ក្រុមសង្គមស៊ីវិលមួយចំនួននៅក្នុងខេត្តព្រះសីហនុ ស្នើដល់រដ្ឋាភិបាលចែកដីធ្លីដែលបានដកហូតអាជ្ញាប័ណ្ណពីក្រុមហ៊ុនមួយចំនួននោះ ជូនប្រជាពលរដ្ឋខ្វះដីសង់លំនៅឋាន និងប្រកបរបរកសិកម្មផ្សេងៗ។
អភិបាលខេត្តព្រះសីហនុ អះអាងថា ផ្ទៃដីមួយចំនួនដែលរដ្ឋាភិបាលបានដកហូតពីក្រុមហ៊ុននេះ នឹងត្រូវផ្តល់ជូនពលរដ្ឋខ្វះដីបានប្រើប្រាស់ឡើងវិញ។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ប្រចាំខេត្តព្រះសីហនុ លោក បួន ណារិទ្ធ ស្ថិតក្នុងចំណោមអង្គការសង្គមស៊ីវិលមិនមែនរដ្ឋាភិបាលច្រើនទៀត មានប្រសាសន៍នៅថ្ងៃសៅរ៍ ទី៤ ខែតុលា ថា រដ្ឋាភិបាលគួរពិចារណាផ្តល់ដីសង្គមកិច្ច ដែលរដ្ឋាភិបាលបានដកហូតពីក្រុមហ៊ុនឯកជនចំនួន៥ មានទីតាំងក្នុងខេត្តព្រះសីហនុ ចែកជូនពលរដ្ឋខ្វះដីសង់លំនៅឋាន និងធ្វើរបរកសិកម្ម។ លោកបន្តថា ក្នុងចំណោមក្រុមហ៊ុនវិនិយោគចំនួន៨ ដែលរដ្ឋាភិបាលបានដកសិទ្ធិកាលពីថ្ងៃទី២៩ ខែកញ្ញា មានក្រុមហ៊ុនចំនួន៥ មានទីតាំងនៅក្នុងខេត្តព្រះសីហនុ។
លោក បួន ណារិទ្ធ ឲ្យដឹងបន្តថា ខេត្តព្រះសីហនុ មានប្រជាពលរដ្ឋជាច្រើនសហគមន៍មិនមានដីសង់លំនៅឋាន និងកំពុងរង់ចាំការផ្តល់ដីសង្គមកិច្ចពីរដ្ឋាភិបាល មានដូចជា សហគមន៍ស្ពានឆេះជាដើម៖ «ដីឧទ្យានជាតិ គឺសុំយកមកគ្រប់គ្រងដោយឧទ្យានជាតិ និងអភិរក្សសម្រាប់ឧទ្យានជាតិ។ ហើយចំពោះដីកន្លែងផ្សេងទៀតក្រៅពីឧទ្យានជាតិហ្នឹង អាហ្នឹងគួរតែរក្សាទុកព្រៃឈើ ហើយនិងបែងចែកឲ្យប្រជាពលរដ្ឋក្រីក្រ សម្រាប់ស្នើសុំដីសម្បទានសង្គមកិច្ច។ សហគមន៍ស្ពានឆេះដែលបានបាត់បង់ដីធ្លីកន្លងមកហ្នឹង គឺរដ្ឋ ក៏ត្រូវតែផ្តល់ដីសង្គមកិច្ចជូនដល់ពួកគាត់ គឺត្រូវផ្តល់ដីដែលដកហូតហ្នឹង។ ហើយសហគមន៍ និងពលរដ្ឋផ្សេងទៀតដែលបាត់បង់ ឬរងគ្រោះដីធ្លីហ្នឹង គួរតែបែងចែកដីជូនពួកគាត់»។
មិនខុសគ្នាទេសម្រាប់ លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ឬហៅកាត់ស៊ីអិនរ៉ូ (CNRO) ប្រចាំខេត្តព្រះសីហនុ ក៏បានស្នើដល់រដ្ឋាភិបាល ពិចារណាបែងចែកដីដែលដកហូតពីក្រុមហ៊ុនទាំង៥ ក្នុងខេត្តព្រះសីហនុ ផ្តល់ជូនពលរដ្ឋខ្វះដីសង់លំនៅឋាន និងប្រកបរបរកសិកម្មឡើងវិញ៖ «ទទួលបានសិទ្ធិអភិវឌ្ឍន៍ហើយ មិនព្រមអភិវឌ្ឍ ហើយរដ្ឋដកយកវិញ ខ្ញុំសង្គមស៊ីវិលត្រេកអរណាស់។ ហើយបច្ចុប្បន្ន ប្រជាពលរដ្ឋមានបញ្ហាទំនាស់ដីធ្លីជាច្រើនដែលកំពុងបាត់បង់ដីធ្លីរបស់ពួកគាត់ខ្វះលំនៅឋាន។ ដូច្នេះ ខេត្តត្រូវតែមានវិធានការបែបណាស្រង់ស្ថិតិពលរដ្ឋក្រីក្រឲ្យបានច្បាស់លាស់ ហើយត្រូវស្នើសុំទៅរដ្ឋាភិបាល ដើម្បីដោះស្រាយជាគោលនយោបាយ ហៅថាដីសម្បទានសង្គមកិច្ចជូនពួកគាត់ទៅតាមផ្លូវច្បាប់»។
លោកបន្តថា នៅខេត្តព្រះសីហនុ មានប្រជាពលរដ្ឋជាច្រើនសហគមន៍បានរងគ្រោះ និងបាត់បង់ដីធ្លី ដោយសាររដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជន និងការរំលោភពីអ្នកមានអំណាច ជាដើម។
ផ្ដើមពីបញ្ហានេះ លោក សុខ សុខុម បញ្ជាក់ថា រដ្ឋាភិបាលគួរពិចារណាក្នុងការបែងចែកដីធ្លី ដែលបានរឹបអូសពីក្រុមហ៊ុនថ្មីៗនេះ ចែកជូនពលរដ្ឋសង់លំនៅឋាន និងប្រកបរបរកសិកម្មនាថ្ងៃអនាគត។
បញ្ហានេះដែរ លោក នូវ ការ៉ុន នាយកឧទ្យានជាតិព្រះសីហនុរាមមានប្រសាសន៍ថា ក្រុមហ៊ុនចំនួន៥ ដែលរដ្ឋាភិបាលបានដកហូតសិទ្ធិវិនិយោគ គឺមានទីតាំងនៅក្នុងឧទ្យានជាតិរាមទាំងអស់។ លោកបន្តថា បច្ចុប្បន្ននេះ ដីធ្លីដែលដកហូតនេះ គឺបានរក្សាទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ គ្រប់គ្រងដោយឧទ្យានជាតិរាម៖ «មានក្រុមហ៊ុនខ្លះ គាត់បានត្រឹមតែបោះព្រំ ឬក៏បង្គោល ដើម្បីកំណត់ព្រំប្រទល់ត្រឹមណាៗ ហើយក៏មានក្រុមហ៊ុនខ្លះ ក៏ពុំបានធ្វើអ្វីដែរ។ អ៊ីចឹងហើយបានជារាជរដ្ឋាភិបាលយើង បានសម្រេចថាលុបចោលអាជ្ញាប័ណ្ណក្រុមហ៊ុន និងប្រគល់ដីក្រុមហ៊ុនហ្នឹងទៅឲ្យរដ្ឋគ្រប់គ្រងវិញ»។
ទាក់ទិនបញ្ហានេះ លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ ដែលទើបចូលកាន់តំណែងថ្មីក្នុងអាណត្តិទី៥ មានប្រសាសន៍ថា ដីធ្លីដែលរដ្ឋាភិបាលបានដកសិទ្ធិពីក្រុមហ៊ុនវិនិយោគចំនួន ៥ក្រុមហ៊ុន មានទីតាំងក្នុងខេត្តព្រះសីហនុ ក្នុងពេលថ្មីៗនេះ គឺបានផ្តល់ជូនឲ្យឧទ្យានជាតិគ្រប់គ្រង និងដីតំបន់ខ្លះដែលពលរដ្ឋធ្លាប់រស់នៅ ត្រូវផ្តល់ជូនពលរដ្ឋបង្កបង្កើនផលឡើងវិញ៖ «អត់អីទេអាហ្នឹង គឺខាងក្រុមហ៊ុនគាត់អត់ធ្វើ គឺខាងរាជរដ្ឋាភិបាលបានដកហូតមកវិញ។ ហើយយកមកវិញនេះ គឺប្រជាជនគាត់មាននៅទីនោះប៉ុន្មានអ៊ីចឹង គឺចាត់ចែងជូនគាត់ប្រើប្រាស់ទទួលផលដូចពីមុនទៅ។ ហើយមួយផ្នែកណាដែលនៅសល់ គឺយើងប្រគល់ជូនខាងឧទ្យានជាតិជាអ្នកគ្រប់គ្រង»។
កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ តាមរយៈក្រសួងបរិស្ថាន រដ្ឋាភិបាលបានដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនទទួលដីសម្បទានសេដ្ឋកិច្ចចំនួន៨ មានផ្ទៃដីសរុបប្រមាណជាង ១២ពាន់ហិកតារ នៅក្នុងខេត្តចំនួន៣ គឺខេត្តព្រះសីហនុ ចំនួន ៥ក្រុមហ៊ុន ខេត្តកំពង់ស្ពឺ ១ក្រុមហ៊ុន និងខេត្តកោះកុង ចំនួន ២ក្រុមហ៊ុន។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ឲ្យដឹងថា ក្រុមហ៊ុនទាំង៨នោះ មិនគោរពតាមគោលការណ៍ក្នុងការវិនិយោគ ដែលរដ្ឋាភិបាលផ្ដល់ជូនទេ ទើបក្រសួងដកហូតដីទាំងនោះដាក់ជាឧទ្យានជាតិ ឬជាសម្បត្តិរដ្ឋវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
