ក្រុមប្រជាពលរដ្ឋមកពីភូមិសែនជ័យ ឃុំកន្ទួត និងឃុំស្វាយលើ ស្រុកស្វាយលើ ជាង ១៥០នាក់ បានលើកគ្នាមកសាលាខេត្តសៀមរាប ដើម្បីឲ្យអភិបាលខេត្តជួយដោះស្រាយបញ្ហាទំនាស់ដីធ្លី ក៏ប៉ុន្តែពួកគេត្រូវសមត្ថកិច្ចរារាំងកាលពីល្ងាចថ្ងៃទី២ ខែមីនា កន្លងទៅ។
ក្រុមអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល បានរកឃើញថា បច្ចុប្បន្ននៅខេត្តសៀមរាប ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងកងទាហាន រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន នៅតែអូសបន្លាយជាច្រើនកន្លែង ដោយមិនទាន់មានការដោះស្រាយសមរម្យនៅឡើយ។
សហគមន៍ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីចំនួន ២កន្លែង ក្នុងស្រុកស្វាយលើ បានទាមទារឲ្យអាជ្ញាធរខេត្តសៀមរាប ត្រូវពន្លឿនការដោះស្រាយឲ្យបានសមរម្យ និងឆាប់រហ័ស។
សហគមន៍ទាំងពីរនោះ គឺប្រជាពលរដ្ឋចំនួន ១៥គ្រួសារ រស់នៅតំបន់អូរទី៤ ចំណុះឲ្យភូមិសែនជ័យ ឃុំកន្ទួត ដែលកំពុងមានទំនាស់ដីជាមួយកងទាហាន និងមួយក្រុមទៀត គឺប្រជាពលរដ្ឋចំនួនជាង ៣៥០គ្រួសារ នៅឃុំស្វាយលើ ស្រុកស្វាយលើ ដែលមិនសុខចិត្តចំពោះអាជ្ញាធរដកហូតយកដីពីពួកគេ ទៅចែកឲ្យអ្នកឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ដែលធ្លាប់តែរស់នៅតំបន់លិចទឹក ហើយមិនមានដីធ្វើកសិកម្មជាច្រើនជំនាន់មកហើយនោះ។
បុរសអ្នកភូមិសែនជ័យ ម្នាក់ ក្នុងចំណោមប្រជាពលរដ្ឋជាង ១៥០នាក់ ដែលលើកគ្នាមកតវ៉ានៅខេត្តសៀមរាប គឺលោក ស្វាយ ជុំ។ លោកមានប្រសាសន៍កាលពីល្ងាចថ្ងៃទី២ ខែមីនា ថា រូបលោក និងអ្នកភូមិជាច្រើនទៀត កំពុងមានទំនាស់ជាមួយទាហានយោធភូមិភាគទី៤ ដែលយកគ្រឿងចក្រទៅឈូសឆាយដីធ្វើទំនប់ទឹក បណ្ដាលឲ្យប៉ះពាល់ដំណាំជាច្រើនហិកតារ។ ពួកគាត់បានតវ៉ា និងប្ដឹងមកអាជ្ញាធរខេត្តសៀមរាប រយៈពេលជិត ៣ខែហើយ ក៏ប៉ុន្តែមិនមានឃើញដំណោះស្រាយអ្វីទេ៖ «តវ៉ាតាំងពីខែមករា មក រង់ចាំរហូតថាដោះស្រាយៗ ដល់ពេលខែកុម្ភៈ ចូលខែមីនា អត់មានដោះស្រាយ»។
នាយករងរដ្ឋបាលសាលាខេត្តសៀមរាប លោក សុខ ថុល បានសុំមិនធ្វើការអធិប្បាយរឿនេះយ៉ាងណាឡើយ ដោយលោកជំរុញឲ្យសួរទៅអភិបាលរងខេត្តសៀមរាប លោក ប៊ុន ថាឬទ្ធិ ក៏ប៉ុន្តែ លោក ប៊ុន ថាឬទ្ធិ បានចុចទូរស័ព្ទផ្ដាច់មិនសន្ទនា។
អង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលចំនួន២ នៅខេត្តសៀមរាប បានរកឃើញដូចគ្នាថា អាជ្ញាធរខេត្តសៀមរាប ហាក់ដូចជាប្រើប្រាស់យន្តការយឺតយ៉ាវក្នុងការដោះស្រាយទំនាស់ដីធ្លីជាច្រើនកន្លែងនោះ។
អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក នូ ពុទ្ធិ មានប្រសាសន៍ថា កន្លងទៅអង្គការរបស់លោកបានចុះស៊ើបអង្កេតបញ្ហាទំនាស់ដីធ្លីចំនួន ៣ករណី គឺទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋភូមិសែនជ័យ ឃុំកន្ទួត ជាមួយទាហានយោធភូមិភាគទី៤ បញ្ហាទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋភូមិជប់រំដេង ជាមួយក្រុមហ៊ុនដីសម្បទានសហគមន៍តាខ្មៅ និងទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋជាង ៣៥០គ្រួសារ នៅឃុំស្វាយលើ ស្រុកស្វាយលើ ជាដើម។ លោក នូ ពុទ្ធិ សម្គាល់ថា អាជ្ញាធរខេត្តសៀមរាប និងស្រុកស្វាយលើ ហាក់យឺតយ៉ាវក្នុងការដោះស្រាយ និងមិនបានផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋនៅឡើយ៖ «ដូចជាក្នុងករណីនៅខាងជប់រំដេង គឺប្រជាពលរដ្ឋនៅមានកង្វល់ខ្លាំងណាស់ពាក់ព័ន្ធនឹងអាជ្ញាធរដែលស្វែងរកចាប់ខ្លួនជាបន្តបន្ទាប់។ ចំណុចប៉ះពាល់ដោយការប្រើប្រាស់ដីសម្បទានសង្គមកិច្ចនៅឃុំស្វាយលើ ក៏អាជ្ញាធរមិនទាន់បានដោះស្រាយ ដើម្បីឆ្លើយតបនឹងកង្វល់របស់ប្រជាពលរដ្ឋនៅឡើយ»។
ចំណែកអ្នកស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ចាន់ ចំរើន ក៏យល់ឃើញថា អាជ្ញាធរខេត្តសៀមរាប និងស្រុកស្វាយលើ មានការយឺតយ៉ាវក្នុងការដោះស្រាយទំនាស់ដីធ្លីជាច្រើនករណីនោះដែរ។ លោក ចាន់ ចំរើន ជំរុញឲ្យអាជ្ញាធរខេត្តសៀមរាប ពន្លឿនការដោះស្រាយទំនាស់ដីធ្លីទាំងនោះឲ្យឆាប់រហ័ស ដើម្បីជៀសវាងមានការតវ៉ាផ្សេងៗ។
សមាគមការពារសិទ្ធិមនុស្សអាដហុក ឲ្យដឹងថា ចាប់តាំងពីដើមខែមករា ឆ្នាំ២០១៥ រហូតមកដល់ពេលនេះ គ្រាន់តែទំនាស់ដីធ្លីនៅស្រុកស្វាយលើ ចំនួន ៣ករណី គឺធ្វើឲ្យប្រជាពលរដ្ឋចំនួនជាង ៥០០គ្រួសារ កំពុងទទួលរងការប៉ះពាល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
