តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ថ្កោល​ទោស​ការ​ប្រើ​ហិង្សា​លើ​អ្នក​ភូមិ​ឡពាង

0:00 / 0:00

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្កោលទោស និង​ចាត់​ទុក​ការ​ប្រើ​អំពើ​ហិង្សា​របស់​កម្លាំង​សមត្ថកិច្ច​ខេត្ត​កំពង់ឆ្នាំង មក​លើ​អ្នក​ភូមិ​ឡពាង ដែល​មាន​ជម្លោះ​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) គឺ​ជា​ទង្វើ​អមនុស្ស​ធម៌។ ការ​ថ្លែង​បែប​នេះ គឺ​នៅ​បន្ទាប់​ពី​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ចំនួន ៥​រូប ចូល​សួរសុខទុក្ខ​អ្នក​ភូមិ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ ៥​នាក់ នៅ​ថ្ងៃ​ទី​២១ ខែ​សីហា។

មន្ត្រី​គណបក្ស​ប្រឆាំង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ការ​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ​ទៅ​បង្ក្រាប​ប្រជាពលរដ្ឋ​ដែល​មាន​តែ​ដៃ​ទទេ​ក្នុង​សកម្មភាព​តវ៉ា​រឿង​ដីធ្លី​របស់​ខ្លួន។ ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​ទាំង ៥​នាក់ គឺ​មាន​៣​នាក់​មាន​អាការ​ស្ពឹក​ក្បាល និង​ជើង បន្ទាប់​ពី​មានការ​បង្ក្រាប​ដោយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៤។

តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ឆ្នាំង នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក គី វណ្ណដារ៉ា មាន​ប្រសាសន៍​ថា សមត្ថកិច្ច​បាន​ប្រើ​ដំបង​វាយ​សំពង​ទៅ​លើ​ពលរដ្ឋ​ចំ​កន្លែង​សំខាន់ៗ​ជា​ច្រើន​កន្លែង ដែល​អាច​បណ្ដាលឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត។ លោក​បញ្ជាក់​ថា ​ក្រុមរបស់​លោក​កំពុង​សិក្សា និង​ទាក់ទង​ទៅ​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់​ក្នុង​រឿង​ដីធ្លី​នៅ​ឡ​ពាង​ ដើម្បី​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ក្នុង​ពេល​ឆាប់ៗ៖ «បាន​ជួប​៤​នាក់​ដែល​នៅ​ក្នុង​នោះ​មាន​ពីរ​នាក់​នៅ​តែ​ឈឺ​ក្បាល ប៉ុន្តែ​ម្នាក់​ឈឺ​ហើយ​ប្រអប់​ដៃ​គាត់​ដែល​រយះ​ហ្នឹង​ស្នាម​របួស​គាត់​នៅ​តែ​ដេរ​នៅ​ឡើយ​ហើយ​នៅ​ឈឺ ហើយ​ម្នាក់​ទៀត​គាត់​ឈឺ​ក្បាល​ដែរ ប៉ុន្តែ​ភ្នែក​គាត់​ខាង​ស្ដាំ​ហ្នឹង​រៀង​ងងឹត ហេតុ​អ្វី​បាន​ឈឺ​ក្បាល​ដោយសារ​គេ​វាយ​គាត់​ត្រូវ​ក្បាល ហើយ​ម្នាក់​ទៀត​ដែល​យើង​មិន​បាន​ជួប​នៅ​ពន្ធនាគារ​ទេ គឺ​យើង​ជួប​នៅ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់​ឆ្នាំង​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​គេ​វាយ​គាត់​ត្រូវ​ក្បាល​ដែរ​ធ្វើ​ឲ្យ​មួយ​កំណាត់​ខ្លួន​ចុះ​ទៅ​ខាងក្រោម ជើង​គាត់​ទាំង​ពីរ​ហ្នឹង​មិន​អាច​កម្រើក​បាន»។

ទាក់ទង​បញ្ហា​នេះ​ស្នងការ​នគរ​បាល​ខេត្ត​កំពង់ឆ្នាំង លោក ប្រាក់ វុឌ្ឍី បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ឡើយ ដោយ​លោក​ប្រាប់​ថា​កំពុង​ជាប់​ប្រជុំ។ ប៉ុន្តែ​កន្លង​ទៅ​ខាង​សមត្ថកិច្ច​ធ្លាប់​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ហេតុការណ៍​ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១២ ខែ​សីហា គឺ​មិន​មែន​ជា​ការ​បង្ក្រាប​ឡើយ ប៉ុន្តែ​ជា​ការ​អនុវត្ត​ដីកា​របស់​តុលាការ និង​មិន​ចង់​ឲ្យ​ពលរដ្ឋ​ដាក់​ម៉េក្រូ​ដើរ​ស្រែក​តវ៉ា​តាម​ផ្លូវ​ជាតិ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់​ធ្នាប់​សាធារណៈ ហើយ​បើ​ចង់​តវ៉ា​ត្រូវ​សុំ​ច្បាប់​ជា​មុន​ឲ្យ​បាន​ត្រឹម​ត្រូវ។

ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម ៥​នាក់ គឺ​លោក ស្ងួន ញឿន ថ្លែង​ក្នុង​សំឡេង​ខ្សេវៗ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង ថា មុន​នឹង​បញ្ជូន​មក​ដល់​ពន្ធនាគារ​រូប​លោក​ត្រូវ​បាន​សមត្ថកិច្ចចម្រុះ​​វាយ​នឹង​ដំបង និង​យក​ជើង​ជាន់​យ៉ាង​ដំណំ។ ចំណែក​ម៉ាស៊ីន​ថត​រូប​ចំនួន​ពីរ​គ្រឿង​ដែល​មាន​សកម្មភាព​សមត្ថកិច្ច​ធ្វើ​បាប​ពលរដ្ឋ និង​រូប​ថត​ភស្តុតាង​មួយ​ចំនួន​ទៀត​ទាក់ទង​នឹង​រឿង​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន​ ខេ.ឌី.ស៊ី ត្រូវ​បានសមត្ថកិច្ច​ចាប់​បោក​ចោល ហើយ​ក៏​បាត់​អស់​នៅ​អំឡុង​ពេល​នៃ​ការ​ប្រតាយប្រតប់​ចាប់​ខ្លួន​លោក​នោះ៖ «ជើង​ហ្នឹង​អត់​ដឹង​ដែរ​ព្រោះ​តែ​ជើង​ហ្នឹង​ស្ពឹក ក្បាល​ក៏​វា​ស្ពឹក​ជា​មួយ​តែ​គ្នា​អីចឹង។ គេ​វាយ​ក្បាល​មួយ​ដំបង ហើយ​វា​ធាក់ ហើយ​វា​ជាន់​យក​ស្បែក​វា​ជាន់​ក្បាល​ខ្ញុំ​ញី​ទៅ​នឹង​ដី​ទៀត។ ខ្ញុំ​សូម​អំពាវនាវ​ទៅ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល និង​អង្គការ​ផ្សេងៗ ពិសេស​គឺ​ម្ចាស់​ជំនួយ​ដែល​ផ្ដល់​ជំនួយ​មក​ដល់​កម្ពុជា​សព្វថ្ងៃ​នេះ​មេត្តា​ជួយ​ពិនិត្យ​មើល​ក្រុមហ៊ុន​នីមួយ​ដែល​មក​អនុវត្ត​មក​វិនិយោគ​ទុន​នៅ​ក្នុង​ប្រទេស​កម្ពុជា​កុំ​ឲ្យ​ធ្វើ​អភិវឌ្ឍន៍ ដើម្បី​យក​ទឹក​ភ្នែក​រាស្រ្ត​មក​អភិវឌ្ឍន៍​ខ្ញុំ​អត់​ត្រូវ​ការ​ទេ»។

អនុ​ប្រធាន​កម្មវិធី​ដីធ្លី និង​ធនធាន​ធម្មជាតិ នៃ​សមាគម​អាដហុក (Adhoc) លោក ចាន់ សុវ៉េត ទទូច​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ភូមិ​ទាំង ៥​នាក់ ដែល​កំពុង​ជាប់​ពន្ធនាគារ​ទាំង​ឈឺ​ខ្លួន និង​ឈឺ​ទាំង​ចិត្ត​ក្នុង​រឿង​ដីធ្លី​របស់​ពួកគាត់​ទៀត​នោះ។ លោក​បន្ត​ថា ការ​ដើរ​ជា​ក្បួន​របស់​អ្នក​ភូមិ​ដោយ​ថ្មើរ​ជើង​មក​តវ៉ា​រឿង​ដីធ្លី​នៅ​ភ្នំពេញ មិន​មែន​ជា​រឿង​ខុស​ឆ្គង​ឡើយ ប៉ុន្តែ​អាជ្ញាធរ​ក្នុង​ខេត្ត​នេះ​ទេ​ដែល​អសមត្ថភាព និង​ធ្វើ​ឲ្យ​ពួកគាត់​លែង​ទុក​ចិត្ត​ក្នុង​ការ​ដោះស្រាយ​រឿង​ដីធ្លី​នេះ ទើប​ពួកគាត់​ប្រើ​ជម្រើស​តវ៉ា​ចុង​ក្រោយ​បែប​នេះ៖ «វា​ជា​ការ​គួរ​ឲ្យ​ភ័យ​ខ្លាច​ណាស់​នៅ​ពេល​ដែល​យើង​បាន​ឃើញ​ទិដ្ឋភាព​ដែល​អាជ្ញាធរ​ប្រើប្រាស់​កម្លាំង​របស់​គាត់​ទៅ​វាយ​កម្ទេច ចាក់​ចោល​របស់​របរ​អ្នក​ភូមិ នៅ​ពេល​ដែល​គាត់​ធ្វើ​ដំណើរ​មក​តាម​ផ្លូវ ហើយ​ទាំងអស់​នេះ​មិនមែន​ធ្វើ​ឡើង​ដោយ​សមរម្យ​ទេ ធ្វើ​ដោយ​ភាព​ច្រងេងច្រងាង​ធ្វើ​ឡើង​ដោយ​គេ​ហៅថា​ខឹង​សម្បារ​ក្រេវក្រោធ​ជាមួយ​នឹង​ក្រុម​អ្នក​ភូមិ​ឡពាង​តាំង​ពី​ដើម​មក​អ៊ីចឹង។ គប្បី​ត្រូវ​តែ​មាន​ការ​ប្រើ​យុទ្ធសាស្ត្រ​ខ្លះ ព្រោះ​អាជ្ញាធរ​មាន​សមត្ថកិច្ច​សុទ្ធ​តែ​ក្រុម​មន្ត្រី​ជំនាញ​ទាំងអស់​អីចឹង​គប្បី​ប្រើប្រាស់​ជំនាញ​ផ្ទាល់​ខ្លួន​ធ្វើ​កិច្ច​ការងារ​ឲ្យ​វា​ត្រឹមត្រូវ​ទៅ»។

ជម្លោះ​ដីធ្លី​រវាង​អ្នក​ភូមិ​នៃ​ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់​ឆ្នាំង និង​ក្រុមហ៊ុន ខេ.ឌី.ស៊ី បាន​កក្រើក​ឡើង​វិញ​តាំង​ដើម​ខែ​មិថុនា ឆ្នាំ​២០១៤ គឺ​នៅ​បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ដាក់​គ្រឿង​ចក្រ និង​កម្លាំង​កម្មករ​រាប់​រយ​នាក់ ដើម្បី​ធ្វើ​របង​ព័ទ្ធ​លើ​ដី​ដែល​អ្នក​ភូមិ​អះអាង​ថា កំពុង​មាន​ជម្លោះ​ជាមួយ​ពួកគាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។