តុលាការ​បន្ត​ឃុំ​ឪពុក​និង​កូន​បណ្ដោះ​អាសន្ន​ក្នុង​សំណុំ​រឿង​ជម្លោះ​ដី​នៅ​បឹងកក់១

ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បន្ត​សាកសួរ​ពលរដ្ឋ​ពីរ​នាក់ គឺ​ឪពុក និង​កូន ក្នុង​សំណុំ​រឿង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ឃុន សៀ។

លោក លី ស្រ៊ាខេង និង​កូនស្រី កញ្ញា លី សៀវម៉ិញ ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្រោយ​ពេល​សាកសួរ​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​ធ្នូ ថា ចៅក្រម​បន្ត​សាកសួរ​ពួក​គាត់​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ថា បាន​រារាំង​ម្ចាស់​អចលនទ្រព្យ​មិន​អោយ​ធ្វើ​របង។ កញ្ញា លី សៀវម៉ិញ បញ្ជាក់​ថា ទោះ​ជា​ត្រូវ​ចាប់​ដាក់​ឃុំ ក៏​ក្រុម​គ្រួសារ​នាង​នៅ​តែ​ប្រកាន់​ជំហរ​ទាមទារ​សំណង​តាម​តម្លៃ​ទីផ្សារ ជា​ថ្នូរ​នឹង​ចាក​ចេញ​ពី​ដី​ទំនាស់។ នាង​សំណូមពរ​អោយ​ចៅក្រម​ស៊ើប​អង្កេត រក​យុត្តិធម៌​អោយ​ពួក​នាង។

បន្ទាប់​ពី​សាកសួរ​រួច អ្នក​ទាំង​ពីរ​ក៏​ត្រូវ​នាំ​ត្រឡប់​ទៅ​ឃុំ​បណ្ដោះអាសន្ន​នៅ​មន្ទីរ​អប់រំ​កែប្រែ​ទី​១ ឬ​ព្រៃ​ស​វិញ រង់ចាំ​នីតិវិធី​តុលាការ។ ចៅក្រម​ស៊ើបសួរ និង​ព្រះរាជអាជ្ញា​រង បាន​ចោទ​ប្រកាន់​អ្នក​ទាំង​ពីរ​នូវ​បទ​ចោទ​ធំៗ​ចំនួន​៣ គឺ​បទ​រារាំង​ម្ចាស់​អចលនទ្រព្យ គឺ​ក្រុមហ៊ុន ឃុន សៀ មិន​អោយ​ធ្វើ​របង បទ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ និង​បទ​បរិហារ​កេរ្តិ៍។ ពួក​គេ​ត្រូវ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា។

ក្រុម​គ្រួសារ លោក លី ស្រ៊ាខេង ដែល​រស់នៅ​ក្នុង​សង្កាត់​បឹងកក់១ ខណ្ឌ​ទួលគោក ធ្លាប់​រង​ការ​ប្រមាថ​ស្ទើរ​ផុត​ជីវិត ដូចជា​ការ​បោះ​ពស់​វែក​ចូល​ផ្ទះ និង​បង្ក​អគ្គិភ័យ ជាដើម។ ចំណែក​កូនស្រី គឺ​កញ្ញា សៀវម៉ិញ ធ្លាប់​ត្រូវ​ក្រុម​ជន​អន្ធពាល​កាប់​ជាច្រើន​កាំបិត។ ហេតុការណ៍​ទាំង​នោះ កើត​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន ឃុន សៀ បាន​ទទួល​សិទ្ធិ​ពី​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០១០ ដែល​អាច​ក្លាយ​ជា​ម្ចាស់​ដី​នៃ​តំបន់​អតីត​សាលា​សង្កាត់​បឹងកក់១ និង​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។