ដី​ព្រៃ​សហគមន៍​រាប់​រយ​ហិកតារ​នៅ​បាត់ដំបង​ត្រូវ​គេ​ឃុបឃិត​កាប់​បំផ្លាញ

0:00 / 0:00

ដី​ព្រៃ​សហគមន៍​នៅ​ខេត្ត​បាត់ដំបង ត្រូវ​គេ​ឃុបឃិត​គ្នា​កាប់​បំផ្លាញ​អស់​ជាច្រើន​រយ​ហិកតារ ដើម្បី​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់។ ប្រភព​បាន​អះអាង​ថា ការ​កាប់​រុករាន​ដី​ព្រៃ​សហគមន៍​នោះ គឺ​មាន​ក្រុម​មនុស្ស​ជា​អ្នក​មាន​អំណាច និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​ជា​អ្នក​ឈរ​នៅ​ពី​ក្រោយ​ខ្នង ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ចេញ​មុខ​កាន់​កាប់​ដី​នោះ ដើម្បី​ឈរ​ឈ្មោះ​ឲ្យ​ក្រុម​និស្សិត​វាស់វែង​ធ្វើ​ប្លង់​កម្មសិទ្ធិ បន្ទាប់​មក​លក់​បន្ត​ទៅ​ឲ្យ​អ្នក​មាន​លុយ​កាក់​ជា​អ្នក​រស់នៅ​សហរដ្ឋ​អាមេរិក។

ដី​ព្រៃ​សហគមន៍​ទំហំ​ជាង ១.៣០០​ហិកតារ នៅ​ឃុំ​ព្រៃត្រឡាច ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង ត្រូវ​បាន​គេ​កាប់​រុករាន និង​ដាក់​គ្រឿងចក្រ​ឈូស​បំផ្លាញ​ព្រៃ​នៅ​តំបន់​នោះ។ សកម្មភាព​នេះ​បាន​កើត​មាន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ដោយ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ខេត្ត​បាត់ដំបង ដែល​គេ​សង្ស័យ​ថា​ជា​អ្នក​ការពារ​ជន​ល្មើស​ពី​ក្រោយ​ខ្នង។

ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា រដ្ឋាភិបាល​បាន​ចេញ​ប្រកាស​រក្សា​ដី​ព្រៃ​សហគមន៍​ព្រៃ​ត្រឡាច ទំហំ ១.៣៣៧​ហិកតារ ប៉ុន្តែ​ដី​ព្រៃ​សហគមន៍​នោះ​ត្រូវ​គេ​ឃុបឃិត​គ្នា​កាប់​បំផ្លាញ​អស់​ជាច្រើន​រយ​ហិកតារ ហើយ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ចុះ​ទៅ​បង្ក្រាប​ចាប់​បាន​មនុស្ស​ជាច្រើន​នាក់ ប៉ុន្តែ​ក្រោយ​មក មាន​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​ជាន់​ខ្ពស់​ខេត្ត​បាត់ដំបង ឲ្យ​ដោះលែង​អ្នក​ទាំង​នោះ​ទៅ​វិញ៖ «ប្រជាពលរដ្ឋ​យើង​បាន​ចាប់​ម្ដង​ហើយ ប៉ុន្តែ​មាន​ការ​អន្តរាគមន៍​ពី​ខាង​ខេត្ត​ទៅ​កុំ​ឲ្យ​ប៉ះពាល់ គាត់​ធ្វើ​កិច្ច​សន្យា​គាត់​ម្ដង​ហើយ កាល​នុះ ៤​នាក់ ហើយ​បាន​ធ្វើ​កិច្ច​សន្យា​ឲ្យ​គាត់​ទៅ​វិញ ព្រោះ​គាត់​ពុំ​ដឹង​ខ្លួន​ស៊ី​ឈ្នួល​គេ​ទេ»

ប្រភព​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា រូបភាព​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​នោះ គឺ​ពួក​គេ​បាន​យក​គ្រឿងចក្រ​ដាក់​នៅ​ផ្នែក​ខាង​ក្នុង​ព្រៃ​សហគមន៍ ឈូស​ព្រៃ ហើយ​រក្សា​ទុក​ព្រៃ​សហគមន៍​នៅ​ផ្នែក​សង​ខាង ដើម្បី​បន្លំ​ភ្នែក​មហាជន។ ហើយ​ករណី​នេះ សហគមន៍​ការពារ​ព្រៃ​ឈើ​នៅ​ឃុំ​ព្រៃត្រឡាច បាន​រៀបចំ​ធ្វើ​ពាក្យ​បណ្ដឹង​ដាក់​ទៅ​ស្ថាប័ន​ជំនាញ និង​ថ្នាក់​លើ​ឲ្យ​ជួយ​ដោះស្រាយ ប៉ុន្តែ​ក្រោយ​មក​បាន​ស្ងប់ស្ងាត់​ទៅ​វិញ។

អភិបាល​ស្រុក​រុក្ខគិរី លោក ពេជ្រ ម៉ាឡៃ បដិសេធ​ថា​លោក​ពុំ​ទាន់​ទទួល​បាន​របាយការណ៍​ជុំវិញ​ការ​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​នោះ​មាន​ទំហំ​ប៉ុនណា​នោះ​ទេ៖ «ខ្ញុំ​អត់​ទាន់​ទទួល​បាន​លទ្ធផល​ច្បាស់​លាស់​ថា​ប៉ុនណា​អី​ប៉ុនណា​ទេ សហគមន៍​ជាមួយ​រដ្ឋបាល​ព្រៃ​ឈើ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ឃុំ គាត់​បាន​ចុះ​ធ្វើ​ការងារ​ហ្នឹង»

ទោះ​ជា​មាន​ការ​អះអាង​ដូច្នេះ​ក្ដី ប៉ុន្តែ​ប្រភព​បាន​លើក​ឡើង​ថា សហគមន៍​ព្រៃត្រឡាច និង​អាជ្ញាធរ​មូលដ្ឋាន មាន​ការ​ភ័យ​ខ្លាច​អំណាច​របស់​មន្ត្រី​ជាន់​ខ្ពស់ និង​ប្រភព​ខ្លះ​និយាយ​ត​គ្នា​ថា សហគមន៍​ការពារ​ព្រៃ​ឈើ​នោះ និង​អាជ្ញាធរ​មូលដ្ឋាន ក៏​ជា​អ្នក​ផ្សំ​គំនិត​ដូច​គ្នា ទើប​ក្រុម​ជន​ខិលខូច​អាច​ចូល​ទៅ​កាប់​ព្រៃ​សហគមន៍​នោះ​បាន។

កាល​ពី​មុន​រដូវ​ចូល​ឆ្នាំ​ខ្មែរ មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ដី​ព្រៃ​សហគមន៍​ព្រៃត្រឡាច ប៉ុន្តែ​ពុំ​ទទួល​បាន​លទ្ធផល​ជោគជ័យ​នោះ​ទេ។

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​បាត់ដំបង លោក លី ជូបៀង បញ្ជាក់​ថា កន្លង​ទៅ​នេះ ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​បង្ក្រាប​ការ​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​ព្រៃត្រឡាច ប៉ុន្តែ​ពួក​គេ​ជួប​ឧបសគ្គ​ច្រើន៖ «ពីព្រោះ​រឿង​នេះ​វា​ស្មុគស្មាញ​ច្រើន​ហើយ ដេញ និង​ចាប់​ហើយ នៅ​តែ​អត់​រៀង ឧបសគ្គ​ហ្នឹង។ មនុស្ស​ដូច​ជា​មិន​យល់ ប្រហែល​ជា​គាត់​យល់​ថា​តាំង​ទី​លំនៅ​ទៅ ប្រហែល​ជា​បាន​កម្មសិទ្ធិ​បាន​ជា​គាត់​ធ្វើ​អ៊ីចឹង»

ប្រភព​បាន​ឲ្យ​ដឹង​ថា ក្រុម​មនុស្ស​ជា​អ្នក​ឈរ​នៅ​ពី​ក្រោយ​ប្រជាពលរដ្ឋ ដែល​កំពុង​រំលោភ​បំពាន​លើ​ដី​ព្រៃ​សហគមន៍​នោះ និង​កំពុង​បញ្ចុះបញ្ចូល​ក្រុម​និស្សិត​ស្ម័គ្រចិត្ត ដើម្បី​ឲ្យ​ពួក​គេ​ចុះ​វាស់វែង​ដី​នោះ​ចេញ​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់។ ហើយ​ចំណុច​នេះ ក្រុម​និស្សិត​កំពុង​មាន​ការ​ខ្វែង​គំនិត​គ្នា​ថែម​ទៀត។

លោក លី ជូបៀង បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ចេញ​ប្រកាស​កំណត់​ដី​ព្រៃ​សហគមន៍​ព្រៃត្រឡាច មាន​ទំហំ ១.៣៣៧​ហិកតារ ដោយ​មាន​កំណត់​ព្រំប្រទល់​ច្បាស់​លាស់ ដើម្បី​រក្សា​ព្រៃ​ឈើ​នៅ​តំបន់​នោះ។ កន្លង​មក វិធាន​ការ​បង្ក្រាប​ពុំ​មាន​ប្រសិទ្ធភាព ដូច្នេះ​ហើយ​គេ​បាន​បង្កើត​គណៈកម្មការ​ចម្រុះ​ថ្មី​មួយ​ទៀត ដើម្បី​ចុះ​បង្ក្រាប​ការ​កាប់​ទន្ទ្រាន​រុករាន​ដី​ព្រៃ​សហគមន៍​នោះ​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។