួប​ការ​លំបាក​គ្រប់​បែប​យ៉ាង។ ចំពោះ​ការ​រិះគន់​នេះ មន្ត្រី​រដ្ឋាភិបាល​លើក​ឡើង​ថា ដោយសារ​តែ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​ខ្វាក់ ថ្លង់ ពុំ​បាន​មើល​ឃើញ​ចំណាត់​ការ​របស់​រដ្ឋាភិបាល។

ការ​រិះគន់​លើ​រដ្ឋាភិបាល​ដឹក​នាំ​ដោយ លោក ហ៊ុន សែន និង​ស្ថាប័ន​ពាក់ព័ន្ធ​នេះ ធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​បញ្ហា​ដីធ្លី​នៅ​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា ច្រាក់ (CHRAC) នៅ​ថ្ងៃ​ទី​២១ ខែ​មីនា នា​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី (Himawari)។

មន្ត្រី​សង្គម​ស៊ីវិល និង​តំណាង​សហគមន៍​មាន​ជម្លោះ​ដីធ្លី លើក​ឡើង​ពី​ជម្លោះ​ដីធ្លី​ដែល​កើត​ឡើង​នៅ​ខេត្ត​កោះកុង ខេត្ត​ព្រះសីហនុ ខេត្ត​កំពត និង​ខេត្ត​កែប ដោយសារ​កំណើន​នៃ​គម្រោង​វិនិយោគ​អភិវឌ្ឍន៍ ក្រោម​រូបភាព​សម្បទាន​សេដ្ឋកិច្ច ការ​ជួល​ទីតាំង​រយៈពេល​វែង និង​ជួល​កោះ​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ក្នុង​ស្រុក និង​បរទេស ដើម្បី​ធ្វើ​ពាណិជ្ជកម្ម ធ្វើ​សណ្ឋាគារ រីហ្សត (resort) និង​រមណីយដ្ឋាន​ទេសចរណ៍ ជាដើម ដោយ​គ្មាន​ពិគ្រោះ​យោបល់ និង​សិក្សា​វាយ​តម្លៃ​ឲ្យ​បាន​ច្បាស់លាស់។

ប្រធាន​ផ្នែក​ដីធ្លី​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ឡាត់ គី មាន​ប្រសាសន៍​ថា ស្ថានភាព​ដីធ្លី​ក្នុង​ខេត្ត​ទាំង​៤ នៅ​តែ​គួរ​ឲ្យ​ព្រួយ​បារម្ភ ព្រោះ​ថា រដ្ឋាភិបាល​ហាក់​គ្មាន​យន្តការ​ដោះស្រាយ​ច្បាស់លាស់​ឡើយ។ លោក​ថា កន្លង​មក ការ​ដោះស្រាយ​ទំនាស់​ដីធ្លី គឺ​គ្មាន​តម្លាភាព និង​គណនេយ្យ​ភាព បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ទីលំនៅ បាត់បង់​មុខ​របរ និង​ចាក​ចោល​ភូមិ-ស្រុក ដើម្បី​ស្វែងរក​មុខ​របរ​ថ្មី​សម្រាប់​ចិញ្ចឹម​ក្រពះ៖ « ហើយ​ពិបាក​ក្នុង​ការ​រក​ដំណោះស្រាយ។ ដំណោះស្រាយ គឺ​អន្តរ​ក្រសួង​បង្កើត ប៉ុន្តែ​អន្តរ​ក្រសួង​បង្កើត ព្យាយាម​សម្រប​សម្រួល​ឲ្យ​អ្នក​ភូមិ​ចេញ មិន​បាន​អនុវត្ត​តាម​គោល​នយោបាយ​ស្បែក​ខ្លា​ដែល​រាជ​រដ្ឋាភិបាល បាន​ដាក់​ចេញ​ដើម្បី​ឆ្វៀល​ដី​ដោះស្រាយ​បញ្ហា​ឡើយ »

តំណាង​ប្រជាពលរដ្ឋ​នៅ​ឃុំ​កោះស្ដេច ស្រុក​គីរីសាគរ ខេត្ត​កោះកុង ដែល​កំពុង​មាន​បញ្ហា​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន យូញៀន ឌីវីឡុបមែន គ្រុប (Union Development Group Co., Ltd) បាន​រៀបរាប់​ថា ទំនាស់​ដីធ្លី​របស់​ពួក​គាត់​បាន​អូស​បន្លាយ​ជាច្រើន​ឆ្នាំ​មក​ហើយ។ ពួក​គាត់​ព្រម​ដោះដូរ​តែ​ដី​ចម្ការ​តែ​ប៉ុណ្ណោះ ចំណែក​ដី​ភូមិ​មិន​បាន​យល់ព្រម​ឡើយ តែ​ក្រុមហ៊ុន​នៅ​តែ​គំរាម​ឲ្យ​ពួក​គាត់​ចាក​ចេញ។ លោក​បន្ត​ថា ទុក្ខ​សោក​ក្រោយ​ពី​បញ្ហា​ដីធ្លី​នេះ​កើត​ឡើង ទោះ​រៀបរាប់​មួយ​សប្ដាហ៍​ក៏​មិន​អស់​ផង៖ « ទី​១ ជីវភាព​រស់នៅ​មិន​បាន​ពេញលេញ​ឡើយ ព្រោះ​ក្រុមហ៊ុន​តែង​តែ​ឈូស​ឆាយ​មុខ​ក្រោយ​រហូត ហើយ​ទី​២ ដក​គ្រូ​មិន​ឲ្យ​បង្រៀន​សិស្ស និង​ទី​៣ មាន​វត្ត​តែ​មិន​ឲ្យ​លោក​គង់ សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​បុណ្យ »

របាយការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល បង្ហាញ​ថា ករណី​ទំនាស់​ដីធ្លី​មាន​នៅ​តាម​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មាន​ចំនួន ៤១​ករណី នៅ​មិន​ទាន់​ដោះស្រាយ​ចប់​នៅ​ឡើយ។

ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ហៅ​កាត់​ថា ស៊ី.អ៊ិន.រ៉ូ (CNRO) លោក សុខ សុខុម មាន​ប្រសាសន៍​ថា បើ​ទោះ​បី​ជា​កម្ពុជា មាន​ច្បាប់​ជាច្រើន​ក្តី ប៉ុន្តែ​នៅ​តែ​មិន​អាច​ទប់ស្កាត់​អ្នក​មាន​អំណាច អ្នក​មាន​លុយ ឲ្យ​ឈប់​ដណ្ដើម​ដី​ពី​ប្រជាពលរដ្ឋ​ឡើយ។ លោក​សង្កេត​ឃើញ​ថា កន្លង​មក ទោះ​បី​ជា​ប្រជាពលរដ្ឋ​បាន​រស់នៅ​កាន់​កាប់​ដី​របស់​ពួក​គាត់​ជាច្រើន​ទសវត្សរ៍ និង​មាន​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​ក្តី ក៏​នៅ​តែ​អាជ្ញាធរ​បណ្ដេញ​ចេញ ដោយ​ចាត់​ទុក​ថា​ជា​ដី​សាធារណៈ​របស់​រដ្ឋ ប៉ុន្តែ​បើ​សម្រាប់​អ្នក​មាន​លុយ​មាន​អំណាច គឺ​គ្មាន​បញ្ហា​អ្វី​ទាំងអស់៖ « បើ​ផ្អែក​ទៅ​លើ​កត្តា​ច្បាប់​មាន​ច្រើន​ណាស់ ប៉ុន្តែ​ការ​អនុវត្ត​វា​អត់​ប្រសិទ្ធភាព »

សង្គម​ស៊ីវិល​ថា កត្តា​ធ្វើ​ឲ្យ​ជម្លោះ​ដីធ្លី​បន្ត​រាល​ដាល​មិន​មាន​ការ​ថមថយ ព្រោះ​ស្ថាប័ន​ពាក់ព័ន្ធ​មិន​អាច​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​ប្រកប​ដោយ​ប្រសិទ្ធភាព​នោះ​ទេ ហើយ​ស្ថាប័ន​របស់​ជាតិ​ទាំង​នោះ មាន​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ។

ចំពោះ​ការ​រិះគន់​នេះ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន លើក​ឡើង​ថា គឺ​ជា​ធម្មជាតិ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​តែង​តែ​ធ្វើ​ជា​ខ្វាក់ ថ្លង់ ពុំ​បាន​មើល​ឃើញ​ពី​ចំណាត់​ការ​ដោះស្រាយ​របស់​រដ្ឋាភិបាល៖ « ការ​ដែល​គាត់​លើក​ឡើង​ថា រដ្ឋាភិបាល​អត់​មាន​ដោះស្រាយ គឺ​គាត់​ខ្វាក់ ឬ​ថ្លង់ គេ​ប្រាប់​តើ ! យើង​ឃើញ​សកម្មភាព​របស់​ចៅហ្វាយ​ខេត្ត​កំពង់សោម គឺ​គាត់​ចុះ​ទៅ​ទៀត មិន​ត្រឹម​តែ​ចុះ គឺ​គាត់​បង្កើត​ហ្វេសប៊ុក​ទៀត ដើម្បី​សុំ​យោបល់​ឲ្យ​ប្រជាពលរដ្ឋ និង​សម្ដេច​តេជោ។ គេ​ដោះស្រាយ​ជា​បន្តបន្ទាប់​ហើយ​តើ »

យ៉ាង​ណា​ក៏ដោយ​ចុះ ក្រុម​អង្គការ​សង្គម​ស៊ីវិល អំពាវនាវ​ដល់​រាជ​រដ្ឋាភិបាល និង​ក្រសួង​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ជួយ​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ជាប់​ឆ្នេរ​សមុទ្រ​ទាំង ៤​ខេត្ត​ឲ្យ​បាន​ឆាប់​រហ័ស និង​ទប់ស្កាត់​បញ្ហា​ការ​ចាក់​ខ្សាច់​ចូល​សមុទ្រ យក​ធ្វើ​ជា​កម្មសិទ្ធិ និង​បូម​ខ្សាច់​ដោយ​ខុស​ច្បាប់ ដែល​ធ្វើ​ឲ្យ​បាត់បង់​ធនធាន​ធម្មជាតិ ជាពិសេស​បញ្ឈប់​ការ​ផ្តល់​ឆ្នេរ​សមុទ្រ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ជា​អ្នក​គ្រប់គ្រង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។