ក្រមព្រហ្មទណ្ឌថ្មី ត្រង់មាត្រា ៤១០ ចែងថា ប្រសិនបើតុលាការរកឃើញថា អតីតអ្នកភូមិដីក្រហមមានទោសដូចបទចោទប្រកាន់មែននោះ ពួកគេអាចនឹងជាប់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យប្រាក់ពី ១លាន ទៅ ៤លានរៀល។
មេធាវីការពារក្ដីឲ្យអតីតអ្នកភូមិដីក្រហម គឺលោក ហម ស៊ុនរិទ្ធ មកពីអង្គការលីកាដូ (Licadho) បញ្ជាក់ថា អតីតអ្នកភូមិដីក្រហមពីរនាក់ គឺលោក ចាន់ វិចិត្រ និងលោកស្រី លី យូឡេង ជាចុងចម្លើយ ត្រូវបានរួចផុតពីបទចោទ បន្ទាប់ពីតុលាការរកមិនឃើញពិរុទ្ធភាព និងត្រូវបានលើកលែងបទចោទប្រកាន់។
លោក ហម ស៊ុនរិទ្ធ៖ «គាត់ប្រកាសឲ្យរួចផុតពីបទចោទពីបទញុះញង់ និងការបំផ្លាញទ្រព្យ។ ទាំងអស់វា ៦នាក់ តែដល់ពេលការស៊ើបសួរទៅគេបានទម្លាក់បទចោទ និងក្នុងពេលស៊ើបសួរ ៤នាក់ទៅ គឺនៅសល់ ២នាក់ ដែលគេបញ្ជូនមកជំនុំជម្រះ»។
កាលពីឆ្នាំ២០០៨ អ្នកភូមិដីក្រហមបានរារាំងគ្រឿងចក្រពីរគ្រឿងបស់ក្រុមហ៊ុន សេវិន អិនជី (7NG) ដែលចូលទៅឈូសឆាយផ្ទះពួកគាត់ក្នុងពេលដែលពួកគាត់ត្រូវរដ្ឋាភិបាលបណ្ដេញចេញពីផ្ទះទាំងបង្ខំ ដើម្បីយកដីនោះជួលឲ្យក្រុមហ៊ុន។
បន្ទាប់មកចៅសង្កាត់ទន្លេបាសាក់ លោក ខាត់ ណារិទ្ធ បានដាក់ពាក្យបណ្ដឹងប្រឆាំងអ្នកភូមិដីក្រហមពីរនាក់ ពីបទញុះញង់ និងធ្វើឲ្យខូចខាតដោយចេតនា ជុំវិញការរារាំងគ្រឿងចក្រនោះ។
ពាក្យបណ្ដឹងនេះត្រូវបានចៅសង្កាត់ទន្លេបាសាក់ ប្ដឹងទៅតុលាការកាលពីចុងខែមករា ឆ្នាំ២០០៨ ហើយសំណុំរឿងនេះត្រូវបានអូសបន្លាយពេលរហូតដល់ឆ្នាំ២០១៣ ទើបបើកសវនាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
