តំណាងសហគមន៍ព្រៃឈើភូមិឡែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ នៅថ្ងៃអង្គារ ទី១១ ខែមិថុនា កំពុងត្រៀមរៀបចំឯកសារប្ដឹងទាស់សេចក្ដីសម្រេចរបស់មន្ត្រីអយ្យការទៅអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ សុំឲ្យចាត់ការចោទប្រកាន់ក្រុមហ៊ុន ជា ច័ន្ទរិទ្ធ អភិវឌ្ឍន៍ ពីបទឈូសឆាយរំលោភទៅលើព្រៃឈើតំបន់ការពារសហគមន៍។
កាលពីថ្ងៃទី២០ ខែឧសភា កន្លងទៅ ប្រធានសហគមន៍ការពារព្រៃឈើភូមិឡែ បានទទួលដីកាសម្រេចមិនចាត់ការពាក្យប្ដឹងរបស់សហគមន៍។ ដីកាសម្រេចនេះធ្វើឡើងដោយព្រះរាជអាជ្ញារងអមតុលាការខេត្តរតនគិរី គឺលោក រស់ សារាំ។
ប្រធានសហគមន៍ លោក សល់ ណក់ មានប្រសាសន៍បញ្ជាក់ថា ព្រៃឈើដែលក្រុមហ៊ុនឈូសឆាយគឺជាព្រៃដែលមន្ត្រីព្រៃឈើ អាជ្ញាធរមូលដ្ឋានកំណត់ក្នុងផែនទីប្រគល់មកសហគមន៍អភិរក្ស ជាព្រៃ
ឈើតំបន់ការពារ។
លោកបន្តថា ប្រជាពលរដ្ឋមិនអាចទទួលយកបានការសម្រេចនេះទេ ពីព្រោះអ្នកភូមិទាមទារឲ្យមានអ្នកទទួលខុសត្រូវលើសកម្មភាពឈូសឆាយព្រៃហាមឃាត់នេះ៖ «រឿងប៉ុណ្ណឹងតុលាការរកយុត្តិធម៌ឲ្យប្រជាពលរដ្ឋមិនបាន។ សហគមន៍ប្ដឹងហ្នឹងក្រុមហ៊ុនឈូសឆាយដីវាធំអស់ ៣០ហិកតារ។ ដីហ្នឹងដីតំបន់ការពារសហគមន៍មានផែនទីពីអាជ្ញាធរមូលដ្ឋានស្រុក ខណ្ឌរដ្ឋបាលព្រៃឈើទទួលស្គាល់ទាំងអស់»។
កាលពីខែវិច្ឆិកា ឆ្នាំ២០១២ ក្រុមហ៊ុន ជា ច័ន្ទរិទ្ធ អភិវឌ្ឍន៍បានប្រើប្រាស់គ្រឿងចក្រ ៤គ្រឿងឈូសឆាយព្រៃសហគមន៍ការពារនៅចំណុចអូរចង្វារ ភ្នំទ្រូ អស់ប្រមាណ ៣០ហិកតារ ដោយមិនបានជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន និងសហគមន៍បានដឹងឡើយ។
មេឃុំលំជ័រ លោក សេវ ថ្វាន មានប្រសាសន៍បញ្ជាក់ថា អ្នកភូមិជាង ១០០គ្រួសារ រួមទាំងមន្ត្រីក្រុមប្រឹក្សាឃុំ បានដាក់ពាក្យប្ដឹងករណីនេះទៅស្ថាប័នពាក់ព័ន្ធនៃអាជ្ញាធរខេត្ត និងស្ថាប័នអយ្យការ។ លោកបន្តថា មន្ត្រីជំនាញ និងអាជ្ញាធរស្រុកបានសម្របសម្រួលឲ្យក្រុមហ៊ុនប្រគល់ដីជូនសហគមន៍វិញ ប៉ុន្តែសហគមន៍ទាមទារឲ្យក្រុមហ៊ុនដាំដើមឈើសងវិញ និងសងសំណងសែនព្រេនប្រពៃណីមកអ្នកភូមិ ប៉ុន្តែមិនឃើញមានដំណោះស្រាយ ទើបសហគមន៍ដាក់ពាក្យប្ដឹងតាមផ្លូវតុលាការ៖ «ពីមុនគេទៅសម្រួលយើងដែរ រដ្ឋបាលព្រៃឈើ គេថា ប្រគល់ឲ្យសហគមន៍ហើយ។ សហគមន៍យើងទាមទារ ១ម៉ឺនដុល្លារ»។
ព្រះរាជអាជ្ញារងអមតុលាការខេត្តរតនគិរី លោក រស់ សារាំ មានប្រសាសន៍បញ្ជាក់ថា លោករកមិនឃើញថា ក្រុមហ៊ុនមានចេតនាឈូសឆាយទៅលើព្រៃសហគមន៍នោះទេ។ ចំណែកព្រៃដែលក្រុមហ៊ុនឈូសឆាយ គឺឋិតក្នុងផែនទីដីសម្បទាន ហើយមន្ត្រីព្រៃឈើអនុញ្ញាតឲ្យក្រុមហ៊ុនឈូសឆាយព្រៃតំបន់នោះទៀតផង។
លោកបន្តថា មិនមានភស្តុតាងចោទប្រកាន់ក្រុមហ៊ុនក្នុងបទព្រហ្មទណ្ឌបានទេ ប៉ុន្តែសហគមន៍អាចប្ដឹងទារសំណងរដ្ឋប្បវេណីបាន៖ «នីតិវិធីនៃការចោទប្រកាន់ខាងព្រហ្មទណ្ឌអត់អាចធ្វើទៅបានទេ ពីព្រោះគាត់មានផែនទី គាត់បានទទួលសិទ្ធិហ្នឹងដែរ អ៊ីចឹងគាត់ទៅឈូសឆាយដីរបស់គាត់ បើសិនមានរឿងអ៊ីចឹងគាត់ក៏ឈប់ទៅ។ បើសិនជាប្រព្រឹត្តបទល្មើសគឺអត់មានទេ»។
វិទ្យុអាស៊ីសេរី នៅថ្ងៃទី១១ ខែមិថុនា មិនអាចទាក់ទងសុំអធិប្បាយពីមន្ត្រីព្រៃឈើខេត្តរតនគិរី បានទេ។ ក៏ប៉ុន្តែកន្លងទៅនេះ នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត លោក ផាន់ ភិន ធ្លាប់បានទទួលស្គាល់ថា តំបន់ដីសម្បទានត្រួតស៊ីគ្នាជាមួយដីសហគមន៍ទើបមានការឈូសឆាយព្រៃសហគមន៍ភ័ន្តច្រឡំ។
យ៉ាងនេះក្ដី អ្នកឃ្លាំមើលបញ្ហាព្រៃឈើនៃសមាគមអាហុក (ADHOC) ខេត្តរតនគិរី លោក ឆាយ ធី បានកត់សំគាល់ថា ក្រុមហ៊ុនបានរំលោភច្រើនចំណុចទៅលើសេចក្ដីណែនាំរបស់ក្រសួងកសិកម្ម ទាក់ទិនទៅនឹងសកម្មភាពឈូសឆាយដីសម្បទានក្រុមហ៊ុន ជា ច័ន្ទរិទ្ធ នៅតំបន់នេះ។
លោកបន្តថា មន្ត្រីជំនាញនិងក្រុមហ៊ុនត្រូវទទួលខុសត្រូវលើសកម្មភាពបំផ្លាញព្រៃឈើការពារនេះ៖ «លក្ខខណ្ឌនៃសម្បទានរដ្ឋាភិបាលបានដាក់កម្រិតច្បាស់ណាស់មិនអាចផ្ដល់ព្រៃស្រោងទៅឲ្យក្រុមហ៊ុនសម្បទានបានទេ។ អ្វីដែលក្រុមហ៊ុនឈូសហ្នឹង គាត់ដឹងថាព្រៃណាព្រៃស្រោងព្រៃណាព្រៃរេចរឹល។ អ៊ីចឹងនេះជាចំណុចដែលក្រុមហ៊ុនត្រូវទទួលខុសត្រូវ ហើយតុលាការត្រូវចាត់វិធានការតាមច្បាប់ រកយុត្តិធម៌ជូនសហគមន៍»។
អគ្គលេខាធិការក្រសួងកសិកម្ម កាលពីខែតុលា ឆ្នាំ២០១២ បានឯកភាពជាគោលការណ៍ឲ្យក្រុមហ៊ុនជា ច័ន្ទរិទ្ធ អភិវឌ្ឍន៍ ឈូសឆាយដី ៦៥៩ហិកតារ នៅអនុតំបន់បីក្នុងស្រុកបរកែវ និងអូរយ៉ាដាវ ប៉ុន្តែក្រុមហ៊ុនត្រូវគោរពលក្ខខណ្ឌមិនត្រូវឈូសឆាយលើដីកាន់កាប់របស់ប្រជាពលរដ្ឋ និងតំបន់ត្រូវរក្សាទុកក្នុងករណីមានប៉ះពាល់ដីប្រជាពលរដ្ឋជាយថាហេតុ។ ក្រុមហ៊ុនត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ ដោយត្រូវសហការរង់ចាំដំណោះស្រាយរបស់គណៈកម្មការ ឬក្រុមការងារខេត្តអនុវត្តគោលនយោបាយចាស់សកម្មភាពថ្មីរបស់រាជរដ្ឋាភិបាល។ រាល់កិច្ចដំណើរការអនុវត្តន៍ក្រុមហ៊ុនត្រូវសហការល្អជាមួយជំនាញមូលដ្ឋាន និងអាជ្ញាធរដែនដីជាដើម៕
