ប្រធាន​ភូមិ​ម្នាក់​នៅ​រតនគិរី​រង​ការ​គំរាម​សម្លាប់​ដោយសារ​បញ្ហា​ជម្លោះ​ដី

មេ​បញ្ជា​ការ​រង​វរ​យោធា​ការពារ​ព្រំដែន​ខេត្ត​រតនគិរី មួយ​រូប​រង​ការ​ចោទ​ថា បាន​គំរាម​បាញ់​សម្លាប់​ប្រធាន​ភូមិ​ជាច្រើន​លើក ដោយសារ​តែ​ប្រធាន​ភូមិ​នោះ​មិន​ព្រម​វាស់វែង​ដី​ដែល​មន្ត្រី​យោធា​ហ៊ុមព័ទ្ធ​ដី​ព្រៃ ទៅ​ឲ្យ​មន្ត្រី​យោធា​នោះ។ បច្ចុប្បន្ន ប្រធាន​ភូមិ​កំពុង​ស្វែង​រក​ទី​សុវត្ថិភាព និង​អំពាវនាវ​ឲ្យ​ក្រុម​សមត្ថកិច្ច និង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ជួយ​បញ្ឈប់​សកម្មភាព​ប៉ុនប៉ង​បាញ់​សម្លាប់​នេះ។

0:00 / 0:00

មន្ត្រី​ប៉ូលិស​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី អះអាង​នៅ​ថ្ងៃ​អង្គារ ទី១៨ ខែ​មិថុនា ឆ្នាំ​២០១៣ ថា​បាន​ផ្តល់​កន្លែង​ការពារ​សុវត្ថិភាព​ចំពោះ​មន្ត្រី​មូលដ្ឋាន​ភូមិ​មួយ​រូប ដែល​រង​ការ​គំរាម​បាញ់​សម្លាប់​ពី​មន្ត្រី​យោធា គឺ​លោក ឯម សំអន ជា​មេ​បញ្ជា​ការ​រង​វរ​យោធា​ការពារ​ព្រំដែន​លេខ​១០២ នៃ​យោធា​ខេត្ត​រតនគិរី។

អធិការ​ប៉ូលិស​ស្រុក​អូរយ៉ាដាវ លោក ម៉ា វិចិត្រ មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​បាន​សុំ​កិច្ច​អន្តរាគមន៍​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​អាជ្ញាធរ​ខេត្ត​ជួយ​បញ្ឈប់​សកម្មភាព​មន្ត្រី​យោធា ដែល​បាន​ធ្វើ​ការ​គំរាម​កំហែង​សម្លាប់​មេ​ភូមិ​ជាច្រើន​លើក។ លោក​បន្ត​ថា សកម្មភាព​គំរាម​បាញ់​សម្លាប់​នេះ កើត​ឡើង​ដោយសារ​តែ​រឿង​ដី​ព្រៃ​ទំហំ​ប្រមាណ ១​ហិកតារ ដែល​មន្ត្រី​យោធា​នោះ​ខឹង​ថា​ប្រធាន​ភូមិ​មិន​ព្រម​វាស់វែង​ឲ្យ​ខ្លួន ដើម្បី​ដាក់​ឲ្យ​ក្រុម​និស្សិត​វាស់វែង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ៖ «ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គាត់​មាន​ការ​ភ័យ​ខ្លាច ធ្វើ​អ្វី​មួយ​ឲ្យ​វា​មាន​ពាក់ព័ន្ធ​ផ្លូវ​ច្បាប់។ វា​អត់​ត្រឹមត្រូវ ព្រោះ​ខ្ញុំ​ជា​មេ​រក្សា​សន្តិសុខ​នៅ​ក្នុង​ស្រុក ខ្ញុំ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ខ្ញុំ​ភិតភ័យ​ពី​ស្ថាប័ន​ណា​ដែរ»

មេ​បញ្ជា​ការ​រង​វរ​យោធា​១០២ លោក ឯម សំអន មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​មិន​មាន​ចេតនា​បាញ់​សម្លាប់​ប្រធាន​ភូមិ​នោះ​ទេ ប៉ុន្តែ​ដោយសារ​កំហឹង លោក​ប្រើ​ពាក្យ​គំរាម​តែ​ប៉ុណ្ណោះ ដើម្បី​ដាក់​គំនាប​ឲ្យ​ប្រធាន​ភូមិ​ដោះស្រាយ​ដី​របស់​លោក​ដែល​ប្រធាន​ភូមិ​បាន​កាប់​ឆ្ការ​ព្រៃ​យក ហើយ​ដាក់​ឲ្យ​ក្រុម​និស្សិត​វាស់វែង​យក​ជា​របស់​ផ្ទាល់​ខ្លួន​វិញ។

លោក​បន្ត​ថា ដី​តំបន់​នោះ​លោក​បាន​បោះ​បង្គោល​ទុក​ជា​ដី​សម្រាប់​គ្រួសារ​លោក​ជា​យោធា នៅ​ជាប់​នឹង​ព្រំដែន​តាំង​ពី​ឆ្នាំ​២០០៨ ប៉ុន្តែ​ប្រធាន​ភូមិ និង​អ្នក​ភូមិ​បាន​កាប់​ឆ្ការ​យក​អស់ ហើយ​ដាក់​ឲ្យ​ក្រុម​និស្សិត​វាស់វែង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​កាត់​ចេញ​ពី​ដី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច៖ «គាត់​ហ្នឹង​ខូច​ទៅ​រំលោភ​របស់​គេ​របស់​ឯង អាង​តែ​គាត់​ប្រធាន​ភូមិ អាជ្ញាធរ​ដែនដី​នៅ​ហ្នឹង ដី​គាត់​ពីរ​បី​កន្លែង ហើយ​គ្នា​នេះ​អត់​មាន​ដី​មួយ​ចំអាម​សោះ។ គ្មាន​ប៉ុនប៉ង​ស្អី​ទេ តែ​យើង​ស្រវឹង យើង​និយាយ​ខ្លាំង​បន្តិច​ទៅ​ណា!»

ប្រធាន​ភូមិ​ឡំ លោក សេវ លីន មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​មិន​បាន​កាប់​ឆ្ការ​យក​ដី​នោះ​ទេ គឺ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ជា​អ្នក​កាប់​ឆ្ការ​ព្រៃ​យក​ដី​នោះ ប៉ុន្តែ​មន្ត្រី​យោធា​មក​គំរាម​បាញ់​សម្លាប់​លោក​ចំនួន​បី​លើក ឲ្យ​លោក​វាស់វែង​កាត់​ដី​នោះ​ប្រគល់​ទៅ​ឲ្យ​មន្ត្រី​យោធា​វិញ។ លោក​បន្ត​ថា មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​បាន​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​មក​ដោះស្រាយ​នៅ​សាលា​ឃុំ ប៉ុន្តែ​មន្ត្រី​យោធា​នៅ​តែ​មិន​ព្រម​បញ្ឈប់​សកម្មភាព​គំរាម​សម្លាប់​នេះ​ទេ៖ «ខ្ញុំ​រត់​ទៅ​ខ្ញុំ​ខ្លាច​នៅ​ផ្ទះ​ម្នាក់​ឯង ហើយ​គេ​ថា​ស្អែក​ធ្វើ​ម៉េច​ខ្ញុំ​ទៅ​ជួប​ឯង​នៅ​ភូមិ​ឡំ ខ្ញុំ​មិន​យក​ដី​ទេ ផ្តាច់​ជីវិត​បាញ់​ចោល​តែ​ម្តង»

មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឆាយ ធី មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​បាន​ចុះ​អង្កេត​ករណី​នេះ​ផ្ទាល់ និង​រក​ឃើញ​ថា មន្ត្រី​យោធា​ពិត​ជា​គំរាម​តាម​ទូរស័ព្ទ និង​បាន​ទៅ​ដល់​លំនៅឋាន​ប្រធាន​ភូមិ តាម​លក្ខខណ្ឌ​ដែល​បាន​គំរាម។ លោក​ចាត់​ទុក​ថា នេះ​ជា​ចេតនា​ប៉ុនប៉ង​មនុស្ស​ឃាត មន្ត្រី​យោធា​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់៖ «មេ​ភូមិ​គាត់​ភ័យ​ស្លន់ស្លោ​នៅ​ពេល​ទទួល​ការ​គំរាម​តាម​ទូរស័ព្ទ​ភ្លាមៗ ហើយ​ដាក់​លក្ខខណ្ឌ​ជាមួយ​គាត់​ទៀត ថា​បើ​មិន​បាន​វាស់​ដី​ប្រគល់​ឲ្យ​គាត់​ទេ គេ​នឹង​មក​បាញ់​សម្លាប់​ដល់​ផ្ទះ»

យ៉ាង​នេះ​ក្តី មន្ត្រី​យោធា លោក ឯម សំអន មាន​ប្រសាសន៍​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី១៩ ខែ​មិថុនា មេ​បញ្ជា​ការ​យោធា​ខេត្ត​បាន​កោះ​ហៅ​លោក​ឲ្យ​ចូល​ខ្លួន​ទៅ​បញ្ជា​ការដ្ឋាន ដើម្បី​បំភ្លឺ​ករណី​នេះ។ ចំណែក​លោក សេវ លីន សម្ដែង​ការ​ភ័យ​ខ្លាច​ពី​សុវត្ថិភាព និង​កំពុង​បន្ត​លាក់​ខ្លួន​នៅ​ទី​មាន​សុវត្ថិភាព​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។