តុលាការ​សម្រេច​ឃុំ​ខ្លួន​ឪពុក​និង​កូនស្រី​ក្នុង​សំណុំ​រឿង​ជម្លោះ​ដីធ្លី​នៅ​បឹងកក់១

0:00 / 0:00

ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​ពលរដ្ឋ​ពីរ​នាក់​ជា​ឪពុក និង​កូន នៅ​ក្នុង​សំណុំ​រឿង​ជម្លោះ​ដីធ្លី​ក្នុង​សង្កាត់​បឹង​កក់​១។

ពួក​គេ​ត្រូវ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ម៉ោង ៨​យប់ ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា បន្ទាប់​ពី​ចៅក្រម​បញ្ចប់​ការ​សាកសួរ គឺ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​ការ​ចាប់​ខ្លួន។

លោក លី ស្រ៊ាខេង និង​កូនស្រី កញ្ញា លី សៀវម៉ិញ រង​នូវ​បទ​ចោទ​មួយ​ចំនួន​ដែល​ប្ដឹង​ដោយ​ក្រុមហ៊ុន ឃុន សៀ។

ក្នុង​ចំណោម​បទ​ចោទ​ដែល​ចៅក្រម​ស៊ើបសួរ លោក លឹម លីបម៉េង ព្រះរាជ​អាជ្ញា​រង ស៊ីវ វណ្ណី បាន​ចោទ​ប្រកាន់​អ្នក​ទាំង​ពីរ​នោះ​មាន​បទ​ចោទ​ធំៗ​ចំនួន​៣ គឺ​បទ​រារាំង​ម្ចាស់​អចលនទ្រព្យ គឺ​ក្រុមហ៊ុន ឃុន សៀ មិន​អោយ​ធ្វើ​របង បទ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ និង​បទ​បរិហារ​កេរ្តិ៍។

កញ្ញា លី សៀវម៉ិញ និង​លោក លី ស្រ៊ាខេង ថ្លែង​នៅ​មុន​ពេល​ពួក​គេ​ត្រូវ​កង​កម្លាំង​សមត្ថកិច្ច​នាំ​បញ្ចូល​ក្នុង​ឡាន ដើម្បី​នាំ​ទៅ​ពន្ធនាគារ​ថា ពួក​គេ​ត្រូវ​ចាប់​ឃុំ​ខ្លួន​ដោយ​អយុត្តិធម៌៖ «...ខ្ញុំ​អត់​មាន​កំហុស ពួក​ខ្ញុំ​អត់​បាន​ខុស​ទេ​បង។ អយុត្តិធម៌​ណាស់។ (រឿង) ពួក​ខ្ញុំ​អយុត្តិធម៌​ណាស់។ ពួក​ខ្ញុំ​អត់​ទទួល​កំហុស​ទេ...»

គ្រួសារ លោក លី ស្រ៊ាខេង ដែល​មាន​សមាជិក​បួន​នាក់ បាន​ទទួល​ដីកា​របស់​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ម្នាក់​មួយ​ច្បាប់ កោះ​អោយ​ចូល​ខ្លួន​ទៅ​តាម​បណ្ដឹង​របស់​ក្រុមហ៊ុន ឃុន សៀ។ ដូច្នេះ​មក​ដល់​ពេល​នេះ ភរិយា និង​កូន​ប្រុស​ពៅ​របស់ លោក លី ស្រ៊ាខេង ទំនង​ថា​អាច​ត្រូវ​ចាប់​ខ្លួន​ដែរ។

មន្ត្រី​ផ្នែក​ច្បាប់​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក ណន អូនី មាន​ប្រសាសន៍​នៅ​ពេល​ចេញ​ពី​តុលាការ​ថា សំណុំ​រឿង​នេះ​គួរ​ទុក​ពេល​បន្តិច​ទៀត​អោយ​ភាគី​ទាំង​ពីរ​ពិភាក្សា​គ្នា​បន្ត​ទៀត៖ «គួរ​តែ​តុលាការ​ធ្វើ​ការ​ពិនិត្យ និង​ពិចារណា​ពី​សំណុំ​រឿង​ហ្នឹង​ឡើង​វិញ ហើយ​ដោះ​លែង​គាត់​មាន​សេរីភាព និង​អោយ​គាត់​ចរចា​ជាមួយ​ក្រុមហ៊ុន​ទៅ ព្រោះ​ក្រុមហ៊ុន​ក៏​ចង់​ចរចា​ដោះស្រាយ​បញ្ហា​ហ្នឹង​ដែរ»

លោក អូនី រំពឹង​ថា ភាគី​ក្រុមហ៊ុន ឃុន សៀ នឹង​ពិចារណា​ងាក​មក​ចរចា​ជាមួយ​គ្រួសារ​នេះ​ឡើង​វិញ ដើម្បី​ដោះស្រាយ​បញ្ហា។

ក្រុមហ៊ុន ឃុន សៀ បាន​ទទួល​សិទ្ធិ​ពី​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០១០ ដែល​អាច​ក្លាយ​ជា​ម្ចាស់​ដី​នៃ​តំបន់​អតីត​សាលា​សង្កាត់​បឹងកក់១ និង​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ឆ្នាំ​២០១៣។

ក្រុម​គ្រួសារ លោក លី ស្រ៊ាខេង ដែល​រស់​នៅ​ក្នុង​សង្កាត់​បឹងកក់១ ខណ្ឌ​ទួលគោក ធ្លាប់​រង​ការ​ប្រមាថ​ស្ទើរ​ផុត​ជីវិត ដូចជា​ការ​បោះ​ពស់​ចូល​ផ្ទះ និង​បង្ក​អគ្គិភ័យ ជាដើម។ ចំណែក​កូន​ស្រី គឺ​កញ្ញា លី សៀវម៉ិញ ធ្លាប់​ត្រូវ​ក្រុម​ជន​អន្ធពាល​កាប់​ជាច្រើន​កាំបិត។ គ្រួសារ​នេះ​ជា​គ្រួសារ​ចុង​ក្រោយ​ក្នុង​សង្កាត់​បឹងកក់១ ដែល​នៅ​ប្រកាន់​ជំហរ​ចង់​រស់នៅ​ទីនោះ​ជា​បន្ត​ទៀត គឺ​ក្នុង​បរិវេណ​អតីត​សាលា​សង្កាត់ ល្គឹកណា​ពួក​គេ​ពុំ​បាន​ទទួល​សំណង​ដូច​តម្លៃ​លើ​ទីផ្សារ។ ចំណែក​អ្នក​ភូមិ​ចំនួន ៦​គ្រួសារ​ផ្សេង​ទៀត បាន​ចាក​ចេញ​ពី​ទីកន្លែង​ដែល​ពួក​គេ​ធ្លាប់​រស់នៅ​តាំង​ពី​ឆ្នាំ​១៩៨២ មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។